ភ្នំពេញ៖ ស្អែកនេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក តាមការអញ្ជើញរបស់ ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ដើម្បីចូលរួមកិច្ចប្រជុំ កំពូលពិសេសរវាង អាស៊ាន និងសហរដ្ឋអាមេរិក នៅថ្ងៃទី១៥-១៦ កុម្ភៈឆ្នាំ២០១៦ ។
នៅក្នុងហ្វេសប៊ុក ផ្លូវការណ៍របស់សម្តេចតេជោហ៊ុន សែននាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ នេះ សម្តេចបានសរសេរថា "ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីគោរព បងប្អូនជនរួមជាតិ ជាទីស្រឡាញ់! ថ្ងៃស្អែកនេះ ខ្ញុំព្រះករុណាខ្ញុំ ត្រូវដឹកនាំប្រតិភូ ជាន់ខ្ពស់កម្ពុជាទៅ កាន់សហរដ្ឋអាមេរិក តាមការអញ្ជើញរបស់ ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ដើម្បីចូលរួមកិច្ចប្រជុំ កំពូលពិសេសរវាង អាស៊ាន និងសហរដ្ឋអាមេរិក"។
សម្ដេចបានបញ្ជាក់ថា "នេះជាឱកាសដ៏ល្អមួយ ដែលបណ្តាប្រទេសអាស៊ាន រួមជាមួយសហរដ្ឋអាមេរិក ខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការ ឲ្យកាន់តែទូលំ ទូលាយជាងមុន ស៊ីជម្រៅជាងមុន ប្រសិទ្ធភាពជាងមុន ក្នុងក្របខ័ណ្ឌដៃគូ យុទ្ឋសាស្ត្រ"។
សម្ដេចបានបន្តថា "ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំលា និងសូមលា មួយរយៈពេលខ្លី ដើម្បីបំពេញ បេសកម្ម នៅក្រៅប្រទេស"៕