ភ្នំពេញ៖ សាលារាជធានីភ្នំពេញ គ្រោងនឹងសាងសង់ស្ពានអាកាសស្តុបដីហុយ និងផ្លូវក្រវ៉ាត់ក្រុងទី ២ ដែលជាគម្រោងហិរញ្ញប្បទាន របស់សាធារណរដ្ឋប្រជាមានិតចិន។ ការប្រកាសនេះបានធ្វើឡើងកាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៦ ក្នុងកិច្ចប្រជុំរវាងសាលារាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងក្រុមហ៊ុនសៀងហៃ។
បើតាមគម្រោងសាងសង់ស្ពានអាកាសស្តុបផ្សារដីហុយ វាប្រសព្វរវាងមហាវិថីសហព័ន្ឋរុស្ស៊ី និងផ្លូវ ១០១៩ (វិថីហាណូយ) មានប្រវែង ៦១១ម៉ែត្រ ទទឹង ១៦.៥ម៉ែត្រ។
ដោយឡែក ផ្លូវខ្សែក្រវ៉ាត់ក្រុងទី២ ជាប្រភេទផ្លូវពីរគន្លង ដែលមានប្រវែង ១៦.៦៧គ.ម ចាប់ពីមហាវិថីសហព័ន្ឋរុស្ស៊ី ដល់ផ្លូវជាតិលេខ ២ ទទឹង ២៣ម៉ែត្រ លូសងខាងទំហំ ១.៥ម៉ែត្រ បេតុងកម្រាស់ ២០សង់ទីម៉ែត្រ ដោយឆ្លងកាត់ភូមិសាស្ត្រខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌដង្កោ ឆ្ពោះទៅទីក្រុងតាខ្មៅ ត្រង់ស្ពានតាខ្មៅ ព្រែកសម្រោង។
ការកសាងផ្លូវនេះ គឺពិតជានឹងអាចជួយសម្រួលដល់ បញ្ហាកកស្ទះចរាចរនៅតំបន់ជុំវិញនេះបានច្រើនជាមួយនឹងរថយន្ដដឹកជញ្ជូនធនធ្ងន់។
យ៉ាងណាមិញ សាលារាជធានីភ្នំពេញ មិនទាន់បានបញ្ជាក់ច្បាស់នៅឡើយនោះទេ ទាក់ទិនទៅតម្លៃនៃការចំណាយ និងការចាប់ផ្តើមក្នុងការសាងសង់នៃគម្រោងទាំងពីរនេះ៕