កំពង់ចាម ៖ ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ ទៅលេងខេត្តកំពង់ចាម បើមិនបានឃើញ មិនបានស្គាល់ស្ពានឬស្សី ឬស្ពានកោះប៉ែន ដូចជាមិនបានស្គាល់ក្រុងកំពង់ចាមស៊ីជុំរៅទេ។ អាចចាត់ទុកថាស្ពានកោះប៉ែនជានិមិត្តរូបមួយនៃទឹកដីនៅតាម ដងទន្លេខេត្តកំពង់ចាម។
បើគេឃើញស្ពានកោះប៉ែនឬស្ពាន ប្រដឹសឬស្សីបង្ហាញតាមរូបភាពណាមួយគឺគេចាប់អារម្មណ៍ថានេះជាខេត្ត កំពង់ចាមដែលមានតែគត់នៅកម្ពុជា។ ពីព្រោះស្ពាននេះចាប់ឡើងតាំងពីទស្សវត្ត៦០ និង៧០ មកម្ល៉េះ។ ហើយទឹកដីកោះប៉ែនមានវាខ្សាច់ធំធេងនារដូវប្រាំងដែលតភ្ជាប់ឆ្លង កាត់រវាងក្រុងកំពង់ចាមទៅកាន់កោះប៉ែនដោយមានស្ពាននេះបានក្លាយទៅជា ចម្រៀងដ៏ពិរោះរណ្តំចិត្តក្នុងបទចម្រៀងទឹកដីកោះប៉ែន....ច្រៀង ដោយអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត។
លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាមបានរៀបរាប់អោយរស្មីកម្ពុជាដឹងថា ដោយសារស្ថានភាពទឹកទន្លេពីមួយឆ្នាំទៅមួយឆ្នាំមានការផ្លាស់ប្តូរ ធ្វើអោយស្ពានកោះប៉ែននេះត្រូវបានពង្រីកវែងរហូតដល់ទៅ ១.០០០ម៉ែតមកដល់បច្ចុប្បន្ននេះ បើធៀបទៅនឹង ២០-៣០ ឆ្នាំមុនឬពីទសវត្សរ៍ ៦០-៧០ ស្ពាននេះខ្លីប្រវែងមិនដល់ ៤០០ម៉ែតនោះទេ។ លោកបានបន្ថែមថាស្ពាននេះបុគ្គលឯកជនសាងសង់ឡើងមិនមែនបំពេញតម្រូវការ តែផ្នែកសេវាកម្មទេសចរណ៍ទៅលេងវាលខ្សាច់កោះប៉ែននោះទេ។ វាគឺជាត្រើយម្ខាងទៀត ក្នុងស្រុកកោះសូទិន។ ក៏ប៉ុន្តែដោយសារស្ពានេះកាត់តាមវាលខ្សាច់កោះប៉ែន ក៏បន្តិចម្តងៗបានក្លាយទៅជា ស្ពានមានសារៈសំខាន់បំរើអោយការដឹកជញ្ជូនឆ្លងកាត់ផង និងជាផ្លូវទេសចរណ៍សំរាប់ភ្ញៀវទៅកំសាន្តកោះ ប៉ែនផងទៅ។
លោក យ៉ុង អូន អ្នកវិនិយោគកសាងស្ពាននេះបានប្រាប់ អោយដឹងនៅថ្ងៃនេះថា ប្រវត្តិស្ពាននេះគឺដំបូងឡើងគេសាងសង់ទៅតាមរបបទឹកសម្រក ពេលទឹកទន្លេស្រកនារដូវប្រាំងភ្ជាប់ទៅនឹងឆ្នេរខ្សាច់កោះប៉ែនខ្លី គឺធ្វើស្ពានឬស្សីខ្លី។ នៅឆ្នាំ២០០៤គេធ្វើស្ពានឬស្សីនេះមានប្រវែង៤០០ម៉ែត ។គ្រាន់តែអោយប្រជាជនដើរនិងជិះកង់ឆ្លងកាត់តែប៉ុណ្ណោះជំនួសអោយ ទូកដរឆ្លងទឹក។ តែបើប្រើទូកដរវាមិនអុំដឹក ជញ្ជូនមនុស្សឆ្លងកាត់ទេ ដោយសារទឹកវារាក់ (ស្ទើរទឹក-ស្ទើរគោក) ជាហេតុបង្កើតអោយមានកើតជាស្ពាន ឬស្សីនេះឡើង។
លោក អូន បានបញ្ជាក់ថា៖ បច្ចុប្បន្ននេះគាត់វិនិយោគធ្វើស្ពាននេះពង្រីកទទឹង និងបណ្តោយ បានដល់ទៅ ១.០០០ម៉ែតចំណាយឬស្សីដែលជាវត្ថុធាតុដើមសំខាន់លើការសាងសង់ស្ពាន នេះអស់ប្រមាណ៦ ម៉ឺនដើម ។ ជាមធ្យមមានអ្នកដើរ ឬជិះម៉ូតូឆ្លង កាត់ ១០០០នាក់ ក្នុងមួយថ្ងៃ។ ក្នុងមួយឆ្នាំស្ពាននេះដំណើរការអាជីវកម្មបាន ៥ទៅ៦ខែ ទេ ដោយសារទឹក ទន្លេឡើងដូច្នេះគេត្រូវរុះស្បាននេះចេញរួចទឹកស្រកទើបកសាងសង់ ឡើងវិញ។
បច្ចុប្បន្ន នេះស្ពានកោះប៉ែនបានក្លាយទៅជាស្ពានឬស្សីនាំភ្ញៀវទេសចរណ៍លេង កំសាន្តទៅកោះ ប៉ែនដែលមានភាពស្រស់ស្រកាលវាលខ្សាច់ធំធេងគ្របដណ្តប់លើផ្ទៃ ទន្លេមេគង្គអោយគយគន់ ។ ជារមីណដ្ឋានធម្មជាតិមិនគួរបុណ្យទន្លេបំភ្លេចស្ពានកោះប៉ែនបានទេ។ ជាស្ពានឬស្សីមួយអាចបំបែកឯកត្តកម្មបាន នៅលើពិភពលោកឬយ៉ាងណា។ គួរបញ្ជាក់ថាថ្លៃឆ្លងកាត់ស្ពានម៉ូតូ ១៥០០រៀល ឡាន៨០០០រៀល៕
ដោយ៖ សីហា