ស្ទឹងត្រែង៖ រមណីយដ្ឋានឆ្នេរខ្សាច់សេកុងនៅខេត្តស្ទឹងត្រែងដែលទើបបង្កើតថ្មី ក្នុងឆ្នាំ២០១៦នេះ នៅតាមដងទន្លេសេកុងកំពុងមានភាពល្បីល្បញ បែរជាត្រូវគេរិះគន់យ៉ាងខ្លាំងពីភ្ញៀវទេសចរទៅលើអាជ្ញាធរពាក់ព័ន្ធថា មិនចេះរៀបចំសេវាកម្មផ្សេងៗ និងរក្សាអនាម័យឱ្យបានល្អស្អាតទាល់តែសោះ។
ឆ្នេរខ្សាច់ សេកុង គឺជារមណីយដ្ឋានមួយថ្មីនៅជិតក្រុងបំផុតស្ថិតនៅចំណុចតាដុងតាដាំ ភូមិស្រែពោធិ៍សង្កាត់ស្រះប្ញស្សីក្រុងស្ទឹងត្រែង។ បើយើង ឈរមើលពីលើ ស្ពានសេកុងចោលកន្ទុយភ្នែក ទៅទិសខាងកើត នឹងឃើញពីភាពស្រស់ស្អាត របស់កោះខ្សាច់ រំលេចឡើងដោយតូបលក់ដូរនៅលើវាលខ្សាច់នោះ។ ឆ្នេរខ្សាច់សេកុង គឺជាកន្លែងចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ ព្រោះថា ទីនោះមានទេសភាពស្រស់ស្អាត, អាចងូតទឹកលេងកម្សាន្តបានតាមចិត្តនិងនៅជិតក្រុងបំផុត។ ភ្ញៀវទេសចរមកលេងឆ្នេរខ្សាច់សេកុងបានរិះគន់ថា អាជ្ញាធរពាក់ព័ន្ធគួរតែរៀបចំកន្លែងកម្សាន្តឱ្យបានប្រសើរជាងនេះ។ មិនគួរឈូសផ្លូវពីមាត់ច្រាំងចូលទៅកាន់ទន្លេមិនដាក់ប្រព័ន្ធលូ ធ្វើឱ្យប៉ះពាល់ដល់រមណីយដ្ឋានឯកជនផ្សេងទៀត។ សេវាកម្មផ្សេងៗរួមទាំងម្ហូបអាហារមានតម្លៃខ្ពស់ប៉ះពាល់អារម្មណ៍ ភ្ញៀវទេសចរពេលទៅលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម កន្លងទៅនេះ។ ភ្ញៀវទេសចរបាននិយាយថាពេលចូលទៅកាន់ឆ្នេរខ្សាច់សេកុងរថយន្តទេសចរណ៍ ធុនតូចមួយគ្រឿងត្រូវចំណាយអស់១ម៉ឺនរៀល។ម៉ូតូ១គ្រឿង មួយពាន់រៀលនិងមនុស្សម្នាក់ក៏មួយពាន់រៀលដែរ។ពេលយកម៉ូតូដាក់ ផ្ញើរក៏យកថ្លៃមួយពាន់រៀលទៀត។
ចំណែកមុខម្ហូបអាហារវិញ នោះឃើញថាមាន់មួយក្បាលតូចយ៉ាងតិចក៏៤ម៉ឺនរៀល។សាច់គោអាំងមួយ ចង្កាក់ក៏មួយពាន់រៀល។ ខ្ជូស សម្រាប់អង្គុយមួយកន្លែងយកថ្លៃ២ម៉ឺនរៀល(មិនគិតម៉ោង)។ដោយឡែក បង្គាន់អនាម័យមានចំនួនតិចហើយគ្មានធុងសម្រាប់ដាក់សំរាមឱ្យបាន គ្រប់គ្រាន់។ដោយសារគ្មានធុងដាក់សំរាមនេះហើយទើបធ្វើឱ្យភ្ញៀវ ហូបចុករួចបោះចោលសំរាមអណ្តែតពេញផ្ទៃទឹកនិងនៅលើវាលខ្សាច់។
ទោះបីជាយ៉ាងណាលោកអ៊ន់ប៉ោសឿនប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានអះអាងថាលោកបានជំរុញឱ្យសេវាកម្មលក់ដូរម្ហូបអាហារនិងសេវា ផ្សេងៗឱ្យមានតម្លៃសមរម្យចាប់តាំងពីចាប់ផ្តើមរៀបចំរមណីយដ្ឋានឆ្នេរ ខ្សាច់មកម្ល៉េះ។លោកសុំឱ្យមានការថែរក្សាអនាម័យបរិស្ថានស្អាត។មាន កងសន្តិសុខការពារសុវត្ថិភាពដល់ភ្ញៀវទេសចរពេលគេមកលេង។ហ្វេសប៊ុក មន្ទីរទេសចរណ៍ខេត្តបានសរសេរថានាឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមក្នុង រយះពេលបីថ្ងៃឆ្នាំ២០១៦នេះមានភ្ញៀវទេសចរចំនួន៣០.៨០០នាក់។មាន កំណើន៨១,៣១ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០១៥មានចំនួនត្រឹមតែ១៦.៩៨៧ នាក់។
ភ្ញៀវទេសចរមកកម្សាន្តក្នុងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ កោះខ្សាច់សេកុងទើបនឹងបង្កើតថ្មីក្នុងឆ្នាំ២០១៦នេះមានអ្នកចូល ទស្សនាចំនួន៩.៩៥៥នាក់។ខេត្តស្ទឹងត្រែងមានរមណីយដ្ឋានអេកូទេសចរណ៍ ចំនួន២៧កន្លែង ក្នុងនោះមានរមណីយដ្ឋានទេសចរណ៍ចំនួន៧កន្លែង មានភាពទាក់ទាញជាងគេ ដូចជា រមណីយដ្ឋានធម្មជាតិ បុប្ផាភ្លុក ស្ថិតក្នុងឃុំភ្លុក ស្រុកសេសាន។ រមណីយដ្ឋានអូរប្ញស្សីកណ្តាលនៅ ឃុំអូរប្ញស្សីកណ្តាល ស្រុកសៀមបូក។អន្លង់ឈើទាល មើលសត្វផ្សោត ឃុំព្រះរំកិល,បូរីអូរស្វាយ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់និងឆ្នេរខ្សាច់សេកុងនៅក្រុងស្ទឹងត្រែង។ សហគមន៍ អេកូទេសចរណ៍ អាហារដ្ឋានសត្វត្មាតជាដើម៕