ដូចជាការគ្រោងទុកមែនទំនប់វារីអគ្គិសនីដនសាហុង (Don Sahong)ចាប់ផ្តើមដំណើរការហើយខណៈក្រុមយុវជន និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើវិស័យនេះបានព្រមាន ថានឹងធ្វើយុទ្ធនាការមិនប្រើប្រាស់រាល់ផលិតផលរបស់ក្រុមហ៊ុនស្រាបៀ អង្គរនេះឡើយ។
ក្រុមយុវជនចោទប្រកាន់ថា ក្រុមហ៊ុននេះ គឺមានជាប់ពាក់ព័ន្ធការផលិតភ្លើងដែលនាំឲ្យមនុស្ស សត្វ និងមច្ឆាជាតិនៅក្រោមខ្សែទឹកនៃអាងទន្លេមេគង្គក្រោម ត្រូវរងផលប៉ះពាល់ធ្ងន់ធ្ងរ បើទំនប់វារីអគ្គិសនីនេះដំណើររួចទៅ។
ក្រុមយុវជនអះអាងថា យុទ្ធនាការនេះនឹងផ្សព្វផ្សាយឲ្យសាធារណជនដឹងពីឥទ្ធិពលនៃការទាញ យកភ្លើងពីទំនប់វារីអគ្គិសនី ហើយផ្ដល់ផលកាន់តែអាក្រក់ និងគំរាមកំហែងដ៏ធ្ងន់ធ្ងរដល់ការរស់នៅរបស់មនុស្ស តាមរយៈភាគហ៊ុនដ៏ធំមួយរបស់រោងចក្រផលិតស្រាបៀរអង្គរ។
ក្រុមហ៊ុនស្រាបៀរអង្គរដែលជាក្រុមហ៊ុនផលិតស្រាបៀរដ៏ធំនៅកម្ពុជា មានថៅកែជាជនជាតិម៉ាឡេស៊ី នោះ រងការចោទប្រកាន់ថា បានរួមចំណែកធ្វើឲ្យមនុស្សរាប់លាននាក់រស់នៅក្រោមខ្សែទឹកទន្លេ មេគង្គ ត្រូវប្រឈមមុខគ្រប់បែបយ៉ាង ។
តំណាងសកម្មជនបរិស្ថាន យល់ឃើញថា វាល្មមដល់ពេលដែលមនុស្សគ្រប់គ្នាត្រូវដឹងពីស្ថានភាពដ៏អាក្រក់ នឹងកើតឡើង ក្រោយពីទំនប់វារីអគ្គិសនីដនសាហុង ដំណើរការរួច។ ដោយចាត់ទុកថា ផលប៉ះពាល់មួយផ្នែក គឺផ្ដើមចេញពីភាគហ៊ុនជិតពាក់កណ្ដាលដែររបស់ក្រុមហ៊ុន ខេមប្រូវ (Cambrew) ដែលជាក្រុមហ៊ុនផលិតស្រាបៀអង្គរដ៏ធំនៅកម្ពុជា របស់លោក ហ្គោ ណាគៀ (Goh Nan Kioh)។ ក្រុមយុវជនព្រមានថា នឹងចាប់ផ្ដើមធ្វើយុទ្ធនាការតាមរយៈការផ្សព្វផ្សាយ និងមានវេទិកាថ្នាក់ជាតិពីពេលនេះ ឲ្យបញ្ឈប់ការប្រើប្រាស់រាល់ផលិតផលរបស់ក្រុមហ៊ុន ខេមប្រូវ ដែលផលិតមួយផ្នែកនូវស្រាបៀអង្គរដែរនោះ។
របាយការណ៍ដែលចេញផ្សាយដោយបណ្ដាញអង្គការ ដាប់ប៊លយូ.ដាប់ប៊លយូ.ហ្វែស (WWF) បានឲ្យដឹងថា ម្ចាស់ក្រុមហ៊ុននៃការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង គឺជាក្រុមហ៊ុនមេហ្គាហ្វឺស (Mega First Corporation)។ ក្រុមហ៊ុននេះមានភាគហ៊ុនចំនួន ៨០ភាគរយក្នុងការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ហើយនៅសល់ ២០ភាគរយទៀត គឺជាភាគហ៊ុនរបស់រដ្ឋាភិបាលឡាវ។ ក្នុងចំណោម ៨០ភាគរយនៃការវិនិយោគថាមពលនេះ គឺមានភាគហ៊ុនជិត ៣៣ភាគរយ (៣២,៨៦%) ជារបស់ក្រុមហ៊ុនស្រាបៀអង្គរដែរ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី បានអះអាងថា ផលប៉ះពាល់នៃវារីអគ្គិសនីដនសាហុងនេះ មិនត្រឹមតែធ្វើឲ្យជះឥទ្ធិពលអាក្រក់ចំពោះជីវិតមនុស្សទេ។ ក៏ប៉ុន្តែថែមទាំងរាល់មច្ឆាជាតិគ្រប់បែបយ៉ាង នឹងត្រូវជួបបញ្ហាដូចគ្នានេះដែរ។ លោកបន្តថា «យើងបារម្ភសំខាន់ៗពីរ ទីមួយ គឺផ្សោតដែលជិតផុតពូជនៅតំបន់នោះ។ អ៊ីចឹងបើសិនណាមានការសាងសង់ ហើយដំណើរការទំនប់ហ្នឹងទៅ ផ្សោតដែលនៅមួយគីឡូកន្លះពីទំនប់វាងាយរងគ្រោះ។ ទីពីរ គឺផួសាហុង ដែលគេចង់សាងសង់ទំនប់ដនសាហុងហ្នឹង គឺជាច្រកទឹកសំខាន់ ដែល ៨៧ភាគនៃត្រីទាំងអស់ហ្នឹង បន្លាស់ទីតាមហ្នឹងពេញមួយឆ្នាំ»។
ពាក់ព័ន្ធនឹងទំនប់វារីអគ្គិសនីដងសាហុងនេះ ប្រទេសដែលនៅក្រោមខ្សែទឹកទន្លេមេគង្គ រួមមាន កម្ពុជា និងវៀតណាម ជាដើម ធ្លាប់បានជំទាស់ជាញឹកញយមកហើយដែរពីគម្រោងនៃការសាងសង់របស់ភាគី ឡាវ នេះ។ ថ្វីបើពុំមានការពេញចិត្តចំពោះការវិនិយោគផ្នែកថាមពលនេះក៏ដោយ ចុះ ក៏សង្គមស៊ីវិលនៅតែចាត់ទុកថា រដ្ឋាភិបាលឡាវ ហាក់ពុំខ្វាយខ្វល់ និងអនុវត្តរាល់កិច្ចសន្យាម្ដងណាទេ។
លោក ឈិត សំអាត នាយកប្រតិបត្តិនៃអង្គការ ដាប់ប៊លយូ.ដាប់ប៊លយូ.ហ្វែស (WWF) យល់ឃើញថា គណៈកម្មការអាស៊ានក៏មិនគួរធ្វើព្រងើយកន្តើយចំពោះការប្រឈមនេះដែរ ព្រោះវាជាកង្វល់រួមនៅក្នុងតំបន់។ ម្យ៉ាងវិញទៀត រដ្ឋជាភាគីនៃសមាជិកអាស៊ាន មិនគួរឈរឱបដៃមើលប្រទេសមួយអាចយកផលចំណេញលើប្រទេសមួយទៀត ដោយមិនអន្តរាគមន៍នោះទេ។ កត្តានេះ នឹងជំរុញឲ្យស្ថានការណ៍មានភាពអាប់អួនៅក្នុងតំបន់បន្ថែមទៀត។ លោកបន្តថា «ឡាវ គាត់សង់ទៅគាត់បានផលប្រយោជន៍។ ប៉ុន្តែវាប៉ះពាល់ដល់ប្រទេសផ្សេងទៀត មិនមែនជាកិច្ចសហប្រតិបត្តិការល្អក្នុងអាស៊ានទេ។ អ៊ីចឹងគណៈកម្មការអាស៊ាន ត្រូវលើកបញ្ហានេះដើម្បីពិភាក្សាបន្ថែមរកដំណោះស្រាយរួម»។
តាមគម្រោងទំនប់វារីអគ្គិសនីដនសាហុងមានកម្ពស់៣០ម៉ែត្រទៅ៣២ ម៉ែត្រ និងមានចម្ងាយប្រហែល៧គីឡូម៉ែត្រ ។ ទំនប់នេះ មានចម្ងាយប្រមាណ១៥០០ម៉ែត្រពីព្រំដែនប្រទេសកម្ពុជា ក្នុងខេត្តស្ទឹងត្រែង ។ បើទោះបីជាមានការជំទាស់ពីបណ្តាប្រទេសនៅតាមដងទន្លេមេគង្គបែបណាក៏ ដោយ ក្រុមហ៊ុនមេហ្គាហ្វើសដែលជាអ្នកសាងសង់ទំនប់នេះបានបញ្ជាក់ថា ខ្លួនបានសិក្សា និងវាយតម្លៃអំពីផលប៉ះពាល់ បរិស្ថាន ឬហៅកាត់ថា EIA (Environmental Impact Assessment) រួចហើយ ឃើញថា មិនមានផលប៉ះពាល់អ្វីនោះទេ ។
រដ្ឋាភិបាលឡាវ ក្រោមការចង់មានចង់បានរបស់ក្រុមហ៊ុនមេហ្គាហ្វើស នៃចំណែកភាគហ៊ុនក្រុមហ៊ុនស្រាបៀរអង្គរ យល់ថា ការសាងសង់ទំនប់នេះស្ថិតក្នុងអធិបតេយ្យនៃប្រទេសឡាវ ។ រដ្ឋាភិបាលឡាវអះអាងថា មិនមានផលប៉ះពាល់អ្វីអំពីការសាងសង់ទំនប់នេះទេ ។ ប៉ុន្តែយោងតាមកិច្ចព្រមព្រៀងឆ្នាំ១៩៩៥ នៃបណ្តាប្រទេសជាសមាជិកគណៈកម្មាធិការទន្លេមេគង្គ កំណត់ឲ្យបញ្ឈប់ និងសងសំណង ប្រសិនបើរកឃើញមានផលប៉ះពាល់ឆ្លងដែនជាក់លាក់ ។ មាត្រា៧ចែងថា «ការទទួលខុសត្រូវសំណងដោយរដ្ឋជាភាគី» ។
ក្រុមហ៊ុនស្រាបៀរអង្គរ ក៏ដូចជាក្រុមហ៊ុនមេហ្គាហ្វើស មិនត្រឹមតែមិនគោរពលើសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ សូម្បីតែសត្វ, មច្ឆាជាតិក៏មិនមេត្តា ។សូមបញ្ជាក់ថាកន្លងមកនេះនារីអ្នកលក់ស្រាបៀរអង្គរក៏ធ្លាប់បានធ្វើ បាតុកម្មប្រឆាំងនឹងក្រុមហ៊ុននេះព្រោះតែការមិនគោរពច្បាប់ការងារ របស់ប្រទេសកម្ពុជានោះដែរ ។ ដូច្នេះប្រជាពលរដ្ឋកម្ពុជាត្រូវដឹងថា ទុក្ខសោកដែលនឹងកើតឡើង ក្រោយពេលទំនប់វារីអគ្គិសនីដនសាហុងកើតឡើង គឺដោយសារតែក្រុមហ៊ុនស្រាបៀរអង្គរខេមប្រ៊ូនេះឯង។ទំនប់ វារីអគ្គិសនីដនសាហុង ដែលមានថាមពល ២៦០មេហ្គាវ៉ាត់ គឺស្ថិតនៅក្នុងខេត្តចំប៉ាសាក់ ប្រទេសឡាវ។ តំណាងសហគមន៍ព្រះរំកិល និយាយអះអាងថា ទំនប់វារីអគ្គិសនីនេះដំណើរការទៅ វានឹងកាត់ផ្ដាច់លំហូរនៃមច្ឆាជាតិពីអាងទន្លេមេគង្គលើ និងធ្វើឲ្យភក់ល្បាប់ត្រូវរីងស្ងួត ជាដើម។ ការប្រឈមនេះ នៅមិនទាន់គិតដល់ចំនួនសត្វផ្សោត នឹងត្រូវផុតពូជនៅឡើយផង៕