ក្រុម ជម្រើសជាតិកម្ពុជា ដែលបានចាញ់ក្រុមជម្រើសជាតិម៉ាល់ឌីវ ៣-២ ក្នុងការប្រកួតជម្រុះតាមពូលB ដណ្តើមពានរង្វាន់ 2016 Bangabandhu Gold Cup នៅប្រទេសបង់ក្លាដេស កាលពីថ្ងៃទី១១ ខែមករានោះ កំពុងតែមានក្តីសង្ឃឹមថា អាចនឹងស្តារមុខមាត់បានវិញ សម្រាប់ការជួបក្រុមជម្រើសជាតិបារ៉ែន នៅរសៀលម៉ោង៤ថ្ងៃព្រសហ្បតិ៍នេះ រីឯក្រុមម៉ាល់ឌីវ ត្រូវប៉ះក្រុមU23បង់ក្លាដេស នាយប់ម៉ោង ៧:៣០ ថ្ងៃនេះដែរ ។
ការជួបក្រុមបារ៉ែន នៅកីឡដ្ឋាន Shams-UI-Huda Stadium ថ្ងៃនេះ កម្ពុជាត្រូវការឈ្នះជាដាច់ខាត ដើម្បីបង្កើតនូវក្តីសង្ឃឹមឡើងវិញ ក្នុងការប្រជែងទៅវគ្គបន្ត ព្រោះនៅពេលនេះ កម្ពុជាមានសូន្យពិន្ទុ ខណៈក្រុមម៉ាល់ឌីវ មាន៣ពិន្ទុ កំពុងឈរនៅកំពូលតារាងប្រចាំពូលBនេះ ហើយក្រុមបារ៉ែន និង U23បង់ក្លាដេស មាន១ពិន្ទុស្មើគ្នា ព្រោះការប្រកួតបើកឆាកកន្លងមក ក្រុមទាំង២បានស្មើគ្នា ១-១។
យោងតាមលទ្ធផលនៃការប្រកួតនេះអាចបញ្ជាក់បានថា បើសិនជាកម្ពុជា បន្តទៅចាញ់ក្រុមបារ៉ែន ហើយក្រុមU23បង់ក្លាដេស បែរជាអាចឈ្នះក្រុមម៉ាល់ឌីវនោះ គឺកម្ពុជា នឹងត្រូវធ្លាក់ចេញពីការប្រកួតនេះដោយស្វ័យប្រវត្តិ បើទោះបីជានៅសល់១ប្រកួតទៀតជាមួយក្រុម U23បង់ក្លាដេសក៏ដោយ។
យ៉ាងណាក៏ដោយ លោក ឆាំ ពិសិដ្ឋ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានប្រាប់ពីប្រទេសបង់ក្លាដេសមកថា ក្រុមកម្ពុជា កំពុងតែត្រៀមលក្ខណៈបានយ៉ាងល្អ ដើម្បីធ្វើការប្រកួតជាមួយក្រុមបារ៉ែន លើកនេះ។
លោកបានបន្តថា៖«បន្ទាប់ពីបានចាញ់ក្រុមម៉ាល់ឌីវ ដ៏គួរឲ្យសោកស្តាយបំផុតនោះ យើងបានធ្វើការប្រជុំបច្ចេកទេសក្នុងក្រុម ដើម្បីពិភាក្សាគ្នារកចំណុចខ្វះខាត ហើយនៅពេលនេះលោក Lee Tae Hoon ដែលជាគ្រូបង្គោល បានត្រៀមគ្រប់គ្រាន់អស់ហើយទាំងកម្លាំងកាយ កម្លាំងចិត្ត ប៉ុន្តែយើងនឹងមិនផ្លាស់ប្តូរយុទ្ធសាស្រ្តនៃការលេងនោះទេ គឺយើងគ្រាន់តែពង្រឹងបន្ថែមទៅលើចំណុចខ្វះខាត និងជំរុញឲ្យកីឡាករមានស្មារតីលេងជាក្រុម ហើយយើងហើយទាំងអស់គ្នា បានប្តេជ្ញាថា នឹងរកលទ្ធផលល្អជូនក្រុមឲ្យបាន សម្រាប់ការជួបក្រុមបារ៉ែន លើកនេះ»៕
ប្រភព៖ cambosport