ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតថ្មី សហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា ឯកឧត្តម ចច អ៊ីហ្គា (George Edgar)ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា។
ឯកឧត្តម ចច អ៊ីហ្គា បានលើកឡើងថា សហភាពអឺរ៉ុប នៅតែយកចិត្តទុកដាក់ជាខ្លាំង ជាមួយនឹងកម្ពុជា នៅក្នុងនោះពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២០ គម្រោង របស់សហភាពអឺរ៉ុបជួយមកកម្ពុជា មានលើវិស័យអប់រំ កំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងវិស័យកសិកម្ម សុខាភិបាល ជាដើម។ ឯកឧត្តម ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានជម្រាបជូន សម្តេចប្រធានរដ្ឋសភា បន្តទៀតថា ពិតណាស់ថា នៅពេលនេះរដ្ឋសភាកម្ពុជាមានទំនាក់ទំនងគ្នាយ៉ាងល្អ ជាមួយរដ្ឋសភាបណ្តាប្រទេសមួយចំនួន ដែលជាសមាជិកសហភាពអឺរ៉ុប ប៉ុន្តែកិច្ចការនេះត្រូវការពង្រឹងពង្រីកបន្ថែមទៀត។ ក្នុងន័យនេះ ឯកឧត្តម ចច អ៊ីហ្គា បានសន្យាថានឹងខិតខំជួយជំរុញទំនាក់ទំនាក់រដ្ឋសភាកម្ពុជា និងរដ្ឋសភាបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបផងដែរ។
ជាការឆ្លើយតបសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចសូមអបអរសាទរ ឯកឧត្តម ចច អ៊ីហ្គា ដែលត្រូវបានទទួលការតែងតាំងជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។
សម្តេចបានលើកឡើងដែលថា ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ ទំនាក់ទំនងរវាងកម្ពុជា-សហភាពអឺរ៉ុប បានបោះជំហ៊ានទៅមុខគួរឲ្យកត់សំគាល់ ក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប។
សូមបញ្ជាក់ថាសហភាពអឺរ៉ុប ជាទីផ្សារនាំចេញដ៏ធំរបស់កម្ពុជា ពិសេសផលិតផលកសិកម្ម។ នៅក្នុងឱកាសជួបសម្តែងការគួរសមជាមួយ សម្តេចប្រធានរដ្ឋសភា នេះ ឯកឧត្តឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ក៏បានលើកឡើងពីការខិតខំក្នុងការជំរុញកំណើនទំហំពាណិជ្ជកម្មកម្ពុជា និងសហភាពអឺរ៉ុប ផងដែរ។
ជាទីបញ្ចប់ សម្តេចបានសម្តែងក្តីសង្ឃឹមថា ក្នុងអាណត្តិការទូត របស់ឯកឧត្តម ចច អ៊ីហ្គានឹងធ្វើឲ្យទំនាក់ទំនងដ៏ល្អរវាង កម្ពុជា និងសហភាពអឺរ៉ុប ត្រូវបានបន្តថែរក្សា ព្រមទាំងអភិវឌ្ឍជាបន្តបន្ទាប់៕