ខណៈ ដែលប្រជាកសិករខ្មែរជាច្រើននាក់កំពុងតែត្អូញត្អែររឿងតំលៃដំឡូង មីធ្លាក់ចុះខ្លាំងនៅពេលនេះ ប្រធានក្រុមហ៊ុននាំចេញដំឡូងមីនៅក្នុងស្រុកមួយ បានបញ្ជាក់ប្រាប់វិទ្យុបារាំងនៅថ្ងៃអង្គារ ទី១៩ មករានេះថា ចាប់ពីខែមីនាទៅ តំលៃដំឡូងមី អាចនឹងឡើងថ្លៃវិញ ដោយសារតែប្រទេសចិននឹងបើកកូតានាំចូលដំឡូងមីនេះជាថ្មីវិញ។
បច្ចុប្បន្ន នេះតំលៃដំឡូងមីខ្មែរធ្លាក់ចុះខ្លាំងរហូតដល់មួយគីឡូ២០០៛ សម្រាប់ដំឡូងស្រស់និង ស្ងួតឬក្រៀម តំលៃ៤០០៛ នៅក្នុងខេត្តក្រចេះ និងខេត្តប៉ៃលិន។ នេះបើយោងតាមកសិករនៅក្នុងខេត្តទាំងពីរនេះ ដែលប្រកបរបរដំាដំឡូងមី។ តំលៃនេះគឺធ្លាក់ចុះជាងពាក់កណ្តាលបើប្រៀបធៀបទៅនឹងបណ្តាឆ្នាំ មុនៗនេះ។ ដំឡូងមីកម្ពុជាត្រូវបានគេដឹងថានាំចេញដោយផ្ទាល់ទៅកាន់ប្រទេស វៀតណាម និងប្រទេសថៃ ហើយប្រទេសទាំងពីរនេះធ្វើការនាំចេញបន្តទៅកាន់ប្រទេសចិន ដែលជាទីផ្សារនាំចូលធំបំផុត។
លោក សុង សារ៉ន អគ្គនាយក និងជាប្រធានក្រុមហ៊ុនអេមរុ រ៉ាយស៍ ខេមបូឌា ដែលក្រុមហ៊ុនរបស់លោកធ្វើការនាំចេញដំឡូងមីដែរនោះ បានបញ្ជាក់ប្រាប់វិទ្យុបារាំងថា តំលៃដំឡូងមីសព្វថ្ងៃចុះថោក ដោយសារតែចិនបានបិទទីផ្សារនាំចូលរបស់ខ្លួន។ ដូច្នេះហើយទើបធ្វើឲ្យលំហូរនៃការទិញលក់ដំឡូងមីនៅពេល បច្ចុប្បន្ននេះនៅទ្រឹងមួយកន្លែង។
ជាមួយគ្នានេះដែរ ក្រុមការងារស្រាវជ្រាវខាងដំណាំដំឡូងមីរបស់ក្រសួងកសិកម្មក៏បាន ឲ្យដឹងដែរថា កត្តាធម្មជាតិក៏បានធ្វើឲ្យប៉ះពាល់ដល់គុណភាព និងបរិមាណនៃការប្រមូលផលដំឡូងរបស់ប្រជាពលរដ្ឋផងដែរ។ ព្រោះថានៅពេលដែលចាប់ផ្តើមដាំមិនសូវមានភ្លៀងធ្លាក់ ប៉ុន្តែនៅពេលជិតប្រមូលផលបែរ ជាមានភ្លៀងធ្លាក់ច្រើនទៅវិញ។ កត្តានេះបានធ្វើឲ្យប៉ះពាល់ដល់គុណភាពមួយផ្នែក។ ដូច្នេះក៏ធ្វើឲ្យតំលៃដំឡូងធ្លាក់ចុះផងដែរ។ នេះបើតាមការឲ្យដឹងពីលោក កែន រដ្ឋា អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា។
ប៉ុន្តែលោក សុង សារ៉ន បានបង្ហើបឲ្យដឹងថាតំលៃដំឡូងមីខ្មែរ អាចនឹងឡើងថ្លៃវិញនៅក្នុងអំឡុងខែមីនា ខាងមុខនេះ បន្ទាប់ពីបុណ្យចូលឆ្នាំចិនហើយ ព្រោះថាបណ្តាក្រុមហ៊ុនចិនដែលធ្លាប់នាំចូលដំឡូងមីពីប្រទេសថៃ និងវៀតណាមផ្ទាល់នោះ នឹងទទួលបានកូតាថ្មីពីរដ្ឋាភិបាលរបស់ខ្លួន ដើម្បីធ្វើការនាំចូលសម្រាប់ឆ្នាំថ្មីនេះ។ លោកបន្តថា ប្រជាកសិករអាចដកដំឡូងលក់ជាបណ្តើរៗ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃសិន ប៉ុន្តែកុំដកទាំងអស់ ព្រោះថាបើទុកដល់ខែបី អាចនឹងលក់បានថ្លៃជាងពេលនេះ។
គួរជម្រាបជូនផងដែរថា រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្ម បានព្យាយាមចរចា ជាមួយនឹងភាគីថៃ ដើម្បីអាចនាំចេញដំឡូងមីខ្មែរទៅកាន់ប្រទេសចិនដោយផ្ទាល់ ព្រោះថាកន្លងមកកសិករខ្មែរតែងតែលក់ទិន្នផលរបស់ខ្លួនទៅឲ្យឈ្មួញ វៀតណាមនិងថៃ រួចហើយឈ្មួញទាំងនោះបន្តនាំចេញដំឡូងមីទាំងអស់នោះទៅកាន់ប្រទេស ចិន ដែលជាទីផ្សារធំចុងក្រោយ ដើម្បីធ្វើការកែច្នៃវត្ថុធាតុដើមនេះ ទៅជាម្សៅមី ឬក៏ផលិតផលកសិឧស្សាហកម្មផ្សេងៗទៀត។
លោក កែន រដ្ឋា ក៏បានបញ្ជាក់ឲ្យដឹងទៀតថា ក្រសួងពាណិជ្ជកម្មក៏បានធ្វើការបង្កើតសមាគមដំឡូងមីកម្ពុជាបាន ចំនួន១៣ ផងដែរនៅក្នុងខេត្តចំនួន៧ ដែលមានដូចជាខេត្តប៉ៃលិន បាត់ដំបង ពោធិ៍សាត់ កំពង់ធំ ក្រចេះ ត្បូងឃ្មុំ និងឧត្តមានជ័យ ហើយនៅក្នុងនោះមានមនុស្ស១៧៥១នាក់ បានចុះឈ្មោះចូលរួមនៅក្នុងសមាគមនេះ។ ក្រៅពីចរចាជាមួយនឹងប្រទេសថៃ ក្រសួងក៏បានចរចាជាមួយនឹងរដ្ឋាភិបាលចិន ដើម្បីធ្វើការនាំចេញដំឡូងមីរបស់កសិករខ្មែរដោយផ្ទាល់ទៅកាន់ ប្រទេសចិនផងដែរ។ ប៉ុន្តែការចរចានេះកំពុងតែដំណើរការនៅឡើយ ហើយមិនទាន់សម្រេចបានយ៉ាងណានោះទេ។ ក្រសួងក៏បានព្យាយាមទាក់ទាញវិនិយោគិនបរទេសឲ្យមកតម្លើងរោងចក្រ កៃច្នៃដោយផ្ទាល់នៅក្នុងប្រទេសកម្ពុជាដែរ ដើម្បីកាត់បន្ថយតំលៃដឹកជញ្ជូននៅពេលនាំចេញ។
សូមបញ្ជក់ថាកន្លងមកដំឡូងមីកម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេស ថៃច្រើនជាងគេ បន្ទាប់មកប្រទេសវៀតណាម និងប្រទេសចិន។ យោងតាមរបាយការណ៍របស់ក្រសួង បានឲ្យដឹងថា កាលពីឆ្នាំ២០១៥ កម្ពុជានាំចេញដំឡូងមីបានចំនួន ជាង៤លានតោន ក្នុងរង្វង់ទឹកប្រាក់ជាង៤៤៧លានដុល្លារអាមេរិក៕
ប្រភព៖ km.rfi.fr