ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា ដើម្បីឱ្យឆ្នេរសមុទ្រខេត្តព្រះសីហនុ ក៏ដូចជាខេត្តនៅតាមបណ្តោយឆ្នេរចំនួនបីទៀតអាចរក្សាបាននូវតម្លៃនៃសម្រស់ឆ្នេរ តម្លៃសេដ្ឋកិច្ច និងអាចរក្សាបាននូវទីកន្លែងប្រកបមុខរបរការងារជូនប្រជាពលរដ្ឋ ឆ្នេរសមុទ្រកម្ពុជាត្រូវតែរក្សាឱ្យបាននូវអនាម័យបរិស្ថានស្អាត និងគ្មានទឹកសំណល់ហូរចូលសមុទ្រ។
ហើយការលើកឡើងបែបនេះនៅថ្ងៃ០១ខែកុម្ភៈឆ្នាំ២០១៦ក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយបទដ្ឋានគតិយុត្តិ ក្នុងការគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជានិងផែនការរៀបចំកែលម្អតំបន់ឆ្នេរខ្សាច់ខេត្តព្រះសីហនុដែលប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹម ឈុន លឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា(គ.អ.ឆ.ក) ឯកឧត្តមថោង ខុង រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.អ.ឆ.ក និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធាន គ.អ.ឆ.ក។
ជាមួយគ្នានោះ ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា ក្រសួងបរិស្ថាន ក៏មានការប្តេជ្ញាខ្ពស់ក្នុងការពង្រឹងប្រសិទ្ធិភាពលើការប្រមូលសំរាម ការគ្រប់គ្រង់ប្រព័ន្ធលូ ដោយផ្ទេរមុខងារនៃការគ្រប់គ្រងសំណល់រឹងរាវ មកដល់មូលដ្ឋានថ្នាក់ក្រុង ស្រុក ខណ្ឌហើយឯកឧត្តមក៏បានសំណូមពរដល់អាជីវករ ប្រជាពលរដ្ឋគ្រប់រូបសូមចូលរួមក្នុងការសំអាតអនាម័យបរិស្ថានឆ្នេរឱ្យបានល្អ ព្រោះបើឆ្នេរស្អាត ទឹកសមុទ្រគ្មានការបំពុល នោះក៏នឹងផ្តល់លទ្ធភាពកាន់តែខ្ពស់ដល់បងប្អូនប្រជាពលរដ្ឋក្នុងការប្រកបមុខរបររកស៊ីប្រចាំថ្ងៃផងដែរ៕