គោលនយោបាយនាំអង្ករចេញឲ្យបាន១លានតោនក្នុងឆ្នាំ២០១៥ត្រូវបាន បរាជ័យដោយ សារកត្តាមួយចំនួន។ ប៉ុន្តែរដ្ឋាភិបាលមិនបានបោះបង់មហិច្ចតានៃនាំអង្ករចេញឲ្យបាន១ លានតោននោះទេ សម្រាប់ផែនការប្រាំឆ្នាំបន្តទៀតដោយផ្ដើមចេញពីឆ្នាំ២០១៦-២០២០។ ទន្ទឹមនឹងនេះវិស័យឯកជនបានប្រមើទុកថា ដើម្បីឲ្យផែនការនេះជោគជ័យគឺកម្ពុជាត្រូវការទុន៥០០លានដុល្លារ។
លោក តាំង ឈុនងី តំណាងក្រុមហ៊ុន LBN Angkar ដែលជាសមាជិក នៃសហព័ន្ធស្រូវអង្ករកម្ពុជា ឲ្យដឹងថា ទុន៥០០លានដុល្លារនេះគ្រាន់តែការប្រើទុកសិនតែប៉ុណ្ណោះដើម្បី ជួយសង្គ្រោះស្រូវអង្ករនៅកម្ពុជា ដែលជាផ្នែកមួយនឹងជួយឲ្យសម្រេចបានផែនការនាំអង្ករចេញឲ្យបាន មួយលានតោននៅប្រាំឆ្នាំខាងមុខទៀត។
បើតាម លោក តាំង ឈុនងី គម្រោងនៃការប្រមូលទុនឲ្យបាន៥០០លានដុល្លារនៅពុំទាន់រកបាន ដៃគូរសហការនៅឡើយទេ។ ប៉ុន្តែជំហានដំបូងនឹងធ្វើការអំពាវនាវទៅកាន់រដ្ឋាភិបាលដើម្បីឲ្យ ត្រៀមកញ្ចប់ថវិកា។ ជាដំណោះស្រាយចំពោះមុខប្រសិនបើទុន៥០០លានដុល្លារប្រមូលបានដូច ការគ្រោងទុកមែននោះ ទុនទាំងនេះនឹងយកទៅពង្រឹងវិស័យដាំដុះឲ្យមានគុណភាព, សាងសងឃ្លាំងសម្រាប់ស្តុកស្រូវ, តម្លើងឡសម្ងួត,បង្កើនម៉ាស៊ីនកិនស្រូវនិងទិញស្រូវស្តុកបន្ថែមជា ដើម។ កត្តាទាំងនេះហើយដែលលោក តាំង ឈុនងី ចាត់ទុកថាជាគ្រឹះរឹងមាំដើម្បីប្រមូលផលពីកសិករ។
ថ្លែងនៅក្នុងសន្និសីទកាសែតស្ដីពីវេទិកាស្រូវអង្ករលើកទី០៥ នាសណ្ឋាគារសុខាភ្នំពេញនាព្រឹកថ្ងៃអង្គារទី១២មករា លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាថ្លែងថា សហព័ន្ធកំពុងសិក្សាលើទុន៥០០លានដុល្លារនេះដើម្បីសង្គ្រោះស្រូវ អង្ករនៅកម្ពុជា។ ប៉ុន្តែលោកថា ទុននេះមិនប្រាកដថាគ្រាប់គ្រាន់សម្រាប់ជាផ្នែកមួយជួយសម្រេចផែន ការនៃការនាំចេញនោះទេ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៥កម្ពុជាបាននាំអង្ករចេញទៅក្រៅប្រទេស៥៣ម៉ឺនតោន ដែលផ្ទុយពីបំណងនាំចេញឲ្យបាន១លានតោនក្នុងឆ្នាំ២០១៥។
បើតាមការពន្យល់របស់ នាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីពេលកន្លងមក មានកត្តាសំខាន់ពីរ ដែលធ្វើឲ្យកម្ពុជា បរាជ័យចំពោះមុខគោលនយោបាយនាំចេញអង្ករឲ្យបានមួយលានតោន ក្នុងឆ្នាំ២០១៥។ សំខាន់ទី១ គឺ កត្តាអត្តនោម័ត៖ ដោយសារតែកម្ពុជាខ្វះខាតម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុកស្រូវ និងប្រាក់កាស ទើបការប្រមូលទិញស្រូវមិនអាចធ្វើឡើងបានច្រើនឡើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ ប្រមុខរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថា បញ្ហាម៉ាស៊ីនកិនស្រូវ នឹងលែងចោទឡើងទៀតហើយនៅឆ្នាំ២០១៦ ខណៈដែលការវិនិយោគសមត្ថភាពម៉ាស៊ីនកិនស្រូវនៅកម្ពុជាកំពុងតែធ្វើ ឡើងជាបន្តបន្ទាប់។ លោកថា ម៉ាស៊ីនកិនស្រូវដែលបាននឹងកំពុងវិនិយោគ នឹងមានលទ្ធភាពកិនស្រូវបាន៣លានតោនក្នុងមួយឆ្នាំ។ ទន្ទឹមគ្នានេះ កត្តាសត្យានុម័ត ក៏ជាមូលហេតុសំខាន់មួយទៀត ដែលធ្វើឲ្យកម្ពុជាមិនអាចសម្រេចបានគោលដៅនាំចេញអង្ករឲ្យបាន មួយលានតោនក្នុងឆ្នាំ២០១៥៕
ប្រភព៖ km.rfi.fr