ទៀត គឹមហេង ជាកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ឆ្នាំ (U-16) ដែលរកគ្រាប់បាល់បាន ១គ្រាប់គត់កំឡុងពេលយកឈ្នះហ្វីលីពីន១-០នៅពហុកីឡដ្ឋានជាតិ ក្នុងការប្រកួតពានរង្វាន់ 2015 AFF U-16 Championship ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចង់អភិវឌ្ឍខ្លួនឲ្យក្លាយជាកំពូលការពារមួយរូបប្រចាំក្រុមជម្រើសជាតិកម្ពុជា។
យុវជនខ្សែបម្រើប្រយុទ្ធជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ ទៀត គឹមហេង បានឲ្យដឹងថា ទោះជាបច្ចុប្បន្នរូបគេកំពុងលេងតួនាទីជាខ្សែបម្រើប្រយុទ្ធនៅក្រុមជម្រើសជាតិអាយុក្រោម១៦ឆ្នាំក៏ដោយ ប៉ុន្តែសម្រាប់នាពេលអនាគត រូបគេចង់ក្លាយជាកំពូលខ្សែការពារស្លាបស្ដាំវិញ។ គឹមហេងនិយាយថា ៖«ខ្ញុំចង់ជួយក្រុមជម្រើសជាតិកម្ពុជាឲ្យលេចធ្លោ និងល្បីល្បាញផ្នែកខាងបាល់ទាត់នៅតំបន់អាស៊ី។ ខ្ញុំនឹងខិតខំអភិវឌ្ឍខ្លួនឲ្យក្លាយជាខ្សែការពារស្លាបដ៏ល្បីល្បាញម្នាក់នាពេលអនាគត ព្រោះខ្ញុំជឿជាក់លើខ្លួនឯងថា អាចធ្វើបាន»។
កីឡាកររូបនេះបានបង្ហាញខ្លួនស្ទើរគ្រប់ការប្រកួតឲ្យក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់យុវជនអាស៊ានឆ្នាំ២០១៥ AFF U-16 Championship ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនាពេលកន្លងមក និងចូលរួមប្រកួតជម្រុះជើងឯកយុវជនទ្វីបអាស៊ីនៅប្រទេសសិង្ហបុរី។
បើនិយាយពីកំណើតលេងបាល់ទាត់វិញ ទៀត គឹមហេង បានចាប់ផ្ដើមលេងបាល់ដំបូងតាំងពីអាយុ ១០ឆ្នាំ នៅក្លិបអង្គការ ម្លប់តាប៉ាង នៅខេត្តព្រះសីហនុ។ ក្នុងឆ្នាំ ២០១០នោះ រូបគេលេងក្នុងតំណែងជាខ្សែបម្រើប្រយុទ្ធរហូតរហូតដល់បច្ចុប្បន្ន។ រូបគេបានចំណាយពេលពីរលើកក្នុងការចូលធ្វើតេស្តដើម្បីបានជាប់ជាសមាជិកក្នុងក្រុមជម្រើសជាតិកម្ពុជា U-១៣ គឺឆ្នាំ ២០១២ លើកទី១ធ្វើតេស្តនៅទីលានបាល់ទាត់ចែងម៉ែង (កំបូល) និងលើកទី២ ធ្វើតេស្តនៅទីលានបាល់ទាត់បាទីខេត្តតាកែវក្នុងឆ្នាំ២០១៣។
កីឡាកររូបនេះប្រាប់ទៀតថា មុនពេលបានធ្វើតេស្តចូលជម្រើសជាតិ រូបគេបានប្រកួតពានរង្វាន់ U-13 ថ្នាក់ជាតិក្នុងឆ្នាំ២០១២ និងឆ្នាំ២០១៣ ដែលលេងឲ្យក្រុមជម្រើសរបស់ខេត្តព្រះសីហនុ។ ក្នុងពេលធ្វើតេស្តជាប់នោះ លោកគ្រូ២នាក់ជាអ្នកបង្វឹកផ្នែកបច្ចេកទេសគឺលោក ជា សុធី និងលោក នេត ស៊ីនាន។ គឹមហេងបានចំណាយពេល២ឆ្នាំក្នុងការសិក្សាពីបាល់ទាត់មុនពេលបានជាប់ជាជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំក្នុងឆ្នាំ ២០១៤។ ចំណែកឪពុកម្ដាយរបស់ គឹមហេង មិនបានហាមឃាត់រូបគេចំពោះការលេងបាល់នេះឡើយ ថែមទាំងជំរុញឲ្យប្រឹងប្រែងហ្វឹកហាត់ ឲ្យបានល្អទៀតផង។
អ្នករកគ្រាប់បាល់បានមួយគ្រាប់ឲ្យក្រុមជម្រើសជាតិរូបនេះបានប្រាប់ថា ក្នុងឆ្នាំ ២០១២ ប្អូនរៀននៅសាលាបឋមសិក្សា ហ៊ុន សែន ខេត្តព្រះសីហនុក្នុងថ្នាក់ទី ៦ បន្ទាប់មកឡើងដល់ថ្នាក់ទី៧សិក្សានៅអនុវិទ្យាល័យ សម្ដេចឪ ខេត្តព្រះសីហនុ។ បច្ចុប្បន្នរូបគេកំពុងសិក្សាថ្នាក់ទី៩នៅវិទ្យាល័យសុខអានទន្លេបាទីខេត្តតាកែវ ដែលត្រៀមចូលថ្នាក់ទី១០ពេលចូលឆ្នាំសិក្សាថ្មីខាងមុខ។ មុនពេលជាប់ជម្រើសជាតិU-16 ក្នុងឆ្នាំ២០១៤ រូបគេរៀននៅអនុវិទ្យាល័យសម្ដេចឪខេត្តព្រះសីហនុថ្នាក់ទី៨។
យុវជនអាយុ១៥ ឆ្នាំរូបនេះមានឪពុកឈ្មោះ ទៀត ចំរើន ម្ដាយឈ្មោះ ព្រាម សុផៃ ហើយរូបគេជាកូនទី៣ក្នុងចំណោមបងប្អូន៤នាក់ដែលមានបងស្រីទី១ ឈ្មោះទៀត សៀកដាលីន បងស្រីទី២ ឈ្មោះទៀត សៀកហង និងប្អូនប្រុសឈ្មោះ ទៀត សេងលាប។ ឪពុករបស់ គឹមហេង ជាមន្ត្រីរាជការ ម្ដាយលក់ដូរនៅផ្ទះ។ ចំណែកជីវភាពគ្រូសាររបស់គេវិញមានកម្រិតបង្គួរ។
ទោះបីជាពេលនេះរូបគេកំពុងលេងនៅតំណែងជាខ្សែបម្រើប្រយុទ្ធ ប៉ុន្តែសម្រាប់នាពេលអនាគតកីឡាករវ័យក្មេងរូបនេះចង់ក្លាយជាកំពូលខ្សែការពារស្លាបស្ដាំមួយរួប ដែលអាចជួយប្រទេសកម្ពុជាឲ្យទទួលបានកេរ្តិ៍ឈ្មោះល្បីខាងផ្នែកបាល់ទាត់នៅតំបន់អាស៊ី ពីព្រោះតំណែងខ្សែការពារស្លាបស្ដាំរូបគេមានជំនឿចិត្តខ្ពស់៕