ព្រៃវែង ៖រថយន្តយីឌុបដឹកអង្ករជាង៦០តោន មួយគ្រឿង បានបើកបរឆ្លងកាត់ស្ពានអ្នកលឿង (ស្ពានត្សឹបាសា) តែឡើងស្ពាន មិនរួចក៏រអិលថយក្រោយវិញ ។ហេតុការណ៏នេះ ស្ថិតនៅលើស្ពានអ្នកលឿង ត្រើយខាងកើត ក្នុងខេត្តព្រៃវែង កាលពីវេលាម៉ោង១២យប់ ថ្ងៃទី២២ឆ្លងចូលថ្ងៃទី ២៣ ខែកុម្ភៈ តែសំណាងល្អ មិនមានរថយន្តឬមនុស្សនៅពីក្រោយ ។
រថយន្តដឹកអង្ករនេះពាក់ស្លាកលេខ តាកែវ 3A-1743 មានថៅកែឈ្មោះ ចក់ និង ចែមុំ នៅតំបន់អ្នកលឿង ក្នុងរថយន្តនេះ ផ្ទុកអង្ករខ្សាយ និង អង្ករដំណើប សរុប ជាង៦០តោន ដោយដឹកចេញពីព្រំដែន ប្រទេសវៀតណាម ឆ្លងកាត់ខ្មែរយើង ទៅលក់ទៅប្រទេសថៃ ។
ប្រជាពលរដ្ឋដែលឆ្លងកាត់លើស្ពានអ្នកលឿង លើកជាសំនួរថា ហេតុអ្វីបានក្រសួងសាធារណការ អនុញ្ញាតិឲ្យ រថយន្តធំៗ ផ្ទុក ធ្ងន់ៗ បែបនេះ បើកបរលើស្ពាននេះ? នៅដងផ្លូវជាតិលេខ១ មានជញ្ជីងរថយន្តដឺកទំនិញ បីកន្លែង ចាប់ពីខេត្តស្វាយរៀង មករាជធានីភ្នំពេញ តើទម្ងន់ផ្ទុក អង្ករជាង៦០តោន បូកសំបករថយន្ត១៧តោន សរុបជាង៧០តោន មិនលើសចំណុះទេឬ? ឬមួយ មន្ត្រីប្រចាំកន្លែង ជញ្ជីងថ្លឹងទម្ងន់រថយន្តដឺកទំនិញធ្ងន់ៗទាំងនេះ ប្រព្រឹត្តអំពើពុករលួយ ៕