កំពង់ឆ្នាំង ៖ យោងតាមការបញ្ជាក់ពីលោក ពៅ ស៊ីថា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង គឺទឹកប្រាក់ប្រមាណជាង៥លានដុល្លាបានហូរចូលមកដល់ដៃកម្មករកម្មការនីតាមរយៈការងារនៅតាមរោងចក្រ សហគ្រាស សិប្បកម្មនានានៅក្នុងខេត្ត និងបានស្រូបទាញកំលាំងពលកម្មជាង៣ម៉ឺននាក់ដែលកំពុងធ្វើការរាល់ថ្ងៃ។
លោក ពៅ ស៊ីថា បន្តថា៖ ក្នុងខេត្តកំពង់ឆ្នាំងមានរោងចក្រទាំងអស់១៨រោងចក្រ និងមានសិប្បកម្ម សហគ្រាសជាច្រើនទៀតកំពុងដំណើរការយ៉ាងរលូន និងមានក្តីសុខដុមរម្យនារវាងម្ចាស់រោងចក្រ និងកម្មករកម្មការនី ដែលក្នុង១ខែៗ ប្រាក់ចំណូលចូលមកប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងប្រមាណជាង៥លានដុល្លាអាមេរិក ហើយប្រាក់ទាំងអស់នេះ មួយចំនួនហៀរចូលទៅក្នុងទីផ្សារក្នុងខេត្ត មួយចំនួនជួយដល់សេដ្ឋកិច្ចគ្រួសារ ព្រមទាំងការអភិវឌ្ឍន៍នូវសំណង់ផ្ទះសំបែង ជាពិសេសគឺកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
លោក ពៅ ស៊ីថា បានបន្តថា៖ ដោយសារក្នុងប្រទេសយើងមានសុខសន្តិភាព សណ្តាប់ធ្នាប់សង្គមល្អគ្រប់ទីកន្លែង រាជរដ្ឋាភិបាលកម្ពុជាដែលកំពុងដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បាន និងកំពុងអូសទាញវិនិយោគពីគ្រប់ប្រទេស មកបង្កើតរោងចក្រ សហគ្រាស សិប្បកម្មនៅក្នុងស្រុក ដើម្បីផ្តល់នូវការងារ និងប្រាក់ចំណូលបន្ថែមជូនពលរដ្ឋកម្ពុជាបន្ថែមទៀត។ ដោយឡែកខេត្តកំពង់ឆ្នាំង មានតំបន់សេដ្ឋកិច្ចពិសេសមួយកន្លែងទៀតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ហើយរាជរដ្ឋាភិបាលកំពុងអូសទាញអ្នកវិនិយោគមក វិនិយោគនៅទីនោះ ដែលតាមការប៉ាន់ប្រមាណ ប្រសិនបើតំបន់សេដ្ឋកិច្ចពិសេសមានដំណើរការ គឺអាចស្រូបយកកំលាំងពលកម្មប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង និងតាមបណ្តាខេត្តជិតៗប្រមាណជាង២ម៉ឺននាក'។
លោកប្រធានមន្ទីរបានបន្ថែមថា កន្លងមករោងចក្រសហគ្រាសក្នុងខេត្តក៍ធ្លាប់មានបញ្ហាប្រឈមរវាងម្ចាស់រោងចក្រ និងបងប្អូនកម្មករកម្មការនីផងដែរ តែដោយឈរលើគោលជំហរដោះស្រាយតាមផ្លូវច្បាប់ការងារ គឺបានដោះស្រាយបញ្ចប់ភាពប្រឈមទទួលបានជោគជ័យទាំងសងខាង។ លោកក៍បានអំពាវនាវដល់កម្មករកម្មការនី និងម្ចាស់រោងចក្រទាំងអស់ អោយដោះស្រាយភាពឈរលើច្បាប់ការងារជាធំ ជាពិសេសបងប្អូនកម្មករកម្មការនី កុំជឿលើការឃោសនាបំផ្លាញប្រាក់ខែរបស់ជនមួយចំនួន ដែលការឃោសនារបស់គេ គឺសំដៅលើការកេងចំណេញផលប្រយោជន៍ក្រុម បក្សពួកគេតែប៉ុណ្ណោះ ៕