ឆ្នាំ​២០១៦​នេះ ឧកញ៉ា ម៉ុង ឫទ្ធី ប្រមូល​ស្វាយ​យកទៅលក់​នៅ​អឺរ៉ុប បាន​ជិត ៦០​តោន​! តម្រូវការ​នៅតែមាន តែ​កម្ពុជា​អស់​ស្វាយ​សម្រាប់​នាំចេញ

11-May-2016 | ដោយ មែន កំសត់

 
​ភ្នំពេញ​៖ ឧកញ៉ា ម៉ុង ឫទ្ធី បាន​នាំចេញ​ផ្លែស្វាយ​ជិត ៦០​តោន​ទៅ​លក់​នៅ​តំបន់​អឺរ៉ុប តែ​គួរ​ឲ្យ​ស្តាយ​កម្ពុជា អស់​ផ្លែស្វាយ​សម្រាប់​នាំចេញ ហើយ​ជើង​ចុងក្រោយ​បំផុត​ត្រូវបាន​នាំចេញ​នៅ​យប់​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦ មាន​ចំនួន​ជាង ៤​ពាន់​គីឡូក្រាម​។​

ឧកញ៉ា ម៉ុង ឫទ្ធី ដែលជា​ឧកញ៉ា​ទទួលជោគជ័យ​លើ​របរ​កសិកម្ម​នេះ បាន​ថ្លែងប្រាប់ នៅ​យប់​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦​នេះ​ថា ក្រុមហ៊ុន​របស់លោក បាន​នាំចេញ​ផ្លែស្វាយ​ទៅកាន់​តំបន់​អឺរ៉ុប ចំនួន ១៤​ជើង​នៅក្នុង​រដូវ​ប្រមូល​ផល​ផ្លែស្វាយ នា​ឆ្នាំ​២០១៦​នេះ​។ បើតាម​ឧកញ៉ា ម៉ុង ឫទ្ធី ស្វាយ​នាំចេញ​ទៅនេះ ផ្លែស្វាយ​ដែល​លោក​ដាំ​ដោយ​ខ្លួនឯង​មាន​ប្រមាណ​ជា ១០​ភាគរយ ក្រៅពីនោះ គឺ​ដើរ​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​។​
​លោក​ឧកញ៉ា ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ផ្លែស្វាយ ដែល​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​បាន​លុះត្រាតែ​គោរព​តាម​ស្តង់ដារ​ចំណីអាហារ ពោល​ការដាំដុះ​ត្រូវគោរព​តាម​បទដ្ឋាន​បច្ចេកទេស ដោយ​មិនត្រូវ​ប្រើ​ថ្នាំ​គីមី​អ្វី​នោះឡើយ ហើយ​ប្រើ​ថ្នាំ ក៏​ថ្នាំ​ធម្មជាតិ​ដែរ​។ បើតាម លោក​ឧកញ៉ា ស្វាយ​ដែល​ទិញ​នោះ គឺ​លោក បាន​ឲ្យ​អ្នកបច្ចេកទេស​ចុះទៅ​បង្ហាត់បង្ហាញ​ពី​ការដាំដុះ និង​ថែ​ទាំង​ដល់​ម្ចាស់​ចំការ ថែម​ទៀតផង​។​

​ពាក់ព័ន្ធ​តម្លៃ​នាំចេញ​វិញ ត្រូវបាន​លោក​ឧកញ៉ា អះអាងថា មាន​ផលចំណេញ​តិចតួច​បំផុត ស្ទើរតែ​ទូទាត់​ថ្លៃឈ្នួល​យន្តហោះ​មិន បាន​ផង តែដោយសារ​តែ​ចង់​ឲ្យ​មាន​វត្តមាន​ផ្លែស្វាយ​របស់​ខ្មែរ​នៅលើ​ទីផ្សារ​អឺរ៉ុប ទើប​លោក​ខិតខំ​នាំចេញ​។​

​ឧកញ៉ា ម៉ុង ឫទ្ធី បាន​ឲ្យ​ដឹង​ទៀតថា ទីផ្សារ​នៅ​តំបន់​អឺរ៉ុប ត្រូវការ​ផ្លែស្វាយ​របស់​ខ្មែរ​គ្រប់ពេលវេលា​ទាំងអស់ ពោលគឺ​មិនមាន​កំណត់​ចំនួន ឬ​រដូវ​អ្វី​នោះទេ តែ​អ្វី​ដែលជា​បញ្ហា​ចោទ ពេលនេះ​ផ្លែស្វាយ ដែល​អាច​នាំចេញ​បាន គឺ​ប្រមូល​ទិញ​អស់ហើយ​។​
​លោក​ឧកញ៉ា ម៉ុង ឫទ្ធី ក៏បាន​ស្នើ​ដល់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឲ្យ​ជួយ​ចុះ​បំផុស​ប្រជាពលរដ្ឋ និង​ផ្តល់​បច្ចេកទេស ដាំ​ដុះ​ផ្លែស្វាយ​ទៅដល់​ប្រជាពលរដ្ឋ ដើម្បី​កម្ពុ​ជាមាន​ស្វាយ​កាន់តែច្រើន​ទៅ​ផ្គត់ផ្គង់​ទីផ្សារ​នៅ​អឺរ៉ុប​៕

ចំនួនអ្នកទស្សនា

    19587887

  • ថ្ងៃនេះ4111
  • ម្សិលមិញ4091
  • សប្តាហ៍នេះ4111
  • ខែនេះ24181
  • ឆ្នាំនេះ360441
  • សរុប19587887