ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថាសម្តេចនឹងបើកយុទ្ធនាការជួបសំណេះសំណាលដោយផ្ទាល់ជាមួយ មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ហើយខេត្តបាត់ដំបូងជាខេត្តដំបូងគេដែលសម្តេចតេជោចាប់ផ្តើម។
នេះជាការបញ្ជាក់ឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុកសម្ដេចផ្ទាល់ ដែលបានបង្ហោះកាលយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦គ្រាដែលសម្ដេចបានអញ្ជើញទៅកាន់ខេត្តបាត់ដំបងដើម្បី សម្ពោធសមិទ្ធិផលនានា និងបន្ទាប់ពីសម្ដេចបានជួបប្រជាពលរដ្ឋ សិស្សនិងមន្ដ្រីរាជការជាច្រើននាក់នៅខេត្តបាត់ដំបង។
តាម ទំព័រហ្វេសប៊ុកក៏បានឱ្យដឹងដែរថា បន្ទាប់ពីខេត្តបាត់ដំបងថ្ងៃនេះហើយថ្ងៃស្អែកសម្តេចនឹងបន្តដំណើរទៅ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប បន្ទាប់មកគឺខេត្តកំពង់ធំ។
សម្តេចបានរៀបរាប់យ៉ាងដូច្នេះថា “នៅរសៀលថ្ងៃនេះ ខ្ញុំសប្បាយរីករាយណាស់ដែលបានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ របស់ យើងនៅខេត្តបាត់ដំបង។ នេះជាខេត្តទី១ ដែលខ្ញុំបានចាប់ធ្វើពិធីនេះមុនគេហើយជាបន្ទាប់មកគឺនឹងធ្វើនៅ គ្រប់ទូទាំង២៥ រាជធានី ខេត្តក្រុង។ បន្ទាប់ពីខេត្តបាត់ដំបងថ្ងៃនេះ គឺថ្ងៃស្អែកខ្ញុំនឹងបន្តដំណើរទៅខេត្តបន្ទាយមានជ័យនិងខេត្តសៀម រាប ហើយបន្ទាប់មកគឺខេត្តកំពង់ធំ។ នេះជាឱកាស ដែលខ្ញុំត្រូវតែចុះសួរសុខទុក្ខបងប្អូនមន្ត្រីរាជការ ប្រជាពលរដ្ឋព្រមទាំងពិនិត្យអំពីសមិទ្ឋិផលនៅតាមបណ្តាខេត្ត និងបញ្ហាប្រឈមនានា”។
សម្តេចតេជោ បានរៀបរាប់ទៀតថា ខេត្តបាត់ដំបង ជាអតីតទីសមរភូមិក្តៅដែលយើងមិននឹកស្មានថាបានក្លាយជាខេត្តដែល មានសុខសន្តិភាព និងអភិវឌ្ឍរីកចម្រើនមកទល់សព្វថ្ងៃ។ ដោយសារស្មារតីនៃនយោបាយ ឈ្នះ-ឈ្នះ យើងបានបញ្ចប់សង្គ្រាម ហើយបាននាំមកនូវសន្តិភាពពេញលេញ និងឯកភាពជាតិ ដោយបានប្រែក្លាយទីសមរភូមិមរណៈមកជាទីផ្សារ និងសហគមអភិវឌ្ឍន៍”។
សម្ដេចបាបន្ថែមថា “សូមរំលឹក និងផ្តាំផ្ញើដល់មន្ត្រីរាជការយើងគឺត្រូវខិតខំយកចិត្តទុកដាក់ ដោះស្រាយសេវាតម្រូវការចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ឋភាព។ ត្រូវតែលុបបំបាត់រាល់កំហុសឆ្គង ការថ្នាំងថ្នាក់ភាពអសកម្មទាំងឡាយ ហើយត្រូវខិតខំកសាងអំពើល្អអោយបានច្រើន។ ចំពោះកុងត្រូលទាំងជជុះ ឬមិនជជុះគឺត្រូវលុបបំបាត់ឱ្យអស់រួមទាំងជញ្ជីងថ្លឹងអនាធិបតេយ្យ ផងដែរ។ មិនមែនអ្វីៗដែលខាងលើដាក់មកសុទ្ឋតែត្រូវទាំងអស់នោះទេឬចេះតែថា ល្អទាំងអស់នោះដែរ។ គឺយើងត្រូវចេះពិនិត្យ និងកែលម្អឡើងវិញ បើមានអ្វីមិនល្អ ឬមិនប្រក្រតី។ មន្ត្រីរាជការនិងកងប្រដាប់អាវុទ្ឋទាំងអស់ត្រូវចូលរួមគាំទ្រ សមត្ថកិច្ចគយ និងពន្ឋដារក្នុងការប្រមូលចំណូល។ មន្ត្រីពាក់ព័ន្ឋ និងអាជ្ញាធរមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ការពារព្រៃឈើ និងដោះស្រាយទំនាស់ដីធ្លីក្នុងខេត្តនីមួយៗ របស់ខ្លួនឲ្យបានល្អនិងមានប្រសិទ្ឋភាព។ ទន្ទឹមនឹងនេះគឺយើងទាំងអស់គ្នាត្រូវចូលរួមពង្រឹងនីតិរដ្ឋអោយបាន ល្អរឹងមាំ ហើយកុំភ្លេចទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ត្រូវមាន សាមគ្គីភាពរវាងគ្នាទៅវិញទៅមក ហើយត្រូវខិតខំរក្សាមិត្តភាពនិងសហប្រតិបតិ្តការជាមួយប្រទេសថៃ ជាប់ព្រំដែនជាមួយខេត្តឲ្យបានល្អ”។
នៅសេចក្ដីចុងក្រោយនៃ សារនោះសម្ដេចក៏បានជូនពរមន្ដ្រីរាជការទាំងអស់ក្នុងខេត្តបាត់ដំបង ថា“ខ្ញុំសូមកោតសរសើររាល់នូវការខិតខំប្រឹងប្រែងរបស់ខេត្ត និងសូមជូនពរបងប្អូនមន្ត្រីរាជការនៅក្នុងខេត្តបាត់ដំបងទាំងមូលជួបតែ សេចក្តីសុខនិងសំណាងល្អគ្រប់ៗគ្នា”៕