ព្រះអង្គម្ចាស់ក្សត្រិយ៍​ថៃ មហា​ចក្រី សិរិ​ន​ថន បាន​យាង​ដល់​កម្ពុជា​ហើយ

22-February-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ព្រះ ង្គម្ចាស់ក្សត្រិយ៍​ថៃ មហា​ចក្រី សិរិ​ន​ថន នៅ​ម៉ោង​ប្រមាណ​ជាង​៨​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ​នេះ បាន​យាង​មកដល់​ប្រទេស​កម្ពុជា​ហើយ ប្រកបដោយ​សុវត្ថិភាព នេះ​តាម​បើ​ការបញ្ជាក់​របស់លោក គឹម គុណ​វ​ឌ្ឍ អគ្គនាយក​ទូរទស្សន៍​ជាតិ​នៃ​កម្ពុជា តាមរយៈ​គេហទំព័រ Facebook​។​
​បើតាម​ក្រសួង​ការបទេស​កម្ពុជា ការយាងមក​បំពេញ​ទស្សនកិច្ច​របស់ ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍​ថៃ មហា​ចក្រី សិរិ​ន​ថន (Maha Chakri Sirindhorn) ធ្វើឡើង​តប​តាម​ការយាង​អញ្ជើញ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។ ព្រះរាជដំណើរ ទស្សនកិច្ច​របស់​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ មហា​ចក្រី សិរិ​ន​ថន​នៅ​កម្ពុជា ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦​។​
​ក្រសួងការបរទេស បានដឹង​ដែរ​ថា ក្នុងអំឡុងពេល​ព្រះរាជទស្សនកិច្ច​នេះ ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ មហា​ចក្រី​យ៍ សិរិ​ន​ថន នឹង​យាង​បង្គំ​គាល់​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​ខ្មែរ ព្រមទាំង​យាង​ជួប​សម្ដេច​តេ​ជោ ហ៊ុន សែន ផងដែរ​។​
​ក្នុងឱកាស​បំពេញ​ព្រះរាជទស្សនកិច្ច​នេះ ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ មហា​ចក្រី សិរិ​ន​ថន នឹង​យាង​ធ្វើជា​ព្រះរាជាធិបតី ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ព្រះ​រាជពិធី​បញ្ចុះ​បឋម​សីលា​សាងសង់ «​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​» នៅក្នុង​ខេត្តកំពង់ស្ពឺ​។ ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍​មហា​ចក្រី សិរិ​ន​ថន និង​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា ក៏​នឹង​យាង​/​អញ្ជើញ ធ្វើជា​អធិបតី ក្នុង​ព្រះ​រាជពិធី​ប្រគល់​អគារ​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល ក្នុង​ខេត្តកំពង់ធំ​។​
​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ មហា​ចក្រី សិរិ​ន​ថន ក៏​នឹង​យាង​ចូលរួម​ក្នុង​ព្រះ​រាជពិធី​សម្ភោ​ធ​មណ្ឌល​សុខភាព នៅ​ខេត្តរតនគិរី និង ស្លាក​ឈ្មោះ​ថ្មី នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា កំពង់​ឈើទាល ខេត្តកំពង់ធំ ហើយក៏​នឹង​យាង​ទត សាលាបឋមសិក្សា​មួយចំនួន នៅតាម​ខេត្ត​នានា​ផងដែរ​៕

ចំនួនអ្នកទស្សនា

    19561557

  • ថ្ងៃនេះ981
  • ម្សិលមិញ3741
  • សប្តាហ៍នេះ4731
  • ខែនេះ79171
  • ឆ្នាំនេះ334111
  • សរុប19561557