ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាកចេញពីប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នាថ្ងៃទី១៥-១៦ ខែកុម្ភៈ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា រដ្ឋមន្ត្រី៤រូបនឹងអមដំណើរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំនេះ ក្នុងនោះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តមអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ឯកឧត្តមហង់ ជួនណារុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នេះ មានបញ្ហាជាច្រើននឹងត្រូវលើកយកមក ពិភាក្សាមានទាំងបញ្ហាសន្តិសុខក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក ដែលកំពុងប្រឈមនាពេលបច្ចុប្បន្ន ក្នុងនោះរួមមានបញ្ហាជម្លោះក្នុងសមុទ្រចិនខាងត្បូង រវាងប្រទេសចិន ជាមួយប្រទេសជាសមាជិកអាស៊ានផងដែរ៕