មណ្ឌលគីរី៖ ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូង ដែលមានឈ្មោះថា Welt Bio Co., Ltd បានចំណាយទុន ៤០លានដុល្លារអាមេរិក ដើម្បីវិនិយោគលើការដាំម្រេច នៅលើទឹកដីខេត្តមណ្ឌលគីរី។
លោក គីម យាំងជុង អគ្គនាយកក្រុមហ៊ុន Welt Bio’s Co., Ltd បានមានប្រសាន៍ថា៖ ក្រុមហ៊ុនរបស់លោកនឹងពង្រីកទីផ្សារទៅកាន់ ទីផ្សារពិភពលោក និងសម្រេចឲ្យបាននូវគុណភាពខ្ពស់ ដោយក្រុមហ៊ុន វែលបាយអូ បង្កើតស្លាកយីហោខ្លួនឯង និងដាក់ឈ្មោះតំណាងតែមួយគត់របស់ប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុនរបស់លោកទទួលបានជោគជ័យ នេះបើយោងតាមសារព័ត៌មាន AKP។
បន្ថែមពីលើនេះ ក្រុមហ៊ុន Welt Bio’s Co., Ltd ក៏មានគម្រោងនាំចូលនូវបច្ចេកវិទ្យា និងជំនាញកសិកម្មទំនើបរបស់ប្រទេសកូរ៉េ មកកាន់ប្រទេសកម្ពុជាផងដែរ។ លោក គីម បានគូសបញ្ជាក់ថា ក្រុមហ៊ុននឹងធ្វើការបង្កើតកសិដ្ឋានម្រេច ដ៏ធំជាងគេលើពិភពលោក មិនមែនតែនៅប្រទេសកម្ពុជានោះទេ។
គួរជម្រាបថា គម្រោងវិនិយោគរបស់ក្រុមហ៊ុនរបស់ប្រទេសកូរ៉េមួយនេះ បាននឹងកំពុងដំណើរការលើផ្ទៃដីប្រមាណ ៥០០ហិកតា ក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
យោងតាមវិទ្យុអាស៊ីសេរី លោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពត បានឲ្យដឹងថា ម្រេចកំពត ដែលផលិតតាមស្តង់ដារ និងលក់ចេញទៅផ្សារនៅឆ្នាំ ២០១៥ មានចំនួន ៥៨តោន។ ប្រហែលជា ៧០ភាគរយ នៃចំនួនម្រេចនេះ ត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិ ដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប និងប្រហែល ៣០ភាគរយទៀត សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ លោកបានបញ្ជាក់ថា ម្រេចស មានតម្លៃខ្ពស់ជាងគេ គឺ ២៨ដុល្លារ ក្នុងមួយគីឡូក្រាម ម្រេចក្រហម ២៥ដុល្លារ ក្នុងមួយគីឡូក្រាម ម្រេចខ្មៅ ១៥ដុល្លារ ក្នុងមួយគីឡូក្រាម និងម្រេចបៃតង ៣ដុល្លារ ក្នុងមួយគីឡូក្រាម។
ប្រទេសដែលមានតម្រូវការម្រេចច្រើនជាងគេ គឺចិន និងឥណ្ឌា ពីព្រោះប្រទេសទាំងពីរមានចំនួនប្រជាជនច្រើន។ ដោយឡែក ប្រទេសដែលនាំចេញម្រេចច្រើនជាងគេលើពិភពលោក គឺវៀតណាម ។ កាលពីឆ្នាំ ២០១៤ ប្រទេសមួយនេះ ផ្គត់ផ្គង់ម្រេចសម្រាប់ទីផ្សារអន្តរជាតិជាង ១៥ម៉ឺនតោន ដែលស្មើនឹង ៣៨.៦ភាគរយ នៃផលិតកម្មម្រេចនៅលើពិភពលោក៕
ប្រភព៖ business-cambodia