ភ្នំពេញ៖លោក ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជានិងជាប្រធានប្រធានក្រុមហ៊ុន ម៉ុង ឫទ្ធីអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអះអាងថាក្រុមហ៊ុន ម៉ុង ឫទ្ធី មិនទាន់បានបង់ថ្លៃសម្បទានដីសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០១១-២០១២និងឆ្នាំ២០១៣-២០១៤ដោយលោកចាត់ទុកថាសេចក្តីសម្រេចរបសរដ្ឋាភិបាលឲ្យក្រុមហ៊ុនម៉ុង ឫទ្ធី បង់ថ្លៃដីសម្បទាន“មិនមានខុសបច្ចេកទេស”អ្វីនោះទេ។
ភាពចម្រូងចម្រាសរវាងរដ្ឋាភិបាលនិងលោក ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមហ៊ុន ម៉ុង ឫទ្ធី បានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលបានចេញសេចក្តីសម្រេចនិងការព្រមាន មួយចុះថ្ងៃទី៦ខែវិច្ឆិកា ឆ្នាំ២០១៥ ឲ្យក្រុមហ៊ុនម៉ុង ឫទ្ធី ដែលធ្វើការវិនិយោគដូងប្រេងនិងដំណាំកសិឧស្សាហកម្មនៅខេត្តព្រះសីហនុ បង់ថ្លៃដីសម្បទានសេដ្ឋកិច្ច។ រដ្ឋាភិបាលមិនបានបញ្ជាក់ថាក្រុមហ៊ុន ត្រូវបង់ថ្លៃដីសម្បទានសម្រាប់ឆ្នាំណានោះទេ។
នៅក្នុងហ្វេសប៊ុករបស់ក្រសួងកសិកម្ម អ្នកនាំពាក្យក្រសួងកសិកម្មនិងជារដ្ឋលេខាធិការក្រសួងកសិកម្ម លោក អ៊ាង សុផល្លែត បានសរសេរកាលពីថ្ងៃពុធថារដ្ឋាភិបាលបានសម្រេចទុករយៈពេលបីខែ ដើម្បីឲ្យក្រុមហ៊ុនបង់ថ្លៃសម្បទានសេដ្ឋកិច្ចជូនរដ្ឋ ដែលលោកថាគឺសំដៅលើឆ្នាំ២០១១-២០១២និង២០១៣-២០១៤។ លោកបញ្ជាក់ថា ៖ “ដោយផ្អែកតាមខ្លឹមសារខាងលើនិងផ្អែកទៅលើលិខិតលេខ៣៣៧៥ កសក ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខ្ញុំបានលើកឡើងថាក្រុមហ៊ុនរបស់លោក ឧកញ៉ាមិនទាន់បានបង់ថ្លៃឈ្នួលដីសម្បទានសេដ្ឋកិច្ចទេ។ នោះគឺសំដៅទៅដល់ថ្លៃដីសម្បទាន សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០១១-២០១២និងឆ្នាំ២០១៣-២០១៤ ដែលក្រុមហ៊ុននេះមិនទាន់បានបង់ជូនរដ្ឋនៅឡើយ”។ លោកបន្ថែមថា៖ “ខ្ញុំយល់ថាការសម្រេចរបស់រាជរដ្ឋាភិបាលនិងការលើកឡើងរបស់ខ្ញុំនេះគឺមានទឡ្ហីករណ៍គ្រប់គ្រាន់និងមិនមានខុសបច្ចេកទេស ឬយ៉ាងម៉េចនោះទេ”។
បន្ទាប់ពីមានភាពចម្រោងចម្រាសលើការបង់ថ្លៃដីសម្បទាននេះ លោក ម៉ុង ឫទ្ធី បានប្រើទំព័រហ្វេសប៊ុករបស់លោកឆ្លើយតបភ្លាមៗនឹងសេចក្តីសម្រេច របស់រដ្ឋាភិបាល។ លោកបានសរសេរថានៅថ្ងៃទី៥ខែឧសភាឆ្នាំ២០១៥ ក្រុមហ៊ុនបានបង់ប្រាក់ជិត២៦ម៉ឺនដុល្លារទៅធនាគារកាណាឌីយ៉ា ហើយនៅថ្ងៃទី១៨ខែសីហាឆ្នាំ២០១៥ ក្រុមហ៊ុនបានបង់ប្រាក់ជាង៨ម៉ឺនដុល្លារចូលធនាគារជាតិនៃកម្ពុជា។
លោក ម៉ុង ឫទ្ធី សរសេរបន្តថា៖ “ចំពោះអ្នកដែលធ្វើខុសគួរណាស់តែហ៊ាន ចេញមុខមកបកស្រាយថាខុសបច្ចេកទេសឬយ៉ាងម៉េច ខ្ញុំមិនដឹងទេ ទុកមុខមាត់កិត្តិយសឲ្យខ្ញុំខ្លះផង។ បើអ្នកវិនិយោគដួលរលំតើឲ្យបុគ្គលិកកម្មករគ្នាទៅឯណា? ខ្ញុំមិនចង់បកក្តាមបង្ហាញអាចម៍ឲ្យគេឃើញតទៅទៀតទេ”។ លោកបញ្ជាក់ថា៖ “សម្រាប់ពេលនេះយើងមិនគួរ នាំគ្នាបង្កើតរឿងដែលអត់ប្រយោជន៍នោះទេ យើងត្រូវតែនាំគ្នាជួយរកទីផ្សារលក់កសិផលឲ្យ បានតម្លៃខ្ពស់ជូនកសិករយើងវិញប្រសើរជាង”។
អនុប្រធានក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប លោក តាន់ មុនីវណ្ណ ទទួលស្គាល់ថាក្រុមហ៊ុននៅមិនទាន់បានបង់ថ្លៃដី សម្បទានសេដ្ឋកិច្ចជូនរដ្ឋសម្រាប់ឆ្នាំ២០១១-២០១២ និង២០១៣-២០១៤ នោះទេ ដោយលោកថាក្រុមហ៊ុន កំពុងរៀបចំនីតិវិធីបង់ថ្លៃឈ្នួលនេះឲ្យបានចប់នៅក្នុងឆ្នាំ ២០១៦នេះ។ លោកបញ្ជាក់ថាភាពយឺតយ៉ាវក្នុងការបង់ប្រាក់នេះ ដោយសារតែរដ្ឋាភិបាលទើបតែឯកភាពឲ្យមានការបង់ថ្លៃឈ្នួលនេះក្នុងឆ្នាំ២០១៥។
លោកប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍នេះ៖ “បាទកំពុងរៀបចំបង់ហើយ តាមពិតទៅមិនមែនទើបរឿងព័ត៌មានកើតឡើងអ៊ីចឹងទៅបានខ្ញុំបង់ទេ តាមពិតទៅនីតិវិធីរួចហើយ ប៉ុន្តែគ្រាន់តែវាចុងឆ្នាំ ចុងឆ្នាំវាបិទបញ្ជី បាទបិទបញ្ជីវាបង់អត់ទាន់...ខ្ញុំប្រហែលជាព្យាយាមឲ្យចប់ក្នុងឆ្នាំ២០១៦នេះ ព្រោះលុយសល់ប្រហែលជា៥ម៉ឺន(ដុល្លារ)ពីរដងទៀតហ្នឹង”។
នៅក្នុងសេចក្តីសម្រេចរបស់រដ្ឋាភិបាលដែល ទទួលបាន រដ្ឋាភិបាលបានលើកឡើងថាអនុញ្ញាតឲ្យ ក្រុមហ៊ុនម៉ុងឫទ្ធីដែលទទួលបានដីសម្បទានដូងប្រេងនៅភូមិតានៃ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បន្តនីតិវិធីដោយទុករយៈពេល៣ខែ ដើម្បីឲ្យក្រុមហ៊ុនបង់ថ្លៃសម្បទានដីសេដ្ឋកិច្ចជូនរដ្ឋនិងកែសម្រួល រយៈពេលវិនិយោគពី៧០មក៥០ឆ្នាំវិញនិងចុះកិច្ចសន្យាឡើងវិញ។ សេចក្តីសម្រេចបន្តថាប្រគល់ជូនក្រសួង កសិកម្មនិងអាជ្ញាធរខេត្តព្រះសីហនុត្រួតពិនិត្យតាមដានអំពីវឌ្ឍនភាពរបស់ ក្រុមហ៊ុននេះឲ្យបានហ្មត់ចត់បំផុត។
សេចក្តីសម្រេចបានបញ្ជាក់ថា៖ “ក្នុងករណីដែលក្រុមហ៊ុនមិនបានអនុវត្តត្រឹមត្រូវក្នុងរយៈពេលកំណត់ខាងលើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រូវរាយការណ៍ជូនគណៈកម្មការអន្តរក្រសួងដើម្បីមានវិធានការ ។…ប្រគល់ជូនកក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ធ្វើការព្រមានក្រុមហ៊ុនម៉ុងឫទ្ធី វិនិយោគទុន ដំណាំដូងប្រេងកម្ពុជា ដែលបានឈូសឆាយដីដោយពុំមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ”។ បើតាមសេចក្តីសម្រេចនោះ រដ្ឋាភិបាលក៏បានបញ្ជាក់ឲ្យក្រុមហ៊ុនបង់ថ្លៃ ដីសម្បទានសេដ្ឋកិច្ចដាំដូឡូងមីនៅខេត្តព្រះសីហនុ ក្នុងស្រុកព្រៃនប់ផងដែរ។
លោក ម៉ុង ឫទ្ធី ធ្លាប់បានប្រាប់វីអូឌីថាក្រុមហ៊ុនមិនបានបង់ប្រាក់លើដី សម្បទានសេដ្ឋកិច្ចនោះទេ ដោយលោកថាមិនមាននីតិវិធីច្បាស់លាស់សម្រាប់ការបង់។ លោកមានប្រសាសន៍ថា៖ “វាអត់ទាន់ច្បាស់លាស់ថាបង់យ៉ាងម៉េចអីយ៉ាងម៉េច ឲ្យច្បាស់លាស់មក ក្រុមហ៊ុនចាំតែបងទេ មិនដឹងនីតិវិធីច្បាស់លាស់”។
លោកក៏បានច្រានចោលថាក្រុមហ៊ុនមិនបានឈូសឆាយដីដូចក្នុងលើកឡើងនៅក្នុងសេចក្តីសម្រេចរបស់រដ្ឋាភិបាលនោះទេ។ លោកបញ្ជាក់ថា៖ “ឈូសស្អី បើអត់មានដីឈូសផង។ ដូងប្រេងហ្នឹងដាំហើយតាំងពីមុនឆ្នាំ២០០០។ ឥឡូវ១៦ឆ្នាំហើយ យកមកនិយាយផេះស្អី។ ខ្ញុំអត់ដឹងទេ គេសរសេរសរសេរទៅ ខ្ញុំអត់ដឹងផង”។
អនុប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា លោក សុន ឆ័យ ចាត់ទុកយន្តការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលជា”យន្តការខុសច្បាប់”ដោយលោកថាមិនមាននីតិវិធីច្បា ស់លាស់ហើយការអនុវត្តមិនបានត្រឹមត្រូវតាមកិច្ចសន្យា។ លោកបន្តថាក្នុងឆ្នាំ២០១៤ រដ្ឋាភិបាលអះអាងថាប្រមូលចំណូលបានប្រមាណ៥លាន៥សែនដុល្លារ ដែលលោកចាត់ទុកចំណូលនេះតិចតួចបំផុត។ លោកស្នើឲ្យរដ្ឋាភិបាលប្រមូលដីសម្បទានសេដ្ឋកិច្ចទាំងអស់មកវិញ និងទុកឲ្យមានការដុះព្រៃឈើនិងចែកជូនប្រជាពលរដ្ឋដែលខ្វះដីរស់នៅ។
បើតាមរបាយការណ៍ស្តីពីយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យមឆ្នាំ២០១៤-២០១៨ ចំណូលពីការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនវិនិយោគ មានចំនួនជាង៤៧លានដុល្លារអាមេរិក សម្រាប់រយៈពេល៣ឆ្នាំ(២០១១- ២០១៤) ។ របាយការណ៍ឲ្យដឹងថាគិតត្រឹមដើមខែមករា ឆ្នាំ២០១៥ ផ្ទៃដីសម្បទានសេដ្ឋ កិច្ចដែលបានចុះកិច្ចសន្យាមានចំនួន២០៥ក្រុមហ៊ុនលើផ្ទៃដីសរុប១៣៥៩៦៥៦ហិកតា។
របាយការណ៍បញ្ជាក់ថាតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា សម្បទានិកត្រូវបង់ថ្លៃឈ្នួលសម្បទានដីចំនួន៥ដុល្លាអាមេ រិកក្នុងមួយហិកតាក្នុងមួយឆ្នាំនៃផ្ទៃដីសរុប ដែលបានអនុញ្ញាតឲ្យឈូសឆាយ ដោយគិតពីឆ្នាំទី៦ទៅ ហើយថ្លៃសម្បទានដីត្រូវកើន១ភាគរយក្នុងមួយឆ្នាំដោយគិតចាប់ពីឆ្នាំទី៧។ ក្រុមហ៊ុន សម្បទានដីសេដ្ឋកិច្ចត្រូវបង់ប្រាក់កក់១០ដុល្លាក្នុងមួយហិកតានៃទំហំដី ដែលបានបានផ្តល់ជូនបន្ទាប់ពីចុះកិច្ចសន្យាក្នុងរយៈពេលមួយខែ។ ប្រាក់កក់ចំនួន៧០ភាគរយនឹងត្រូវប្រគល់ជូនក្រុមហ៊ុនវិញ នៅពេលមានការដាំដុះចប់សព្វគ្រប់តាមផែនការមេ។ ប្រាក់កក់ចំនួន៣០ភាគរយដែលនៅសល់គឺសម្រាប់ទូទាត់ថ្លៃសម្បទានដីនៅចុងគ្រានៃកិច្ចសន្យា៕
ប្រភព៖sokha@vodhotnews.com