ភ្នំពេញៈ ស្ត្រីខ្មែរ-អ៊ីស្លាមម្នាក់ដែលធ្វើការជាស្ត្រីបម្រើការតាមផ្ទះនៅ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានស្វែងរកការអន្តរាគមន៍ឲ្យជួយសង្គ្រោះ ខណៈដែលស្ត្រីរូបនោះអះអាងថាខ្លួនកំពុងជួបការលំបាកអំឡុងពេលធ្វើ ការងារនៅប្រទេសដែលជាទឹកដីសម្បូរប្រេងមួយនេះ។
ស្ត្រីខ្មែរ-អ៊ិស្លាមឈ្មោះ ហ៊ីម ស្រី អាយុ ៣៩ ឆ្នាំមកពីស្រុកកងមាស ខេត្តកំពង់ចាមបាននិយាយពីទីក្រុង រីយ៉ាដ ប្រទេស អារ៉ាប៊ី សាអ៊ូឌីត តាមទូរស័ព្ទថាខ្លួនបានមកប្រទេស អារ៉ាប៊ី សាអ៊ូឌីត នេះតាមរយៈមេខ្យល់នៅថ្ងៃទី ៨ មករាដើម្បីធ្វើការជាស្ត្រីបម្រើការផ្ទះតែត្រូវជួបការលំបាកដោយ ត្រូវដូរពីថៅកែមួយទៅថៅកែមួយព្រោះតែធ្វើការច្រើនមិនបានទទួល អាហារគ្រប់គ្រាន់ហើយនិងមិនបានបើកប្រាក់ឈ្នួលថ្លៃកម្លាំងពលកម្ម។
ស្ត្រីរូបនោះបាននិយាយទៀតថាដោយសារខ្លួនមានរបួសដៃតាំងពីស្រុក ខ្មែរហើយនៅពេលដល់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតដៃក៏ស្ពឹកមិនអាច ធ្វើការល្អទើបត្រូវថៅកែស្តីបន្ទោសដោយដូរថៅកែដល់ទៅ ៤ ម្ចាស់ក្នុងរយៈមួយខែជាង។
ស្ត្រីរូបនោះបាននិយាយថា «ធ្វើការងារផ្ទះឲ្យគេម៉ាចប់ធ្វើទាំងដៃឈឺគេនៅបន្ទោសយើងថា ធ្វើការអត់ល្អឈឺរហូតដូរម្ចាស់មួយទៅម្ចាស់មួយហើយនៅចុងក្រោយយក ខ្ញុំទៅដាក់នៅក្រុមហ៊ុនមួយតែគ្មានអីញ៉ាំគ្រប់ទេឯប្រាក់ឈ្នួល ក៏មិនបានទៀតបានតែ ១០ រីយ៉ាល់ប៉ុណ្ណោះ ( ១០ ម៉ឺនរៀល)»។
បុរសជាប្តីឈ្មោះ ម៉ាត់ យូសុះ បានឲ្យដឹងថាស្ត្រីជាប្រពន្ធគាត់ទៅតាមរយៈមេខ្យល់ដោយមេខ្យល់នោះ អះអាងថាខ្លួនមានក្រុមហ៊ុនស្របច្បាប់ និងបានសន្យារកការងារធ្វើនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតនោះដោយទទួលបាន ប្រាក់ឈ្នួលជាង ៣០០ ដុល្លារក្នុង ១ ខែ។
លោកបានបន្តថា៖ «មេខ្យល់ទារខ្ញុំ ១៥០០ ដុល្លារដើម្បីឲ្យប្រពន្ធខ្ញុំវិលមកស្រុកវិញខ្ញុំមានលុយឯណាបើ ខ្លួនក្រហើយមានកូនក្នុងបន្ទុកដល់ទៅ ៥ នាក់នោះ»។
អ្នកស្រី ធីម ណារិន មន្ត្រីសម្របសម្រួលសមាគមអាដហុកខេត្តកំពង់ចាមបានឲ្យដឹងថានេះជា ការទទួលខុសត្រូវរបស់មេខ្យល់ក្នុងការបញ្ជូនស្ត្រីត្រឡប់មកវិញ ពីព្រោះក្រុមគ្រួសារមិនមានលទ្ធភាពរកប្រាក់ ១៥០០ ដុល្លារភ្លាមៗនោះទេ។
អ្នកស្រីបានបញ្ជាក់ថា «ក្រុមហ៊ុនដែលមេខ្យល់បានអះអាងនោះគ្មានអាសយដ្ឋានច្បាស់លាស់ និងគ្មានស្លាកសញ្ញាសម្គាល់ក្រុមហ៊ុនអីនោះទេគឺមេខ្យល់បោកហើយ ករណីនេះ។ នេះជាករណីកម្រដែលមានពលករខ្មែររងគ្រោះរហូតទៅដល់ប្រទេស អារ៉ាប៊ីសាអ៊ូឌីត»។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានថ្លែងថាករណីនេះខាងក្រសួង បានទាក់ទងឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូវ៉ែតឲ្យអន្តរាគមន៍ ព្រោះប្រទេសកម្ពុជាពុំទាន់មានស្ថានឯកអគ្គរាជទូតប្រចាំនៅប្រទេស អារ៉ាប៊ីសាអ៊ូឌីតនោះទេ។
លោកបានថ្លែងថា «ស្ថានទូតខ្មែរនៅកូវ៉ែតកំពុងអន្តរាគមន៍ជួយគាត់ឲ្យត្រឡប់មកស្រុកកំណើតវិញឆាប់ៗខាងមុខ»។
លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់បានថ្លែងកាលពីម្សិលមិញថាករណី រងគ្រោះនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតមានអង្គការផ្សេងៗទទួលបានពាក្យ បណ្តឹងហើយជាករណីដែលកម្រនឹងមាន។
លោកបានឲ្យដឹងថា « មានពលករខ្មែរនៅប្រទេសអារ៉ាប់តិចតួចនៅឡើយតែបែរជាមានករណីរងគ្រោះ»។
យោងតាមរបាយការណ៍របស់ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថាក្រសួង បានជួយអន្តរាគមន៍ជួយពលករធ្វើការក្រៅប្រទេសចំនួន ៥៧៣ នាក់ក្នុងឆ្នាំ ២០១៥ ចំណែកឯឆ្នាំ ២០១៤ មាន ១៣៤ នាក់មានការកើនឡើងជាង ៣០០ ភាគរយពីប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ចិន អារ៉ាប៊ីសាអ៊ូឌីត និងអាហ្វ្រិកខាងត្បូងជាដើម៕