ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន​៖ ការវិនិយោគ​លើ​សមភាព​យ៉េន​ឌ័​រ ដើម្បី​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព

01-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច លោកជំទាវ ម៉ែន សំអន បាន​ថ្លែងថា ការវិនិយោគ​លើ​សមភាព​យ៉េន​ឌ័​រ ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ លោកស្រី​បាន​ថ្លែង​ដូច្នេះ​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៥ ទិវា​នៃ​នារី​អន្តរជាតិ ៨​មីនា ឆ្នាំ​២០១៦ នា​ព្រឹក​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៦​នេះ​។​
​ពិធី​អបអរសាទរ​ទិវា នៃ​នារី​អន្តរជាតិ​នា​ព្រឹក​មិញ​នេះ មានការ​ចូលរួម​ពី​ស្ត្រី​មកពី​តាម​មន្ទីរ​ខេត្ត ក្រុង​នានា ដែល​ចំណុះ​ក្រសួង​ទំនាក់ ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​។

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បាន​ថ្លែងថា ការដែល​រាជរដ្ឋាភិបាល​កម្ពុជា ជ្រើសរើស​ប្រធានបទ​ស្តីពី «​ការវិនិយោគ​លើ​សមភាព​យ៉េន​ឌ័​រ ដើម្បី​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​» សម្រាប់​ការ​ប្រារព្ធ​ទិវា នៃ​នារី​អន្តរជាតិ​៨ មីនា ឆ្នាំ​២០១៦​នេះ គឺ​ក្នុង​បំណង បង្កើន​ភាព​អង់អាច​ស្ត្រី និង​ក្មេងស្រី ដែលមាន​សារៈសំខាន់​ក្នុងការ​ចូលរួម​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ សមធម៌​។​
​លោកជំទាវ បាន​បន្ថែមថា នៅក្នុង​យុទ្ធសាស្ត្រ​រាជរដ្ឋាភិបាល​ដំណាក់កាល​ទី​១, ២ និង​ទី​៣ បាន​កំណត់ថា «​ស្ត្រី​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ចជាតិ​» ហើយ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​គាំទ្រ និង​លើក​កំពស់​តួនាទី​ស្ត្រី​ឲ្យ​កាន់តែ​សំខាន់ កាន់តែ​សកម្ម​ដើម្បី​រួមចំណែក​ក្នុ​ហ​ការអភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច និង​បានចាត់ទុក​ស្ត្រី​ជា​ត្បូង មានតម្លៃ​ពុំ​អាច​កាត់ថ្លៃ​បាន​។​
​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បាន​បន្ថែមថា ការអភិវឌ្ឍន៍​ស្ត្រី បាន​ផ្តោតលើ​ការលើកកម្ពស់​សមភាព​យេនឌ័រ និង បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី តាមរយៈ​ការផ្តល់អំណាច​ផ្នែក​សេដ្ឋកិច្ច ការទទួលបាន​កិច្ចការពារ​ផ្លូវច្បាប់​កាន់តែ​ប្រសើរ និង ការបង្កើត​ការចូលរួម​របស់​ស្ត្រី​ក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្ត​ក្នុង​វិស័យ​នយោបាយ និង​វិស័យ​សាធារណៈ​៕

ចំនួនអ្នកទស្សនា

    19560747

  • ថ្ងៃនេះ171
  • ម្សិលមិញ3741
  • សប្តាហ៍នេះ3921
  • ខែនេះ78361
  • ឆ្នាំនេះ333301
  • សរុប19560747