កំពង់ចាម ៖ ឆ្នាំនេះរដូវប្រាំងបានអូសបន្លាយច្រើនខែ បណ្តាលឲ្យភាពរាំងស្ងួតបានគំរាមគំហែងស្របពេលអាកាសធាតុបានឡើងកម្តៅ មិនធ្លាប់ជួបប្រទះបានធ្វើឲ្យដំណាំម្រេចរាប់រយហិកតានិងដំណាំហូប ផ្លែជាច្រើនហិកតាផ្សេងទៀតនៅស្រុកមេមត់ដែលជាជង្រុកដំណាំកសិកម្មដ៏ សម្បូរបែបបានស្រពោនក្រៀម ស្វិតនិងឈានទៅងាប់ជាបន្តបន្ទាប់នារយ:ពេលប៉ុន្មានខែចុងក្រោយនេះ ដោយប្រឈមនឹងការខ្វះទឹកស្រោចស្រព។
ក្នុងនោះប្រភពទឹកដូចជា ស្រះ ឬ អណ្តូងដែលធ្លាប់បូមដងយកមកស្រោចស្រពប្រើប្រាស់កាលពីឆ្នាំកន្លងមក នោះ បានរីងហួតអស់។ សម្រាប់ម្ចាស់ចម្ការម្រេច ឬដំណាំហូបផ្លែមួយចំនួនដែលមានលទ្ធភាពបានជួលជាងអណ្តូងខួងស្វែងរក ប្រភពទឹកក្នុងដីពីជម្រៅចាប់ពីជាង ៥០ម៉ែត្រទៅជិត១០០ម៉ែត្រ។ ប៉ុន្តែក្រៅពីខ្វះទឹកស្រោចពួកគាត់ជាម្ចាស់ចម្ការម្រេចនៅបានជួប បញ្ហាការធ្លាក់ចុះទិន្នផល ដោយសារអាកាសធាតុក្តៅខ្លាំង និង ការធ្លាក់តម្លៃលក់ចេញលើដំណាំល្បីឈ្មោះរបស់ខ្មែរលើទីផ្សារពិភពលោក មួយនេះដែរ។
ឈ្មោះលោក នឿន សំណាងអាយុ២៦ឆ្នាំ ដែលមានចម្ការម្រេចទំហំប្រមាណពីរហិកតានៅខាងក្រោយផ្ទះរបស់ឪពុក ខ្លួនក្នុងភូមិបេង ឃុំដារ ស្រុកមេមត់ បានប្រាប់រស្មីកម្ពុជា កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៦ថា "ធាតុពិតខ្ញុំនៅខេត្តក្រចេះឯណេះទេ តែបន្ទាប់ពីចម្ការម្រេចរបស់ពុកខ្ញុំបានចាប់ផ្តើមអត់ទឹកស្រោចក៏ មកជួយគាត់។ ក្នុងនោះ ម្រេចចំនួនប្រហែលមួយពាន់ជន្លង់ដែលមានអាយុប្រាំមួយឆ្នាំ បានជ្រុះស្លឹកក្រៀមដើមងាប់បន្ទាប់ពីអត់មានទឹកស្រោចរយៈពេលប្រមាណ មួយខែ ដោយស្រះទឹកមួយធ្លាប់ដងបូមស្រោចម្រេចពីរហិកតាមិនដែលស្រកស្រុត ទឹក បែរជាឆ្នាំនេះបូមស្រោចបានប្រហែល១០០ជន្លង់ប៉ុណ្ណោះ បានរីងគោកអស់ទឹក"។
ម្ចាស់ចម្ការដែលមានមាឌរាងទាប ទ្រនាប់ទុកពុកមាត់ និងពុកចង្ការតិចៗរូបនេះ បានពោលឲ្យដឹងថា "រាល់ឆ្នាំមានភ្លៀងកក់ខែច្រើនមេតាំងពីខែមីនា ប៉ុន្តែឆ្នាំនេះ(២០១៦) មានភ្លៀងកក់ខែតែមួយមេតូចប៉ុណ្ណោះ។ ការនេះ ខ្ញុំបានស្តារជីកបន្ថែមជម្រៅស្រះដើម្បីយកទឹកពីក្នុងដី គឺនៅមិនធានាបានដដែល។ ដូច្នេះចុងក្រោយ គឺនៅថ្ងៃទី ២៩ មេសានេះបានសម្រេចឲ្យជាងបុកខួងអណ្តូងជម្រៅប្រមាណជាង ៨០ម៉ែត្រក្នុងតម្លៃឈ្នួលជិត២.០០០ដុល្លារ ដើម្បីយកទឹកសង្គ្រោះម្រេចកំពុងស្រពេនស្វិតដើមក្រោយពីបេះផ្លែ និងកំពុងបេះឲ្យលូតលាស់ដូចធម្មតាឡើងវិញហើយនឹងបានប្រមូលផលនៅ ឆ្នាំក្រោយទៀត"។ ការសម្រចខួងអណ្តូងនេះ នៅពេលបានឃើញអ្នកចម្ការជិតខាងបានឲ្យជាងអណ្តូងជាមួយគ្នាបូមបានទឹក ធានាសង្គ្រោះម្រេចគេបាន គឺមិនរង់ចាំទឹកភ្លៀងទៀតទេ។
លោក នឿនសំណាងបានឲ្យដឹងទៀតថាកាលឆ្នាំកន្លងមកអ្នកដាំម្រេចជួបជុំគ្នា តែងសួរគ្នាទៅវិញទៅមកថា"ឆ្នាំនេះបានម្រេចប៉ុន្មានតោន?ប៉ុន្តែ សម្រាប់ឆ្នាំនេះពួកគាត់(អ្នកដាំម្រេច)លែងមានសំណួរបែបនោះទៀត គឺជំនួសមកនូវសំណួរថា ម្រេចងាប់ប៉ុន្មានជន្លង់ ?"។
ទាក់ទងនឹង ការប្រមូលផលវិញនោះប្រភពព័ត៌មានបានឲ្យដឹងថាមានការធ្លាក់ចុះ ទិន្នផលជាងពាក់កណ្តាលគឺកាលពីឆ្នាំមុនក្នុងមួយជន្លង់ផ្តល់ផលជា មធ្យមបីគីឡូក្រាមគ្រាប់ម្រេច។តែឆ្នាំ២០១៦នេះបែជាមួយជន្លង់ ដូចគ្នាបានតែប្រមាណមួយគីឡូក្រាមប៉ុណ្ណោះ។ជាមួយការប្រមូលផលបានថយ ថែមទាំងពេលលក់ចេញឲ្យឈ្មួញក៏បានតម្លៃថោកទៀតគឺមួយគីឡូក្រាមគ្រាប់ ម្រេចហាលស្ងួតបានតែ២៩.០០០រៀលខណ:ដែលកាលពីឆ្នាំទៅ២០១៥ ប្រមាណបីម៉ឺនរៀលក្នុងមួយគីឡូក្រាមដូចគ្នា។
ចំណែក បុរសម្ចាស់ចម្ការម្នាក់ទៀតឈ្មោះលោក មៀច មិន នៅតំបន់បុស្សតាកុក ក្នុងឃុំដារ ស្រុកមេមត់ដដែលបានឲ្យដឹងនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៦ថាចម្ការម្រេចរបស់លោកមានទំហំជាបួនហិកតាគឺអត់មាន បញ្ហាខ្វះទឹកស្រោចស្រពទេ។ដោយបានត្រៀមលក្ខណ:សម្បត្តិជាមុនដូចជា បុកខួងអណ្តូងចំនួនពីរបន្ថែម លើចំនួនអណ្តូងចំនួនពីរមានស្រាប់នោះ ក្រោយពីទទួលបានព័ត៌មានថា រដូវប្រាំងឆ្នាំ២០១៦នេះនឹងមានរយ:ពេលយូរ និង អាកាសធាតុឡើងកម្តៅទៀត។
លោក មៀច មិន បានឲ្យដឹងទៀតថា ប៉ុន្តែទោះជាមានការបូមស្រោចទាំងយប់ទាំងថ្ងៃយ៉ាងណា គឺទិន្នផលម្រេចនៅតែថយចុះពិតប្រាកដមែន។ កត្តានេះលោកបានកត់សម្គាល់ឃើញថា ទំនងអាចបណ្តាលមកពីបញ្ហាអាកាសធាតុក្តៅខ្លាំងស្របពេលម្រេចកំពុងចេញ ផ្លា ចេញក្តឹប។ ចំណែកតម្លៃម្រេចលក់ចេញឲ្យឈ្មួញពិតជាទាបជាងកាលពីឆ្នាំមុនៗពិតមែន គឺលោកពុំបានដឹងពីមូលហេតុនៃការធ្លាក់ថ្លៃម្រេចនេះដែរ។
លោកលីរម្យនាប្រធានការិយាល័យកសិកម្មស្រុកមេមត់បានឲ្យដឹងនៅថ្ងៃទី ២៩មេសាដែរថាដំណាំម្រេចបច្ចុប្បន្នបានកើនឡើងដល់ជាងពីរពាន់ហិកតា ហើយ។នេះគឺជាតួលេខសម្រាប់ឆ្នាំ២០១៦នេះ។ប៉ុន្តែអ្នកដាំម្រេច ឆ្នាំនេះកាលពីខែមីនាប្រមាណជាងមួយរយហិកតាបានប្រឈមនឹងការខ្វះទឹក ស្រោចស្រពហើយបានងាប់តែម្តង។ការប្រឈមអត់ទឹកស្រោចម្រេចនេះគឺ ដោយសារការរាំងស្ងួតរីងទឹកអស់នៅតាមស្រះរបស់កសិករជាអ្នកដាំម្រេច ទាំងនោះ។ដោយសារពួកគាត់ទាំងនោះពុំបានត្រៀមអណ្តូងទឹកទុកជាមុនហើយ សម្រាប់ពួកគាត់ដែលមានអណ្តូងទឹកនោះគឺមិនជួបបញ្ហាខ្វះទឹកទេ។ ឥឡូវបញ្ហាប្រឈមទាំងនោះបានធូរស្រាលវិញខ្លះហើយ គឺពួកគាត់បានខួងអណ្តូងទឹកបូមដាក់ក្នុងស្រះ និង បូមស្រោចលើដំណាំម្រេច៕