ភ្នំពេញ៖ ចំណូលពន្ធបានពីកាស៊ីណូដែលមានអាជ្ញាប័ណ្ណទាំង ៦៣ នៅកម្ពុជា ក្នុងឆ្នាំ ២០១៥ មាន ៣៤,៧ លានដុល្លារ កើន ៣៣ ភាគរយ។
លោក រស់ ភីរុណ អនុប្រធាននាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្លែងថា ក្រសួងនឹងព្យាយាមពង្រឹងការប្រមូលពន្ធយ៉ាងតឹងរ៉ឹងនៅក្នុងកាស៊ីណូ ទាំងអស់ ជាពិសេសនៅតាមបណ្ដោយព្រំដែនវៀតណាម។
លោកបានថ្លែងថា៖ «ពិតហើយ យើងកំពុងសម្លឹងមើលកាស៊ីណូមួយចំនួននៅតាមព្រំដែនវៀតណាម ដែលមានប្រតិបត្តិការ និងសកម្មភាពមិនល្អ»។
ចំណូលពន្ធពីណាហ្គាវើល ជាកាស៊ីណូឈានមុខគេរបស់កម្ពុជាមានប្រហែល២៣ភាគរយ ឬ៩លានដុល្លារនៃប្រាក់ចំណូលនេះ ប៉ុន្តែចំណូលនេះរាប់បញ្ចូលទាំងពន្ធពីសណ្ឋាគារ ភោជនីយដ្ឋាន និងឧបករណ៍កម្សាន្តផងដែរ។
លោក ភីរុណ ថ្លែងថា ខណៈកាស៊ីណូ ១២ បានបិទទា្វរកាលពីឆ្នាំមុន កាស៊ីណូពីរបីត្រូវបានរំពឹងថានឹងបើកដំណើរការវិញនៅឆ្នាំនេះ។
កម្ពុជានឹងបញ្ចេញច្បាប់គ្រប់គ្រងកាស៊ីណូ បន្ទាប់ពីពន្យារពេលជាច្រើនឆ្នាំ តែលោក ភីរុណ ថា លោកមិនអាចអត្ថាធិប្បាយថា តើច្បាប់នេះនឹងត្រូវបានអនុម័តនៅឆ្នាំនេះ ឬអត់នោះទេ។
លោក សុន ឆ័យ មកពីគណបក្សសង្គ្រោះជាតិ ថ្លែងថា ពន្ធប្រមូលបានមិនឆ្លុះបញ្ចាំងពីកម្រិតនៃសកម្មភាពលេងល្បែងនៅ ក្នុងកាស៊ីណូទាំងនេះទេ។ លោកបន្ថែមថា រដ្ឋាភិបាលបានអូសបន្លាយសេចក្តីព្រាងច្បាប់នេះ។
លោកបន្តថា៖ «ពួកគេនិយាយថា យើងនឹងពិភាក្សានៅក្នុងរដ្ឋសភាត្រឹមឆ្នាំ២០១៥ ប៉ុន្តែយើងមិនបានឮអំពីសេចក្ដីព្រាងច្បាប់នេះទេ»។
លោកបញ្ជាក់ថា គេកម្រឃើញប្រទេសមួយមានកាស៊ីណូចំនួន ៦៣ ដែលមិនមានបទប្បញ្ញត្តិ ឬច្បាប់គ្រប់គ្រងលើប្រតិបត្តិការរបស់ពួកគេនោះទេ៖ «ពួកគេនឹងដំណើរការជាមួយតម្លៃដែលកាស៊ីណូត្រូវបង់ ដែលបើកចំហឲ្យមានអំពើពុករលួយ ជាជាងធ្វើតាមរចនាសម្ព័ន្ធពន្ធ»៕
ប្រភព៖ postkhmer