ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានធ្វើការណែនាំឲ្យស្មៀនសង្កាត់ទាំងអស់ ស្តាប់តាមការណែនាំការងារ ពីលោកចៅសង្កាត់ បើមិនដូច្នេះទេ អស់លោកជាស្មៀន នឹងប្រឈមការសុំដកតំណែង ពីក្រសួងមហាផ្ទៃ ដោយមិនទុកឲ្យបង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ដែលមកទទួលសេវានោះទេ ។
លោក ឃួង ស្រេង បានលើកឡើងថា កន្លងមកនេះ បើតាមអ្វីដែលលោកបានទទួលព័ត៌មាននោះ គឺមានស្មៀនសង្កាត់មួយចំនួន នៅរាជធានីភ្នំពេញយើងនេះ មិនសូវស្តាប់ចៅសង្កាត់នោះទេ ដោយអាងថាខ្លួនជាមន្ត្រីមានក្របខណ្ឌរបស់ក្រសួងមហាផ្ទៃ។ តែបើតាមពិតទៅស្មៀនមានតួនាទីគ្រាន់តែជាអ្នកកាន់ត្រា អ្នកសរសេរបម្រការងារឲ្យលោកសង្កាត់ប៉ុណ្ណោះ ដូច្នេះទេត្រូវតែស្តាប់ការណែនាំរបស់ចៅសង្កាត់ ធ្វើយ៉ាងណា កុំធ្វើឲ្យសង្កាត់មានបញ្ហាថ្នាំងថ្នាក់ជាមួយប្រជាពលរដ្ឋ ។ដូច្នេះស្មៀនត្រូវបំពេញការងារឲ្យបានល្អទៅតាមតួនាទីរបស់ខ្លួន ពិសេសត្រូវរួមគ្នា ដើម្បីបម្រើប្រជាពលរដ្ឋ ឲ្យសមទៅហ្នឹងអ្វីដែលប្រជាពលរដ្ឋមានទំនុកចិត្ត។
ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បើស្មៀនមិនស្តាប់ចៅសង្កាត់ទេ ស្មៀនអាចប្រឈមនឹងការដកតំណែង ដោយហេតុថា រដ្ឋបាលខណ្ឌ រដ្ឋបាលរាជធានីមានសិទ្ធិគ្រប់គ្រាន់ ក្នុងការស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីដកតំណែង និងតួនាទីនេះ ដូច្នេះស្មៀនមិនអាចធ្វើព្យុះ ធ្វើភ្លៀងស្រេចតែចិត្តនោះទេ។ ដោយឡែកលោកមេប៉ុស្តិ៍ ក៏ត្រូវស្តាប់ចៅសង្កាត់ដែរ ដោយលោកមេប៉ុស្តិ៍ស្ថិតក្រោមគណៈបញ្ជាការឯកភាពសង្កាត់ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ចៅសង្កាត់ត្រូវតែស្អាតស្អំដែរ។
ឯកឧត្តម ឃួង ស្រេង បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយអភិបាល អភិបាលរងខណ្ឌ នាយករដ្ឋបាលខណ្ឌ ប្រធានមន្ទីរ ចៅសង្កាត់ និងស្មៀនសង្កាត់ នៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលារាជធានីភ្នំពេញ។
ក្រៅពីការលើកឡើងខាងលើ លោក ឃួង ស្រេង ក៏បានជំរុញឲ្យចៅសង្កាត់ និងមេប៉ុស្តិ៍យកចិត្តទុកលើការងារការពារសន្តិសុខ សុវត្ថិភាព និងការសម្រួលចរាចរណ៍ជូនប្រជាពរដ្ឋអោយបានល្អផងដែរ ដោយលោកបានជំរុញឲ្យបង្កើតវេនយាមជាប្រចាំនៅក្នុងភូមិ ចលនាប្រជាពលរដ្ឋ និងព្រះសង្ឃអោយជួយចូលរួម ។
លោកបញ្ជាក់ថា ការងារការពារសន្តិសុខ សុវត្ថិភាព និងការសម្រួលចរាចរណ៍ ជាការងារសំខាន់ខ្លាំងណាស់ ដែលប្រជាពលរដ្ឋត្រូវការជាប្រចាំ មិនថាចំពោះប្រជាពលរដ្ឋក្រីក្រ ឬអ្នកមាននោះទេ ដូច្នេះទេត្រូវតែប្រឹងប្រែងដើម្បីឲ្យភូមិសង្កាត់មានសុវត្ថិភាព៕