ភ្នំពេញ៖ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងឆ្នេរសមុទ្រកម្ពុជា និងឆ្នេរសមុទ្រ Baie de Morbihan នារសៀលថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក Gerad Pierre អនុប្រធានក្រុមប្រឹក្សាតំបន់ Mobihan។
សម្រាប់ឆ្នេរសមុទ្រកម្ពុជា បានជំរុញដល់ការអភិវឌ្ឍន៍ក្នុងតំបន់ ជាពិសេសបង្កើនឧត្តមភាពប្រកួតប្រជែងរបស់ឆ្នេរសមុទ្រកម្ពុជា ដែលត្រូវបានប្រសិទ្ធនាមថា ’’ឆ្នេរសមុទ្រកម្ពុជា តារារះនាទិសនិរតី’’ ដោយបានរួមចំណែកពង្រឹងតុល្យភាព នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដើម្បីរក្សាស្ថេរភាពកំណើនក្នុងរយ:កាលយូរអង្វែងប្រកបដោយសមធម៌សម្រាប់ការអភិឌ្ឍន៍មូលដ្ឋាននៅតំបន់ឆ្នេរសមុទ្រ នាយុគសម័យបច្ចុប្បន្ន និងជំនាន់ក្រោយៗទៀតតទៅអនាគត។
ទន្ទឹមនឹងកាលានុវត្តភាពទាំងនេះ តំបន់ឆ្នេរសមុទ្រកម្ពុជា បាននឹងកំពុងប្រឈមនូវបញ្ហាមួយចំនួន ដែលទាមទារឲ្យមានការគិតគូរឲ្យបានទាន់ពេលវេលា ក្នុងនោះរួមមាន ៖ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅតាមឆ្នេរ, ការសាងសង់មិនគោរពតាមបទដ្ឋានបច្ចេកទេស នៅតាមបណ្តោយឆ្នេរ, លើដីចំណីឆ្នេរ និងតំបន់រណប ការគ្រប់គ្រងសំណល់រឹង និងរាវ និងសកម្មភាពមួយចំនួន ដែលអាចប៉ះពាល់ដល់ធនធានក្រោមសមុទ្រ។ ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរ៍ភាព និងការទទួលខុសត្រូវ ឬការអភិវឌ្ឍបៃតង ជាគំរូអភិវឌ្ឍដែលគិតគូរដល់ការអភិរក្សថែរក្សាសម្បត្តិវប្បធម៌ ធនធានធម្មជាតិ និងបរិស្ថានប្រកបដោយគុណតម្លៃ នៅតំបន់ឆ្នេរ ដែលទាំងនេះ ទាមទារឲ្យមានការដាក់ចេញ នូវផែនការយុទ្ធសាស្ត្រច្បាស់លាស់ និងមានភាពប្រាកដប្រជាក្នុងការគ្រប់គ្រង។ ហើយនៅពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងមានអនុក្រឹត្យស្តីពី ការគ្រប់គ្រងឆ្នេរសមុទ្រកម្ពុជា ច្បាប់គ្រប់គ្រងឆ្នេរសមុទ្រ និងច្បាប់អេកូទេសចរណ៍ ជាដើម។
តំបន់ឆ្នេរសមុទ្រកម្ពុជា បាននឹងកំពុងក្លាយជាកាលានុវត្តភាព ដ៏មានសារ:សំខាន់សម្រាប់វិស័យទេសចរណ៍កម្ពុជា ដែលយើងចាំបាច់ត្រូវរួមគ្នាទាំងវិនិយោគិន ប្រតិបត្តិករទេសចរណ៍ អាជីវករទេសចរណ៍ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានត្រូវ ’’រួមគិត រួមធ្វើ រួមទទួលខុសត្រូវ’’ ស្របតាមគោលនយោបាយឧស្សាហកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាដើម្បីឆ្ពោះទៅដណ្តើមជ័យលាភី “ទីក្រុងទេសចរណ៍ស្អាតអាស៊ាននៅឆ្នាំ២០១៨ ខាងមុខ និងត្រៀមទទួលពិធីបុណ្យសមុទ្រលើកទី៥ ក្រោមប្រធានបទ “ទីក្រុងតំបន់ឆ្នេរស្អាត ទេសចរណ៍មានកំណើន” ដែលគ្រោងនឹងរៀបចំនៅដើមខែធ្នូ ឆ្នាំ២០១៦ នេះ៕