បញ្ហា សេដ្ឋកិច្ចគឺជារឿងមួយដ៏សំខាន់ ដែលនឹងត្រូវលើកយកទៅជជែកនៅក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋ មន្ត្រីការបរទេសអាមេរិក លោក Jonh Kerry នៅកម្ពុជាក្នុងរយៈពេលពីរថ្ងៃ ពីថ្ងៃទី ២៥ មករានេះ ដល់ថ្ងៃ២៦ មករាស្អែក។ មន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជារំពឹងថា ក្នុងឱកាសនេះកម្ពុជានឹងទទួលបានលទ្ធផលវិជ្ជមានច្រើន ហើយសង្ឃឹមថាភាគីអាមេរិកនឹងផ្តល់ការអនុគ្រោះ «ការនាំចូលតាមរយៈកូតាសេរី និងពន្ធគយសេរី» ដូចដែលកម្ពុជាបានស្នើសុំអាមេរិកជាច្រើនដងមកហើយ។
អាមេរិកគឺជាទីផ្សារសេដ្ឋកិច្ចមួយដ៏សំខាន់របស់កម្ពុជា សម្រាប់ការនាំចេញទំនិញរបស់ខ្លួន បន្ទាប់ពីសហគមន៍អឺរ៉ុប និងកាណាដា។ ប៉ុន្តែកម្ពុជា ដែលជាប្រទេសក្រីក្រមួយនេះ ត្រូវបានសហរដ្ឋអាមេរិកយកពន្ធលើគ្រប់ទំនិញទាំងអស់របស់ខ្លួន ដែលនាំចូលទៅកាន់ប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកមួយនេះ ខណៈដែលកម្ពុជាទទួលបានការអនុគ្រោះពន្ធដោយសេរីពីបណ្តាប្រទេសនៅ ក្នុងតំបន់អឺរ៉ុប និងកាណាដា។
លោក សួន ពិសិទ្ធ ប្រធាននាយកដ្ឋានអាមេរិកនៃក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ប្រាប់វិទ្យុបារាំងថា ក្រសួងពាណិជ្ជកម្មផ្ទាល់ ក៏ដូចជារដ្ឋាភិបាលកម្ពុជាដែរ ធ្លាប់បានស្នើសុំអាមេរិកឲ្យអនុគ្រោះដល់ការនាំចូលតាមរយៈកូតា សេរី និងពន្ធគយសេរី។ ប៉ុន្តែកន្លងមកមិនទាន់ទទួលបានផលវិជ្ជមាននៅឡើយទេ។
លោកសង្ឃឹមថា ក្នុងដំណើរទស្សនកិច្ចរបស់លោក John Kerry នៅកម្ពុជានៅពេលនេះ រដ្ឋាភិបាលអាមេរិកនិងផ្តល់សញ្ញាណវិជ្ជមានច្រើនដល់ទំនាក់ទំនង សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
លើសពីនេះទៅទៀត លោកសួន ពិសិដ្ឋក៏បានឲ្យដឹងទៀតថា ខាងភាគីកម្ពុជាក៏បានស្នើឲ្យអាមេរិកធ្វើការវិនិយោគនៅកម្ពុជាឲ្យ បានកាន់តែច្រើនជាងមុន ផ្តល់ជំនួយបច្ចេកទេស ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺស្នើឲ្យទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ USAID ដែលធ្លាប់តែធ្វើការជាមួយនិងអង្គការក្រៅរដ្ឋាភិបាល ងាកមកចាប់ដៃគូជាមួយនិងស្ថាប័នរដ្ឋ ដើម្បីធ្វើការងារដោយផ្ទាល់ និងជួយកសាងធនធានមនុស្សកម្ពុជាឲ្យបានកាន់តែច្រើនបន្ថែមទៀត។
ប៉ុន្តែរហូតមកទល់នឹងពេលនេះ សហរដ្ឋអាមេរិកនៅមិនទាន់ផ្តល់ការអនុគ្រោះ ដល់ការនាំចូលតាមរយៈកូតាសេរី និងពន្ធគយសេរី ជូនដល់ប្រទេសណាមួយនៅក្នុងតំបន់អាស៊ី ក៏ដូចជាតំបន់អាស៊ាននៅឡើយទេ។ គឺមានតែការផ្តល់ឲ្យបណ្តាប្រទេសនៅក្នុងតំបន់សាហារ៉ាអាហ្វ្រិក ហើយត្រូវបានធ្វើឡើងក្រោមកម្មវិធីមួយឈ្មោះថា African Growth and Opportunity Act ឬហៅកាត់ថា AGOA ដែលត្រូវបានចុះហត្ថលេខាយល់ព្រមដោយអតីតប្រធានាធិបតីអាមេរិក លោក Clinton ចាប់តាំងពីខែឧសភា ឆ្នាំ២០០០មក។
សូមបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Jonh Kerry នៅកម្ពុជានៅពេលនេះ ត្រូវបានធ្វើឡើងមុនកិច្ចប្រជុំកំពូលនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃទី១៥ ដល់១៦ កុម្ភៈខាងមុខនេះ ដែលនឹងមានប្រមុខដឹកនាំបណ្តាប្រទេសអាស៊ានទាំងអស់ចូលរួម។ ហើយចំណងការទូតរបស់អាមេរិកជាមួយនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ាន នៅពេលថ្មីនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងដើម្បីកាត់បន្ថយឥទ្ធិពលរបស់មហាអំណាចសេដ្ឋកិច្ចចិននៅ ក្នុងតំបន់មួយនេះ៕
ប្រភព៖ km.rfi.fr