ប៉ៃលិនៈ ក្រុមមន្ត្រីបរិស្ថាននឹងចុះទៅពិនិត្យទីតាំងធ្វើអាជីវកម្មរ៉ែ ត្បូងមួយកន្លែងនៅជាប់មាត់ស្ទឹងបរយ៉ាខាភូមិបតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិននៅថ្ងៃនេះក្រោយពីពលរដ្ឋបានរាយការណ៍ថាមានក្រុមឈ្មួញ មួយក្រុមបានជីកកកាយដីយករ៉ែត្បូងជាលក្ខណៈទ្រង់ទ្រាយធំក្នុង តំបន់នោះ។
លោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិនបានឲ្យដឹងកាលពីថ្ងៃពុធទី១៧ខែកុម្ភៈថាបើតាម អ្នកភូមិគឺក្រុមឈ្មួញទាំងនោះបានជីកកកាយដីទំហំ ៥០ គុណ ៧០ ម៉ែត្រ និងមានជម្រៅជាង ៥ ម៉ែត្រដែលទីតាំងនៃអាជីវកម្មនោះស្ថិតនៅជាប់នឹងមាត់ស្ទឹង។
លោកថា៖ «ទីតាំងអាជីវកម្មនោះមន្ទីរបរិស្ថាន [ខេត្តប៉ៃលិន] យើងខ្ញុំនៅមិនទាន់ចេញច្បាប់ឲ្យនៅឡើយទេ។ នៅថ្ងៃព្រហស្បតិ៍ខ្ញុំនឹងដឹកនាំមន្ត្រីជំនាញទៅត្រួតពិនិត្យអំពី លិខិតបទដ្ឋានច្បាប់របស់ម្ចាស់អាជីវកម្មនោះថាតើគេបានច្បាប់ អនុញ្ញាតពីស្ថាប័នជំនាញណា»។
លោក ជ័រ ម៉ាញ នាយនគរបាលប៉ុស្តិ៍បរយ៉ាខាបាននិយាយថាម្ចាស់អាជីវកម្មនោះកំពុងរត់ ការច្បាប់ធ្វើអាជីវកម្មរ៉ែត្បូងនៅតំបន់នោះ។ តែលោកថា៖ «យើងនៅមិនទាន់ដឹងថាពេលនេះម្ចាស់ទីតាំងអាជីវកម្មរ៉ែត្បូងនោះ ទទួលបានច្បាប់ឬនៅ»។
ចំណែកលោក វណ្ណ ស៊ីរ៉ាណេ ប្រធានការិយាល័យរ៉ែនៃមន្ទីររ៉ែ និងថាមពលខេត្តប៉ៃលិនបានទទួលស្គាល់ថាលោកពិតជាបានអនុញ្ញាតឲ្យ ជីកកកាយយករ៉ែនោះមែនព្រោះក្រសួងបានចេញច្បាប់អនុញ្ញាតជាលក្ខណៈ គ្រួសារហើយគេអាចប្រើគ្រឿងចក្រតូច និងធំបាន។
លោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិនបានថ្លែងថាជាទូទៅការចេញ អាជ្ញាប័ណ្ណអាជីវកម្មរ៉ែចាំបាច់ត្រូវមានការសិក្សាវាយតម្លៃលើ ផលប៉ះពាល់នៃបរិស្ថានជាមុន៕