ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី៩ខែកុម្ភៈម្សិលមិញបានស្នើឲ្យប្រជាពលរដ្ឋដែលមានលំនៅឋាន នៅតាមបណ្តោយផ្លូវរថភ្លើងក្នុងរាជធានីភ្នំពេញ «រក្សាភាពស្ងៀមស្ងាត់» ចំពោះគម្រោងនៃការសាងសង់ផ្លូវល្បឿនលឿនដោយសារវាស្ថិតនៅក្នុង ដំណាក់កាលសិក្សានៅឡើយ។
ទោះយ៉ាងណាពលរដ្ឋនៅតែសម្តែងការព្រួយបារម្ភបន្ទាប់ពីមានការ ប្រកាសដោយលោកនាយករដ្ឋមន្ត្រីកាលពីខែមុនអំពីការអនុម័តយល់ព្រម របស់រដ្ឋាភិបាលចំពោះគម្រោងនេះខណៈដែលអាជ្ញាធរមូលដ្ឋានមិនបាន ប្រកាសប្រាប់ប្រជាពលរដ្ឋ ឬធ្វើការពិគ្រោះយោបល់អំពីផលប៉ះពាល់នៃគម្រោងនេះ។
លិខិតរបស់ក្រសួងសាធារណការកាលពីម្សិលមិញបានសរសេរថាគម្រោង សាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញជាគម្រោងមួយដែលទទួលបានការឯកភាពពីប្រមុខ រដ្ឋាភិបាលដើម្បីដាក់ជូនក្រុមហ៊ុនឯកជនធ្វើការវិនិយោគសាងសង់។
ក្រសួងបន្តថាគេនឹងធ្វើការរៀបចំវេទិកាសាធារណៈនៅនឹងកន្លែង ដើម្បីពិគ្រោះយោបល់ពីផលប៉ះពាល់ជាមួយពលរដ្ឋមុននឹងធ្វើការសាងសង់ ប៉ុន្តែគេនៅរង់ចាំការសម្រេចពីប្រមុខរដ្ឋាភិបាលនៅឡើយក្នុងការ ផ្តល់សិទ្ធិលើក្រុមហ៊ុនណាមួយក្នុងចំណោមក្រុមហ៊ុនចំនួនពីរដែលបាន ស្នើសុំវិនិយោគ។
ក្រសួងបន្តថា៖ «សូមបងប្អូនមេត្តារក្សាភាពស្ងប់ស្ងៀម បន្តប្រកបអាជីវកម្មប្រចាំថ្ងៃជាធម្មតាទុកឱកាសជូនរដ្ឋាភិបាល ពិនិត្យពិចារណារកដំណោះស្រាយណាមួយដែលអាចទទួលយកបានទាំងអស់គ្នា។ គម្រោងសង់ផ្លូវអាកាសល្បឿនលឿននេះកំពុងស្ថិតនៅក្នុងដំណាក់កាល សិក្សានៅឡើយ»។
ក្រុមហ៊ុន ២ គឺក្រុមហ៊ុន OCIC និងក្រុមហ៊ុន ហឺណាន (វិទ្យាស្ថាន Henan Provincial Communications planning, Survey & Design Institute Co,Ltd របស់ ចិន) ជាអ្នកស្នើវិនិយោគផ្លូវល្បឿនលឿននេះ។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីថ្ងៃទី ៥ មករាពីគម្រោងសាងសង់ផ្លូវអាកាស និងផ្លូវក្រោមដីចំនួន ៤ ទៀតដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ក្នុងនោះក៏មានគម្រោងសាងសង់ ផ្លូវល្បឿនលឿនដែលតភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញមកក្នុង រាជធានីភ្នំពេញដែលជាការវិនិយោគរបស់ក្រុមហ៊ុនឯកជន។
សម្ដេចក៏បានថ្លែងបន្តទៀតថា៖ «យើងឯកភាពជាគោលការណ៍ឲ្យធ្វើផ្លូវអាកាសល្បឿនលឿនប្រវែង ១៣ គីឡូ ៦៨៧ ម៉ែត្រ ទទឹង ១៩ ម៉ែត្រលើគន្លងផ្លូវរថភ្លើងអ៊ីចឹងរថភ្លើងចេះតែបើកពីក្រោមទៅ នៅខាងលើគឺមានផ្លូវ Auto road ល្បឿនលឿនមួយពីខាងលើ (ExpressWay) ដើម្បីកុំឲ្យស្ទះចរាចរណ៍អ្នកទៅព្រលានយន្តហោះពោធិ៍ចិនតុង»។
ក្រោយការប្រកាសនេះប្រជាពលរដ្ឋតាមបណ្តោយផ្លូវរថភ្លើងក៏បាន ធ្វើការតវ៉ានៅមុខក្រសួងសាធារណការចំនួនពីរដងក្នុងខែមករាស្នើសុំ ឲ្យក្រសួងផ្តល់ព័ត៌មានលម្អិត និងធ្វើជាវេទិកាពិគ្រោះយោបល់ជាមួយពលរដ្ឋនិយាយអំពីផលប៉ះពាល់។
ឯកឧត្តមលឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការកាលពីម្សិលមិញនៅតែមិនអាចបញ្ជាក់បាន ពីពេលវេលានៃការធ្វើការពិគ្រោះយោបល់ដោយថ្លែងថា៖ «ការងារនេះកំពុងដំណើរការនៅឡើយ»។
លោក នាង ផានិត អាយុ ៣២ ឆ្នាំពលរដ្ឋរស់នៅក្នុងខណ្ឌទួលគោកតាមបណ្តោយផ្លូវរថភ្លើងបានថ្លែង ថាដំណឹងពីក្រសួងជាសញ្ញាល្អសម្រាប់ពលរដ្ឋតែប្រជាពលរដ្ឋនៅតែ បារម្ភថា «ក្រសួងព្យាយាមពន្យារពេលវេលា» ហើយលុះដល់ថ្ងៃកំណត់ណាមួយនឹងមានការចុះធ្វើការសាងសង់តែម្តងដោយ ពុំមានការដោះស្រាយពីផលប៉ះពាល់ជាមុនុ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឲ្យដឹងដែរថា ប្រជាពលរដ្ឋនឹងទាក់ទងទៅក្រសួងនាថ្ងៃពុធទី១០ខែកុម្ភៈនេះទៀតដើម្បីសុំឲ្យ កំណត់វេលានៃការពិគ្រោះយោបល់ជាមួយពលរដ្ឋឲ្យបានច្បាស់ហើយបើមិន កំណត់ពលរដ្ឋនឹងបន្តធ្វើការតវ៉ាសាជាថ្មីទៀត៕