ភ្នំពេញ ៖ របាយការណ៍ អាជ្ញាធរប្រេងកាតបង្ហាញថា នៅកម្ពុជាមានប្រេងចំនួន៤ប្លុក ក្នុងនោះមានប្លុក A,B,C,D,E និង F និងតំបន់ត្រួតស៊ីគ្នាជាមួយថៃ ។ ក្រុមហ៊ុនឆេវរ៉ុនរបស់សហរដ្ឋអាមេរិកបានរកឃើញប្រេង និងឧស្ម័នហ្គាសនៅតាមបណ្តោយឈូងសមុទ្រកម្ពុជា និងឈូងសមុទ្រថៃ ក្នុងប្លុក A មាន៤អណ្តូងប្រេង រណ្តៅទីមួយឈ្មោះថា ពិ ស្តុការ រកឃើញកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ ដែលមានជម្រៅ១១,៨៧ហ្វ៊ីត ។ អណ្តូងប្រេងទី២ឈ្មោះថា សុវណ្ណភូមិ រកឃើញេនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០០៤ ដែលមានជម្រៅ១២,២៣២ហ្វ៊ីត ។ អណ្តូងប្រេងទី៣ឈ្មោះថា សិរី សម្បត្តិ រកឃើញថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០០៤ មានជម្រៅ១១,៧១២ហ្វ៊ីត ។ អណ្តូងប្រេងទី៤ឈ្មោះថា វិមាន អាកាស រកឃើញថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៤ មានជម្រៅ១១,៦៦០ហ្វ៊ីត ។
តំបន់ព័ទ្ធជុំវិញបឹងទន្លេសាបក៏មានប្រេង និងឧស្ម័នហ្គាសផងដែរ ដែលបច្ចុប្បន្នស្រាវជ្រាវដោយក្រុមហ៊ុនវៀតណាម ចិន ជប៉ុន និងចិន ដែលមានច្បាប់អនុញ្ញាតិដោយរាជរដ្ឋាភិបាល ។ ចំពោះតំបន់ដែនទឹកមានចំនួន៧តំបន់ដែលបនាផ្តល់អាជ្ញាប័ណ្ណដល់ ក្រុមហ៊ុនទាំងនោះរួចអស់ហើយ ។ រីឯដែនគោកមាន៣តំបន់ គឺតំបន់ទី១២,១៥ និង១៧ ដែលនៅមានប្រេងរាយបាយនៅក្នុងប្រទេសដូចជា ខេត្តកំពង់ធំ ព្រះវិហារ និងខេត្ត សៀមរាប ជាដើម ។
បច្ចុប្បន្ន មានក្រុមហ៊ុនបរទេសចំនួន៦០បានទទួលអាជ្ញាប័ណ្ណក្នុងការរុករកដែល ភាគច្រើនជាក្រុមហ៊ុនចិន និងក្រុមហ៊ុនវៀតណាម ។
ក្រុមហ៊ុនឆេវ រ៉ុន របស់អាមេរិកជាក្រុមហ៊ុនដំបូងគេដែលទទួលបានអាជ្ញាប័ណ្ណពី រាជរដ្ឋាភិបាលកម្ពុជាក្នុងការវិនិយោគលើឧស្ម័នប្រេង ។ ប៉ុន្តែថ្មីៗនេះក្រុមហ៊ុននេះបានលក់ទៅឱ្យក្រុមហ៊ុនអន្តរជាតិមួយ ឈ្មោះថា គ្រីសអេណឺជី ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ។ ក្រុមហ៊ុននេះត្រូវគេរំពឹងថា នឹងអាចបូមបានប្រេងឆៅដល់ទៅ២ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ។
ទោះជាយ៉ាងក្តីចំនួននេះមិនត្រូវគេរំពឹងថា តម្លៃប្រេងនៅកម្ពុជាអាចនឹងធ្លាក់ចុះយ៉ាងណានោះទេ ដោយការចម្រាញ់ប្រេងឆៅគេនៅមិនទាន់ច្បាស់ថាធ្វើនៅប្រទេសកម្ពុជា ឬដឹកទៅប្រទេសផ្សេងនោះទេ ។
ក្រុមហ៊ុនឃ្លាំមើលនិយាយថា ៖ការទាញយកប្រេងឧស្ម័នធម្មជាតិអាចអស់ទៅវិញនៅត្រឹមរយៈពល៣០ឆ្នាំ បន្ទាប់ បើរាជរដ្ឋាភិបាលយកចំណូលពីប្រេងទៅអភិវឌ្ឍន៍វិស័យផ្សេងៗ ដូចជា វិស័យអប់រំ សុខាភិបាល ឬវិស័យកសិកម្មជាអាទិភាព ។ នៅរយៈពេល៤ទៅ៥ឆ្នាំក្រោយពីការបូបប្រេងនៅកម្ពុជានឹងមាន ការរីកចម្រើនលើគ្រប់វិស័យ ដែលធ្វើឱ្យសេដ្ឋកិច្ចខ្មែររីកលូតលាស់ឆាប់រហ័ស ហើយដល់ពេលនោះកម្ពុជាមិនចាំបាច់ពឹងផ្អែកតែលើវិស័យប្រេងតែមួយមុខ សម្រាប់យកមកអភិវឌ្ឍន៍ប្រទេសនោះទេ ពោលគឺវិស័យអាទិភាពខាងលើនោះក៏មានការហក់ឡើងខ្ពស់ក្នុងការជួយដល់ កំណើនសេដ្ឋកិច្ចកម្ពុជាទុកសម្រាប់ក្មេងជំនាន់ក្រោយៗគ្រប់ជំនាន់ទៀត សម្រាប់ធ្វើឱ្យកម្ពុជាក្លាយជាកូននាគសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ាន មិនចាញ់សិង្ហបុរីប៉ុន្មានទេ ។
យោងតាម ការព្យាករណ៍របស់អង្គការមូលនិធិរូបិយប័ណ្ណអន្តរជាតិ IMF បានប៉ាន់ប្រមាណថា នៅឆ្នាំ២០២១កម្ពុជានឹងអាចរកចំណូលបាន១៧០០លានដុល្លា នេះបើគិតពីប្លុក A តែមួយដែលចំនួនដ៏ច្រើនលើសលប់នេះកម្ពុជានឹងអាចក្លាយជាកូននាគ សេដ្ឋកិច្ចនៅអាស៊ីក៏ថាបាន ៕