ស្ទឹងត្រែងៈ ឈើខុសច្បាប់ជាង ៣០០ កំណាត់ត្រូវបានរកឃើញ និងដកហូតនៅជិតសិប្បកម្មកែច្នៃឈើ និងផ្នូរខ្មោចរបស់ជនជាតិវៀតណាមក្នុងក្រុងស្ទឹងត្រែងខណៈដែល កម្លាំងរបស់គណៈកម្មការចម្រុះកំពុងតែចុះពិនិត្យនៅទូទាំងខេត្ត ជាថ្មីទៀតក្នុងនោះក៏មានក្រុមហ៊ុនទ្រីភាពផងដែរ។
កម្លាំងរបស់គណៈកម្មការចម្រុះទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើរួមនឹងមន្ត្រីអាវុធហត្ថ បរិស្ថាន រដ្ឋបាលព្រៃឈើ និងនគរបាល និងតំណាងអយ្យការសាលាដំបូងខេត្តស្ទឹងត្រែងបានចុះពិនិត្យសិប្បកម្ម កែច្នៃឈើរបស់ជនជាតិវៀតណាមម្នាក់ឈ្មោះ ហេង សំនៀង ហៅយាយព្រឿងស្ថិតក្នុងសង្កាត់ព្រះបាទកាលពីចុងសប្តាហ៍មុន។ ក្នុងនោះបានរកឃើញឈើនៅជិតសិប្បកម្មនោះជាង ៣០០ កំណាត់។
លោកស្រី ស៊ុន យ៉ឺត ព្រះរាជអាជ្ញារងដែលចូលរួមក្នុងការចុះពិនិត្យនោះបានឲ្យដឹងកាលពី ម្សិលមិញថាឈើទាំងជាង ៣០០ កំណាត់នោះគឺស្ថិតនៅម្តុំផ្នូរកប់សពជនជាតិវៀតណាមជិតនឹង សិប្បកម្មឈ្មោះ ហេង សំនៀង នោះហើយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើថាជាឈើខុសច្បាប់។ រីឯឈើនៅក្នុងសិប្បកម្មវិញលោកស្រីមិនបានដឹងថាមានប៉ុន្មាននោះទេ ប៉ុន្តែត្រូវបានគេរកឃើញថាជាឈើស្របច្បាប់។
លោកស្រីបញ្ជាក់ថា៖ «ឈើហ្នឹងសរុបទៅមានជាង ៣០០ កំណាត់នៅខាងក្រោយសិប្បកម្មនោះ។ មានកកោះជាបន្ទះៗ និងធ្នុងជាដើម។ ខ្លះតូច ខ្លះធំ»។
លោក ជា ពេជ្រ ព្រះរាជអាជ្ញាតុលាការខេត្តបានឲ្យដឹងថាឈើទាំងនោះត្រូវបានរឹបអូស យកទៅរក្សាទុកប៉ុន្តែគេមិនដឹងថាជាឈើរបស់អ្នកណានោះទេ។ ហេតុនេះមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងធ្វើការអង្កេតជាជំហានបឋមដោយនឹងធ្វើការកោះហៅអ្នកនៅតំបន់ជិត ខាងនោះទៅសួរនាំដើម្បីស្វែងរកអ្នកទទួលខុសត្រូវ និងចាត់វិធានការតាមផ្លូវច្បាប់។
លោក ហូ សំអុល អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុកខេត្តឲ្យដឹងថាម្ចាស់ សិប្បកម្មឈ្មោះ ហេង សំនៀង នោះគឺជាជនជាតិវៀតណាមដែលបានបើកសិប្បកម្មនោះដំបូងដោយខុសច្បាប់ តាំងពីមុន ឬក្នុងឆ្នាំ ២០០៨។ ប៉ុន្តែអ្នកស្រី សំនៀង នោះទើបតែរត់ទៅសុំច្បាប់ប្រមាណជា ១ ឬ ២ ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។
លោក សំអុល បានបញ្ជាក់ថា៖ «ការងាររបស់គាត់គឺទិញឈើខុសច្បាប់។ សិប្បកម្មនេះធំ។ មានលក់ចែកចាយនៅក្នុងប្រទេស និងទៅប្រទេសវៀតណាមផង។ ពីមុនមកគាត់អត់ច្បាប់ទេដោយសារអាជ្ញាធរច្រើនតែពុករលួយ។ វាមានដាក់ខែដាក់អ៊ីចឹងទៅ។ វាជាទូទៅហើយរឿងនេះ»។
មន្ត្រីសិទ្ធិមនុស្សរូបនេះបានអះអាងថា ឈើទាំងនោះគឺជារបស់ម្ចាស់សិប្បកម្មនោះឯងដោយគាត់បានដឹកយកទៅ លាក់ទុកនៅជិតផ្នូរកប់សពជនជាតិវៀតណាមមានចំងាយប្រមាណជា ២០០ ម៉ែត្រពីសិប្បកម្ម។ ក្រៅពីនោះឈើមួយចំនួនទៀតគឺលាក់ទុកនៅតាមផ្ទះជនជាតិវៀតណាមដូច គ្នាផងដែរហើយពីមុនមកក៏មានឈើទុកនៅទីទួលផ្នូរខ្មោចនោះដែរ។
លោកថា ឈើទាំងនោះត្រូវបានគេយកទៅលាក់ទុកបន្ទាប់ពីរដ្ឋាភិបាលបង្កើតគណៈកម្មការថ្មីបង្ក្រាបបទល្មើសនេះ។
លោកព្រះរាជអាជ្ញា ជា ពេជ្រ ក៏បានឲ្យដឹងផងដែរថាកម្លាំងចម្រុះបាននិងកំពុងតែចុះពិនិត្យ និងវាស់វែងឈើជាច្រើនទីតាំងសាជាថ្មីម្តងទៀតទៅតាមបញ្ជារបស់ ថ្នាក់ជាតិ។ ក្នុងនោះក៏រួមមានទាំងក្រុមហ៊ុនទ្រីភាពផងដែរ។
លោក ឈាង តុលា នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តស្ទឹងត្រែងបានបដិសេធធ្វើអធិប្បាយដោយថ្លែងថាលោកកំពុងតែជាប់ បំពេញការងារនៅក្នុងព្រៃ។
លោក ជា សុខហឿន បណ្តាញសហគមន៍ព្រៃឡង់បានឲ្យដឹងកាលពីម្សិលមិញថាឈើក្នុងទីរួម ខេត្តស្ទឹងត្រែងគឺត្រូវបានគេកាប់ពីស្រុកសៀមប៉ាង និងពីព្រៃឡង់ក្នុងស្រុកសៀមបូក និងថាឡាបរិវ៉ាត់។ ក្នុងនោះស្រុកថាឡាបរិវ៉ាត់មានដឹកជញ្ជូនឈើចូលទៅទីរួមខេត្តច្រើន ជាងគេ៕