សម្តេច​តេ​ជោ បានដាក់​ចេញ​នូវ​អនុសាសន៍​សំខាន់ៗ​៥ ដើម្បី​ទាក់ទាញ​កំណើន​ទេសចរ​អោយមាន​សន្ទុះ​ខ្លាំង​ឡើង ​

27-February-2017 | ដោយ ពល បញ្ញា

 

នៅ​ព្រឹក​ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ​២០១៧ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ទិវា​ជាតិ​ទីក្រុង​ស្អាត​ឆ្នាំ​២០១៧ ក្រោម​ប្រធានបទ « ទីក្រុង​ផ្តល់​ភាពកក់ក្តៅ​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​»​។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អបអ​សាទរ និង​កោតសរសើរ​ដល់​ក្រសួងទេសចរណ៍ និង​ស្ថាប័ន​ពាក់​ព័​ន្ឋ​ទាំងអស់​ដែល​បានរៀបចំ​វេទិកា​នេះ​ដោយ​ជោគជ័យ​។ ពិតណាស់ សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​សណ្តាប់ធ្នាប់​ជាមួយនឹង​ហេ​ដ្ឋា​សម្ព​ន័​ល្អ​របស់​កម្ពុជា​គឺ​បានធ្វើអោយ​ប្រទេសជាតិ​កាន់តែ​រីក ចម្រើន​ទៅមុខ​។

វិស័យ​ទេសចរណ៍​បាន​ចូលរួម​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ រួមទាំង​ក្នុងការ​ទ្រទ្រង់​ការធ្វើសមាហរណកម្ម​ក្នុង​តំបន់​ផងដែរ និង​បាន​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​យ៉ាង​ឆាប់រហ័ស​ទៀតផង​។ ក្នុង​ឆ្នាំ ២០១៦ កន្លងទៅ កម្ពុជា​បានទទួល​ទេសចរ​ជាង ៥​លាន​៤​សែន​នាក់ ដែល​នាំមក​នូវ​ប្រាក់ចំណូល​ជាង ៣,៤០០លាន​ដុល្លារ​។ នៅ​ឆ្នាំ ២០២០ យើង​រំពឹងថា​ចំនួន​ទេសចរ​នឹង​កើន​ឡើងដល់ ៧​លាន​នាក់ ជាមួយ​ប្រាក់ចំណូល​ប្រមាណ​៥ ពាន់ លាន​ដុល្លារ និង​ឱកាស​ការងារ​កើន​ដល់​ជាង​១​លាន​នាក់​។​ទន្ទឹមនឹង​នេះដែរ កម្ពុជា​អាច​នឹង​ប្រឈម​ការប៉ះពាល់​ខ្លះៗ​ដោយសារ​ភាពមិនប្រក្រតី​នៃ​ស្ថេរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ចពិភពលោក និង​ការប្រែប្រួល​អាកាសធាតុ​ជាដើម​។

កម្ពុជា​ត្រូវខិតខំ​ប្រឹងប្រែង​ខ្លួនឯង​អោយបាន​ខ្លាំង ថែមទៀត ដើម្បី​ទទួលបាន​នូវ​ភាព​រី​ចម្រើន​សម្រេច​តាម​បំណងប្រាថ្នា​សំដៅ​កែលម្អ​ជីវភាព និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ និង​ក្នុងការ​រួមចំណែក​ថែរក្សា​ផែនដី​របស់​យើង​សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​។

ចំណុច​សំខាន់ៗ​មួយចំនួនទៀត​ដែល​កម្ពុជា​ត្រូវ​យកចិត្តទុកដាក់​ដូចជា ការកាត់បន្ថយ​ភាពក្រីក្រ ការលើកកម្ពស់​សុខភាព និង​សុខមាលភាព​ពលរដ្ឋ ការគិតគូរ​ចីរភាព​នៅតាម​បណ្តា​ទីក្រុង ការឆ្លើយតប​ទៅនឹង​ការ​បំរែបម្រួល​ធម្មជាតិ និង​វិធានការ​ការពារ​ធនធាន​ធម្មជាតិ​ជាដើម​។ យើងទាំងអស់់គ្នា​ត្រូវ រួម​គិត រួម​ធ្វើ រួម​ទទួលខុស​ទាំង​នៅក្នុង​កម្រិត​ជាតិ និង​នៅក្នុង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​របស់​អាស៊ាន​រួមទាំង​ឆ្លើយតប​ទៅនឹង​ទិសដៅ​នៃ​របៀបវារៈ​ការអភិវឌ្ឍ​ន៍​ដោយ​ចីរភាព​របស់​អង្គការ សហប្រជាជាតិ​នៅ​ឆ្នាំ ២០៣០​ផងដែរ​។

យើង​ដឹង​ច្បាស់​ណាស់​ថា ទេសចរ​មិន​ប្រថុយ​មក​ដើរលេង​ក្នុងប្រទេស​ដែល​កំពុងមាន​អស្ថេរភាព និង​មាន​សង្គ្រាម​ដូចជា​នៅ​មជ្ឈិម​បូ​ពា៍​ទេ ហើយ​ពួកគេ​ក៏​នឹងមិន​មក​ស្រូបយក​អាកាសធាតុ​ស្អុយ​ដែរ​។ កម្ពុជា​យើង​ត្រូវ​ធានា​សន្តិសុខ​សុវត្ថិភាព​អោយបាន​ដាច់ខាត ដើម្បី​ទាក់ទាញ​ទេសចរណ៍​។ ឧទាហរណ៍​ជាក់ស្តែង អង្គរវត្ត​កម្ពុជា​ដែល​បាន​កសាង​ជាង​ពាន់​ឆ្នាំ​មកហើយ គឺ​មិនមាន​អ្នក​ទៅ​ទស្សនា ព្រោះ​ពេលនោះ​ដោយសារ​ប្រទេស​យើង​មាន​សង្គ្រាម​។ ដោយ​តម្លៃ​ណាក៏ដោយ គឺ​ត្រូវតែ​ការពារ​សន្តិភាព​អោយ ខាន​តែ​បាន​។​

ទន្ទឹមនឹង​នោះដែរ ដើម្បី​លើកស្ទួយ​ផលិតផល​ក្នុងស្រុក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន ផ្តល់​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ដល់​ក្រសួង​ស្ថាប័ន​ពាក់​ព័​ន្ឋ​ក្នុងការ​រៀបចំ​តំបន់​ខ្សែក្រវាត់​ខៀវ​បៃតង​នៅ​តំបន់​ទេសចរណ៍ ដោយមាន​ការផលិត និង​ដាំ​ដុះ​បន្លែបង្ការ​ផ្សេងៗ​សម្រាប់​ផ្គត់ផ្គង់​ទៅអោយ​សណ្ឋាគារ និង​ភោជនីយដ្ឋាន​នានា​។ ក្រសួងកសិកម្ម ក្រសួងទេសចរណ៍ និង​មន្ទីរ​សា្ថ​ប័ន​ពាក់​ព័​ន្ឋ ត្រូវ​ចូលរួម​រៀបចំ​ការប្រឡងប្រណាំង​កម្មវិធី​ខ្សែក្រវ៉ាត់​បៃតង​នេះ​។

ទន្ទឹមនឹងនេះ គឺ​បន្ត​ជំរុញ និង​លើកតម្កើង​ដល់​សណ្ឋាគារ និង​ភោជនីយដ្ឋាន​នានា​អោយប្រើ​ប្រាស់​អង្ករ បន្លែបង្កា​ត្រី​សាច់ និង​ផលិតផល​ក្នុងស្រុក​អោយបាន​ច្រើន និង​ប្រើប្រាស់​សិល្បៈ​ខ្មែរ​។ យើង​ចូលរួម​ទប់ស្កាត់​ចំពោះ​អំពើ​ភេរវកម្ម​គ្រប់​រូបភាព​។ សម្តេច តេ​ជោ ក៏បាន​កោតសរសើរ​ដ​ល់​កង​នគរបាល អាវុធហត្ថ និង​ស្ថាប័ន​ពាក់​ព័​ន្ឋ​ទាំងអស់​ដែល​បាន​ចូលរួម​ទប់ស្កាត់​ការរត់​ព​ន្ឋ​គ្រឿងញៀន និង​អំពើ​ល្មើសច្បាប់​ឆ្លងដែន​ចូលមក​កម្ពុជា​។​

ដើម្បី​ទាក់ទាញ​កំណើន​ទេសចរ​អោយមាន​សន្ទុះ​ខ្លាំង​ឡើង សម្តេច​តេ​ជោ បានដាក់​ចេញ​នូវ​អនុសាសន៍​សំខាន់ៗ​៥​ដូចជា ១)​ត្រូវ​រួមគ្នា​ថែរក្សា​សណ្តាប់ធ្នាប់ សម្អាត​សំរាម ផ្សព្វផ្សាយ​ពី​អនាម័យ គឺ​ផ្តើម​ពី​យើង​ដោយមាន​ការចូលរួម​ពី សហគមន៍ និង​គ្រួសារ​នីមួយៗ ជាពិសេស​ពី​ក្រុម​អ្នកស្ម័គ្រចិត្ត និង​យុវជន​។ ២)​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​មូលដ្ឋាន​សាធារណៈ​ដូចជា​ផ្លូវថ្នល់ ផ្លូវលំ​អោយបាន​ងាយស្រួល និង​រៀបចំ​ចំណត​យានយន្ត​អោយបាន​ត្រឹមត្រូវ​ល្អ ព្រមទាំង​ជំរុញ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​អោយបាន​ល្អ​ផងដែរ​។

សម្តេច​តេ​ជោ បាន​រំលឹក​ផងដែរ​កុំអោយ​ដោះដូរ​ផ្លាស់ប្តូរ​ចំណតរថយន្ត​ចាស់​យកទៅដាក់​នៅ​ទីតាំង​ថ្មី ចៀសវាង​ការយល់ច្រឡំ និង​បង្កបញ្ហា​ផ្សេងៗ​ដល់​ប្រជាពលរដ្ឋ​។ ៣)​ជំរុញ គាំទ្រ និង​លើកតម្កើង​រមណីយដ្ឋាន​ដែលមាន​ការអភិវឌ្ឍ​គិតគូរ​អំពី​បរិស្ថាន និង​មាន​ទស្សនៈទាន​បៃតង ។ ៤)​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ប្រឈម ដោយ​ខិតខំ​ដោះស្រាយ​ផ្តល់ជូន​នូវ​សេវាសាធារណៈ​បម្រើប្រជាជន​ដោយ​ភាពស្មោះត្រង់ និង​កក់ក្តៅ ព្រមទាំង​ចូលរួម​បដិសណ្ឋារកិច្ច​ល្អ​។ ៥)​ថែរក្សា​ការពារ​សន្តិភាព ស្ថេរភាព​នយោបាយ និង​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច ចាត់វិធានការ​ទប់ស្កាត់​គ្រឿងញៀន “​ថា​ទេ ចំពោះ​គ្រឿងញៀន​”​។ គឺ​អោយគេ​លេង​មកហើយ ហើយ​អោយគេ​មកវិញ​ទៀត ដោយ​នាំមក​នូវ​ក្រុមគ្រួសារ និង​មិត្ត​ភ័ក្តិ​មក​ថែមទៀត​។

ត្រូវធ្វើ​ដោយ​ស្នាមញញឹម​រួសរាយ​រាក់ទាក់​។ ការរីកចំរើន​នៃ​វិស័យ​សេវាកម្ម ឧស្សាហកម្ម និង​កសិកម្ម គឺជា​សញ្ញា​នៃ​ការរីកចម្រើន​នៃ​ប្រទេសជាតិ​ទាំងមូល​។​មុននឹង​បិទ​កម្មវិធី សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រគល់​ពានរង្វាន់​ធុរកិច្ច​បៃតង​លើក​ទី​២ អមដោយ​ជ័យលាភី បដិសណ្ឋារកិច្ច​ល្អ សេវាសាធារណ​ល្អ​របស់​ក្រុង​-​ខណ្ឌ ក្នុង​វិស័យ​ទេសចរណ៍​ដល់​ម្ចាស់ សណ្ឋាគារ រមណីយដ្ឋាន និង​ភោគ​ជនី​យ​ដ្ឋា​ន ព្រមទាំង​ទីក្រុង​ស្អាត​មួយចំនួន​មកពី​ទូទាំងប្រទេស​។ នេះ​គឺជា​ការគាំទ្រ​ដែល​បង្ហាញ​នូវ​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី​រាជរដ្ឋាភិបាល​ម្ពុ​ជា​ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន​៕​

ចំនួនអ្នកទស្សនា

    19588207

  • ថ្ងៃនេះ4431
  • ម្សិលមិញ4091
  • សប្តាហ៍នេះ4431
  • ខែនេះ24501
  • ឆ្នាំនេះ360761
  • សរុប19588207