កំពង់ចាម ៖ ថ្លែងទៅកាន់ប្រជាពលរដ្ឋនិងមន្ត្រីរាជការស្រុកកងមាសឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលបានខិតខំដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋតាម គ្រប់មធ្យោបាយ ។ លោកបណ្ឌិតបានមានប្រសាសន៍បែបនេះ ក្នុងពិធីកាត់ខ្សែបូសម្ពោធបុណ្យឆ្លងផ្លូវថ្នល់ និងសមិទ្ធផលនានាក្នុងវត្តព្រហ្មឧត្តមទួលបី នៅព្រឹកថ្ងៃទី១២ កុម្ភៈ ស្ថិតនៅឃុំរាយប៉ាយ ស្រុកកងមាស ។
ឯកឧត្តមបណ្ឌិតបានបន្តថា ជាការពិតណាស់ យើងមិនអាចដោះស្រាយបញ្ហាបាន១០០% និងឱ្យលឿនដូចគេជប់នោះទេ ប៉ុន្តែយើងបាននិងកំពុងដោះស្រាយបញ្ហាប្រឈមជាបណ្តើរៗ ក្នុងនោះដូចជា ការលើកកម្ពស់កម្រិតជីវភាពមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងការបម្រើសេវាសាធារណៈ និងតម្រូវការផ្សេងៗ ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់ប្រព័ន្ធសង្គមហ្វេសប៊ុក (Facebook) គឺចង់ដឹងពីតម្រូវការរបស់ប្រជាពលរដ្ឋ និងខិតខំប្រឹងប្រែងដោះស្រាយតាមលទ្ធភាព និងតាមរយៈស្ថាប័នជំនាញឱ្យចំគោលដៅ តាមគ្រប់មធ្យោបាយ ធ្វើយ៉ាងណាដើម្បីឱ្យប្រជាពលរដ្ឋដែលមានទំនុកចិត្ត និងគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការដឹកនាំប្រទេស ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៍បានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋស្រុកកងមាស ដែលទទួលបានផ្លូវថ្នល់ថ្មី និងសមិទ្ធផលនានានៅក្នុងមូលដ្ឋាន ដែលពីមុនទីនេះ គឺជាកន្លែងមានសង្គ្រាម ហើយបច្ចុប្បន្នជាទីកន្លែងដែលមានសន្តិភាព និងការអភិវឌ្ឍ ៕