បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋយ៉ាងហោចណាស់ ៦០០ គ្រួសារ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យកំពុងតែត្រូវបានគម្រាមកំហែងដោយវិបត្តិខ្វះ ទឹកស្អាត សម្រាប់ទទួលទានដែលបានចាប់ផ្តើមឡើងតាំងពីដើមខែកុម្ភៈនេះ។ នេះបើយោងតាមការឲ្យដឹងរបស់មន្ត្រីខេត្ត មួយរូបកាលពីម្សិលមិញ។
លោក ឃូ ពៅ អភិបាលស្រុក ស្វាយចេក បានឲ្យដឹងថា ទឹកនៅក្នុងអណ្តូងនិងទន្លេនៅក្នុងស្រុកជិតរីងអស់ទៅហើយ ដោយសារតែការអូសបន្លាយនៃភាពរាំងស្ងួតនៅក្នុងឆ្នាំនេះ ជាហេតុនាំឲ្យអ្នកស្រុកជាច្រើនត្រូវបង្ខំចិត្តទិញទឹកយកមក ទទួលទាន។
ទឹកស្អាតរាប់ម៉ឺនលីត្រត្រូវបានដឹកមកឲ្យប្រជាពលរដ្ឋនៅក្នុង ស្រុក ស្វាយចេក តាមរយៈឡានពន្លត់អគ្គីភ័យតាំងពីថ្ងៃអាទិត្យសប្តាហ៍មុនមក។ លោក ឃូ ពៅ បានអះអាងថា ទោះបីជាទឹកដែលត្រូវបានដឹកមកនេះ ពុំអាចបំពេញតម្រូវការរបស់អ្នកស្រុកបានក៏ពិតមែន តែវាអាចជួយសម្រាលដល់បន្ទុកនៃការចំណាយទៅលើការទិញទឹកសម្រាប់ ទទួលទានបានមួយចំណែកដែរ។
លោកថ្លែងថា៖ «ពួកយើងពិតជាមានការព្រួយបារម្ភជាខ្លាំងចំពោះអ្នកភូមិ។ ពួកគាត់ងាយរងគ្រោះ ហើយកំពុងតែស្ថិតនៅក្រោមលក្ខខណ្ឌគម្រាមកំហែង ប្រសិនជាពុំមានភ្លៀងធ្លាក់នៅខែខាងមុខ»។
លោក Ian Thomas ទីប្រឹក្សាបច្ចេកទេសនៃគណៈកម្មាធិការទន្លេមេគង្គ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា គ្រោះរាំងស្ងួតនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងភូមិភាគនេះនឹងក្លាយជាបញ្ហាមួយដ៏ធ្ងន់ធ្ងរ ប្រសិនជាតំបន់នេះពុំមានធ្លាក់ភ្លៀងនៅខែ ឧសភាខាងមុខ។
លោកបន្ថែមថា តំបន់ជាច្រើននៅខេត្ត ឧត្តរមានជ័យ ក៏ជួបប្រទះគ្រោះរាំងស្ងួតអស់រយៈពេលជិត ៤ ឆ្នាំមកហើយ ហើយប្រជាពលរដ្ឋជាច្រើននៅខេត្តបន្ទាយមានជ័យបានធ្វើដំណើរឆ្លងព្រំ ដែន ដើម្បីទៅដងទឹកពីទន្លេមេគង្គយកមកប្រើប្រាស់។
ទោះជាយ៉ាងណា លោកអភិបាលស្រុកបានបញ្ជាក់ថា ថ្មីៗនេះ ឯកឧត្តមកែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ប្រចាំខេត្តបន្ទាយមានជ័យបានស្នើសុំជំនួយជាបន្ទាន់ពីអាជ្ញាធរ ខេត្តរួចហើយ។
លោកបន្តថា៖ «យើងកំពុងតែរៀបចំជីកអណ្តូងនៅបាតទន្លេ បន្ថែមទៅលើទឹកដែលយើងបានដឹកមកឲ្យអ្នកភូមិ»។
លោក អ៊ឺម រាត្រី អ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យនិយាយកាលពីថ្ងៃម្សិលមិញដែរថា «ប្រសិនជាគ្មានភ្លៀងធ្លាក់នោះទេ យើងមានមធ្យោបាយសម្រាប់ផ្គត់ផ្គង់ទឹករួចទៅហើយ»។ ប៉ុន្តែ លោកបានបដិសេធពុំផ្តល់ព័ត៌មានអ្វីបន្ថែមទៀតឡើយ។
ឯកឧត្តម ញឹម វណ្ណដា អនុប្រធាន គណៈកម្មាធិការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយបានថ្លែងថា លោកកំពុងទទួលបានដំណឹងពីបណ្តាខេត្តទាំងអស់នៅទូទាំងប្រទេស ជាពិសេស អ្នកនៅតាមតំបន់ដាច់ស្រយាលដែលជាកន្លែងដែលប្រជាជន និងសត្វពាហណៈអាចស្ថិតនៅក្រោមការគំរាមកំហែងខ្លាំងនៃការខ្វះខាត ទឹក។
ទោះបីជា គ្រោះរាំងស្ងួតនៅ កម្ពុជា មិនទាន់ធ្ងន់ធ្ងរដូចជានៅ ថៃ ក៏ដោយ លោក Ian Thomas បានទាយថា គ្រោះរាំងស្ងួតនៅក្នុងឆ្នាំនេះ នឹងមានសភាពធ្ងន់ធ្ងរជាងឆ្នាំ ២០១៥ ដោយសារតែបញ្ហាបម្រែបម្រួលអាកាសធាតុ និងការកើនឡើងនៃការខ្វះខាតទឹក៕