លោកឧកញ៉ា ម៉ុង ឫទ្ធី ហាក់មិនសប្បាយចិត្តនោះឡើយ ក្រោយពីរដ្ឋមន្ត្រីក្រសួងកសិកម្មឯកឧត្តម អ៊ុក រ៉ាប៊ុន បដិសេធមិនជួបប្រជុំ

25-March-2016 | ដោយ មែន កំសត់




ភ្នំពេញ៖ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាលោកឧកញ៉ា ម៉ុង ឫទ្ធី ហាក់មិនសប្បាយចិត្តនោះឡើយ ក្រោយពីរដ្ឋមន្ត្រីក្រសួងកសិកម្មឯកឧត្តមអ៊ុករ៉ាប៊ុនបដិសេធមិនជួបប្រជុំនឹងរូបលោកដើម្បីពិភាក្សាអំពីការធ្លាក់ចុះតម្លៃកៅស៊ូនៅកម្ពុជា។

លោក ម៉ុង ឫទ្ធី ដែលជាសហប្រធាននៃក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម បានចោទជាសំណួរប្រាប់ទៅប្រជាពលរដ្ឋថា រូបលោកមានឋានៈជាសមាជិកព្រឹទ្ធសភាដែរ សុំជួបរដ្ឋមន្ត្រីក្រសួងកសិកម្មមិនបាន ចុះទម្រាំប្រជាពលរដ្ឋធម្មតាវិញ?
•    
លោកឧកញ៉ា ម៉ុង ឫទ្ធី បានថ្លែងទាំងហួសចិត្តថា លោកគ្មានអ្វីត្រូវនិយាយឆ្លើយឆ្លងនឹងលិខិត របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបដិសេធមិនជួបជាមួយក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្មរបស់លោក ដើម្បីជជែកពីការធ្លាក់ថ្លៃកៅស៊ូនោះទេ។

សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជារូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗយ៉ាងនេះថា៖«ខ្ញុំគ្មានអ្វី ឆ្លើយឆ្លងទេ។ ខ្ញុំបារម្ភខ្លាំងណាស់ ទើបខ្ញុំសរសេរលិខិតស្នើសុំជួបគាត់(ឯកឧត្តម អ៊ុក រ៉ាប៊ុន) ហើយខ្ញុំស្នើទៅនេះខ្ញុំស្នើជួប ក្នុងនាមសហប្រធាននៃក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម មិនមែនសុំជួបក្នុងនាមខ្ញុំទេ»។ ជាងនេះទៅទៀត ដោយសារតែការបដិសេធរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏ធ្វើឲ្យលោកមហាសេដ្ឋីកសិកម្មរូបនេះ ចោទជាសំណួរផ្តាំទៅប្រជាកសិករថា ឋានៈលោក ជាសមាជិកព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា សុំជួបរដ្ឋមន្ត្រីក្រសួងកសិកម្មមិនបានផង ចុះទម្រាំប្រជាពលរដ្ឋធម្មតា?

ផ្អែកតាមលិខិតរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី២២ខែមីនាឆ្នាំ២០១៦ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អ៊ុក រ៉ាប៊ុន បានឆ្លើយតបលិខិតសំណូមពរ និងបញ្ហាប្រឈម របស់អ្នកវិនិយោគកៅស៊ូ និងសហគមន៍អភិវឌ្ឍន៍កៅស៊ូកម្ពុជាថា ក្រសួងមានកម្មវិធីមមាញឹក ពុំមានពេលវេលាទទួលជួបប្រជុំលើបញ្ហានេះទេ។  

លោកឧកញ៉ា ម៉ុង ឫទ្ធី បានបន្តប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី ២៣ ខែមីនានេះថា ការឆ្លើយ តបបែបនេះ គឺជាសិទ្ធិរបស់ឯកឧត្តម អ៊ុក រ៉ាប៊ុន ប៉ុន្តែបើនិយាយពីកាតព្វកិច្ចវិញ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទទួលប្រាក់ខែរដ្ឋ គឺជាអ្នកបម្រើប្រយោជន៍ប្រជាពលរដ្ឋខ្មែរ ដែលមានជាង៨០ភាគរយជាកសិករ។ លោកមហាសេដ្ឋីកសិកម្មនៅកម្ពុជារូបនេះ បានពន្យល់បែបនេះថា៖«រាស្ត្រ និងរដ្ឋ ជាបបូរមាត់ និងធ្មេញ មិនអាចខ្វះគ្នាបានទេ។  បើលោក អ៊ុក រ៉ាប៊ុន ឆ្លើយតបបែបនេះ អ៊ីចឹងមានន័យថា គាត់មិនបានគិតពីប្រយោជន៍របស់ប្រជាពលរដ្ឋ»។

គួរកត់សម្គាល់ថាមិនមែនមានតែដំណាំកៅស៊ូនោះទេ ដែលធ្លាក់ចុះយ៉ាងគំហុកគ្មានទីផ្សារ តែដំណាំកសិ-ឧស្សាហកម្មផ្សេងទៀត មានសណ្តែក ល្ង ពោត ដំឡូងមី និងម្រេចជាដើម ក៏ធ្លាក់ចុះយ៉ាងគំហុកដែរ។ ទីផ្សារដំណាំកសិកម្មគ្មានលំនឹងនេះ បានបង្កឲ្យមានប្រជាពលរដ្ឋដែលជាកសិករភាគច្រើនមានបំណុល ហើយពួកគេបានត្អូញត្អែរថា រាល់ថ្ងៃធ្វើចម្ការឲ្យតែល្អមើល តែដោះបំណុលស្ទើរមិនរួច៕

ចំនួនអ្នកទស្សនា

    19561107

  • ថ្ងៃនេះ531
  • ម្សិលមិញ3741
  • សប្តាហ៍នេះ4281
  • ខែនេះ78721
  • ឆ្នាំនេះ333661
  • សរុប19561107