ភ្នំពេញ ៖ លទ្ធផលនៃកិច្ចប្រជុំទ្វេភាគីរវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាមួយនឹងរដ្ឋបាលគយថៃ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងមក នៅទីក្រុងហួហីន ប្រទេសថៃ បានឯកភាពគ្នានូវចំណុចសំខាន់មួយចំនួនដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។
សេចក្ដីប្រកាសដដែលបានបន្ដថា កិច្ចប្រជុំនេះក៏បានពិនិត្យ និងពិភាក្សាចំណុចពាក់ព័ន្ធនឹងការងារគយ ដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ចម្រុះកម្ពុជា-ថៃ លើកទី២ ក្រោមប្រធានបទ « ភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព » ដែលបានប្រព្រឹត្តទៅនៅទីក្រុងបាងកក កាលពីថ្ងៃទី១៨-១៩ ធ្នូ ឆ្នាំ២០១៥ កន្លងមកផងដែរ ។
អង្គប្រជុំបានឯកភាពលើចំណុចសំខាន់ៗនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយនៃប្រទេសទាំងពីរដូចខាងក្រោម ៖
១-បង្កើតចំណុចទំនាក់ទំនងសម្រាប់ផ្លាស់ប្តូរព័ត៌មានរវាងរដ្ឋបាលគយទាំងពីរ ។
២- ចាត់តាំងមន្ត្រីគយឲ្យចូលរួមក្នុងក្រុមការងារជាតិ ឬក្រុមការងារចម្រុះក្នុងការរៀបចំអនុវត្តច្រកអន្តរជាតិថ្មី ស្ទឹងបត់-ណងអៀន ជាពិសេស ការបង្កើត និងអនុវត្ត « ការត្រួតពិនិត្យបញ្ជរតែមួយ » និង « ទីលានត្រួតពិនិត្យរួម » ស្របតាមកិច្ចព្រមព្រៀងមហាអនុតំបន់មេគង្គ ។
៣-ត្រៀមធនធានមនុស្ស និងនីតិវិធីគ្រប់គ្រងទំនិញ និងអ្នកដំណើរឆ្លងកាត់ព្រំដែនដោយរថភ្លើង (ឆ្លើយតបនឹងគម្រោងតភ្ជាប់ផ្លូវដែកភ្នំពេញ-បាងកក នៅចុងឆ្នាំ២០១៦នេះ) ។ ភាគីគយថៃបានឯកភាពចែករំលែកនូវបទពិសោធន៍ការគ្រប់គ្រងទំនិញ និងអ្នកដំណើរឆ្លងកាត់ព្រំដែនរវាងថៃ និងម៉ាឡេស៊ី ។
៤-ជំរុញកិច្ចសហការលើការងារបង្កើត និងពង្រីក « កម្មវិធីលើកទឹកចិត្តពាណិជ្ជករល្អបំផុត» និង « ប្រតិបត្តិករសេដ្ឋកិច្ចមានការអនុញ្ញាត» ក្នុងការផ្ដល់ប្រព្រឹត្តកម្មពិសេសសម្រួលដល់ការធ្វើអាជីវកម្ម និងពាណិជ្ជកម្ម ។
៥-ពង្រឹងកិច្ចសហការក្នុងការទប់ស្កាត់ និងបង្ក្រាបអំពើរត់ពន្ធ ជាពិសេស ការគ្រប់គ្រងទំនិញឆ្លងកាត់ (ទំនិញនាំចូលមកកម្ពុជា ដោយប្រើប្រាស់របបគយឆ្លងកាត់ប្រទេសថៃ) ។
៦-ចំពោះវិស័យកសិកម្ម ភាគីទាំងពីរបានយល់ព្រមឲ្យមានកិច្ចប្រជុំពិភាក្សាបន្ថែមទៀតរវាង រដ្ឋបាលគយ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀតនៃប្រទេសទាំងពីរ ។ ទន្ទឹមនឹងនេះ ភាគីថៃក៏បានឯកភាពលើសំណើរបស់ភាគីកម្ពុជាក្នុងការសម្រួលការនាំ ចេញកសិផលរបស់កម្ពុជាទៅកាន់ប្រទេសទី៣ ដែលឆ្លងកាត់ទឹកដីថៃ ។
៧-បានឯកភាពកំណត់កិច្ចប្រជុំឲ្យបានទៀងទាត់ទាំងកម្រិត អគ្គនាយកដ្ឋាន ក៏ដូចជាកម្រិតអង្គភាពគយខេត្ត/តំបន់ នៅតាមព្រំដែននៃប្រទេសទាំងពីរ ។
ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាព ភាគីទាំងពីរបានឯកភាពរៀបចំសេចក្តីព្រាង «អនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ » ហើយគ្រោងនឹងចុះហត្ថលេខានៅក្នុងកិច្ចប្រជុំអគ្គនាយកគយអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៧ ខែឧសភា ឆ្នាំ២០១៦ខាងមុខ នៅទីក្រុងភ្នំពេញ ។
តាមលំដាប់អក្ខរក្រម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងត្រូវធ្វើជាប្រធាននៃកិច្ចប្រជុំអគ្គនាយកគយអាស៊ាននៅឆ្នាំ២០១៦ ។ នេះបើយោងតាមសេចក្តីប្រកាសបានបញ្ជាក់ ។
គួរបញ្ជាក់ថា គណៈប្រតិភូនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំនេះ ដឹកនាំដោយលោកបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ៕