ឧកញ៉ា ម៉ុង ឫទ្ធី បង្ហាញ​អារម្មណ៍​សោកស្តាយ ចំពោះ​អ្នក​ទម្លាយ​ឯកសារ​ទារលុយ​ថ្លៃ​វិនិយោគ​លើដី​សម្បទាន​សេដ្ឋកិច្ច​

02-February-2016 | ដោយ មែន កំសត់

​ភ្នំពេញ​៖ ឧកញ៉ា​ល្បាញ​ល្បី​លើ​ការវិនិយោគ​ផ្នែក​កសិកម្ម​នៅ​កម្ពុជា និង​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​បានបង្ហាញ អារម្មណ៍​សោកស្តាយ និង​ហាក់​មាន​កំហឹង​យ៉ាងខ្លាំង​ផងដែរ ចំពោះ​អ្នក​ទម្លាយ​ឯកសារ​ទារលុយ​ថ្លៃ​វិនិយោគ​លើដី​សម្បទាន សេដ្ឋកិច្ច​របស់លោក​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ហើយ​ត្រូវបាន​យកទៅ​ផ្សព្វផ្សាយ​លើ​បណ្តាញ​ព័ត៌មាន​នោះ​។​

​ឧកញ៉ា ដែល​កំពុងមាន​ប្រជាប្រិយភាព​តាមរយៈ​សកម្មភាព​មនុ​ស្ស​ធម៌ និង​ត្រូវបាន​គេ​ហៅថា ជា​អ្នកមាន​មិន​ឆ្មើងឆ្មៃ តែង​ដាក់ខ្លួន នៅ​ជាមួយ​អ្នកក្រ ជាប់​ជានិច្ច​នោះ បាន​សរសេរ​នៅលើ​ទំព័រ Facebook របស់ខ្លួន​យប់​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​ថា «​ខ្ញុំ​មានការ​សោកស្តាយ​ជាខ្លាំង ចំពោះ​អ្នក​ដៃ​ល​បានផ្តល់​ឯកសារ​នេះ ទៅ​ដល់ដៃ​អ្នកសារព័ត៌មាន​យ៉ាងហោចណាស់ គួរតែ​ទូរស័ព្ទ​សួរ​ខ្ញុំ​មួយ​មាត់ ក៏​អស់ចិត្ត​ដែរ គ្មាន​អ្នកណា​មិនដឹង​ទេ​ថា កិត្តិយស​អត់​មាន​ដាក់លក់​នៅលើ​ទីផ្សារ​ទេ​»​។​

​ឯកសារ​មួយច្បាប់​ចុះ​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ចុះហត្ថលេខា​ដោយ​លោក តឹក​រ៉េត សម្រេច បាន​ទុក​រយៈពេល ៣​ខែ ឲ្យ​ក្រុមហ៊ុន​ម៉ុងឬទ្ធី ដែល​ទទួលបាន​ដី​សម្បទាន​ដូងប្រេង​នៅ​ភូមិ​តា​នៃ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ចូលទៅ​បង់ថ្លៃ​ដី​សម្បទាន​សេដ្ឋកិច្ច​ជូន​រដ្ឋ និង កែសម្រួល​រយៈពេល​វិនិយោគ​ពី​៧០ មក​៥០​ឆ្នាំ​វិញ និង​ចុះកិច្ចសន្យា​ឡើងវិញ​។ ឯកសារ ក៏បាន​បង្គាប់​ឲ្យ​ក្រុមហ៊ុន​ឧកញ៉ា ម៉ុង ឫទ្ធី ដែល​វិនិយោគ​ដាំ​ដំណាំ​ដំឡូង​មី​កម្ពុជា ក្នុងស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ចូលទៅ​បង់ថ្លៃ​សម្បទាន​ដី​សេដ្ឋកិច្ច​ជូន​រដ្ឋ ក្នុង​រយៈពេល ៣​ខែ និង​សម្រួល​រយៈពេល​វិនិយោគ​ពី ៧០ ទៅជា ៥០​ឆ្នាំ​ផងដែរ​។​

ឧកញ៉ា ម៉ុង ឫទ្ធី បានប្រកាស​រង់ចាំ​ស្វែងរក​ការពិត​នៅ​ម៉ោង ១០​ព្រឹក​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ជាមួយ​មន្ត្រី​ពាក់ព័ន្ធ របស់​រាជរដ្ឋាភិបាល ដោយផ្ទាល់​នៅ​ការិយាល័យ​កណ្តាល​របស់​ក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប ។ លោក​ទាមទារ​ឲ្យ​មន្ត្រី​រាជរដ្ឋាភិបាល ដែល​ទារលុយ​លោក​នោះ ភ្ជាប់​មកជា​មួយ លិខិត​ទារប្រាក់​គតិយុត្តិ នៃ​កិច្ចសន្យា​ចុះ​ច្ងៃ​ទី​៩ ខែមករា ឆ្នាំ​១៩៩៦ ផងដែរ​។​

​លោក​ឧកញ៉ា ម៉ុង ឫទ្ធី ក៏បាន​សុំ​អភ័យទោស​បើ​មា​នច​ន្លោះ​ប្រហោង​ក្នុង​រឿង​បង់ថ្លៃ​នេះ​។ លោក​ឧកញ៉ា បានស្នើ​ដល់​អ្នកលេង Facebook រង់​ចាំមើល​លទ្ធផល​ថ្ងៃនេះ ហើយ​កុំ​បញ្ចេញ​មតិយោបល់ ដែល​ធ្វើឱ្យ​បះ​ពាល់​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​ឱ្យសោះ ព្រោះនេះ​គី​ជា​រឿង​ដោយឡែក​ទេ​។​

​លោក​ឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ក្រុមហ៊ុន​របស់លោក ធ្លាប់បាន​បង់ថ្លៃ​សម្បទាន​ដី​សេដ្ឋកិច្ច ជូន​រាជរដ្ឋាភិបាល​ចំនួន ៨៥,៦៩៣.៥៨​ដុល្លារ​រួច​ម្តងមកហើយ​នៅ​ឆ្នាំ​២០១៥​។ លោក​ឧកញ៉ា ម៉ុង ឫទ្ធី បាន​ហៅ​អ្នក​ដែល​ទម្លាយ​ឯកសារ​ទារ លុយ​ថ្លៃ​សម្បទាន​ដី​សេដ្ឋកិច្ច​របស់លោក​ថា ជា​អ្នក​ដែល​បំផ្លាញ​សន្លឹកឆ្នោត​៕

ចំនួនអ្នកទស្សនា

    19577847

  • ថ្ងៃនេះ3421
  • ម្សិលមិញ4561
  • សប្តាហ៍នេះ21021
  • ខែនេះ14141
  • ឆ្នាំនេះ350401
  • សរុប19577847