កីឡាករ​កំសត់​ខ្លា​ចាស់ ឡៅ ស៊ី​ណាត សំពះ​ស្វែងរក​ជំនួយ​ព្យាបាល​របួស​បាក់ជើង​

22-January-2016 | ដោយ មួយឡា

​ភ្នំពេញ​៖ កីឡាករ ឡៅ ស៊ី​ណាត បាន​បង្ខំចិត្ត​រក​ជំនួយ​ពី​សប្បុរសជន​ដើម្បី​ព្យាបាល​របួស​បាក់ឆ្អឹង​ជើង​ខាងឆ្វេង​ក្រោយ​ដឹងថា​ខ្លួន​មិនអាច​ឡើង​សង្វៀន​យ៉ាងហោចណាស់​១​ឆ្នាំ​ហើយ​ប្រពន្ធ​ក៏​ទើប​សម្រាលកូន មិនអាច​ប្រកបការងារ​បាន​។​

​តាម​ការរៀបរាប់ កីឡាករ​ខ្លា​ចាស់ ឡៅ ស៊ី​ណាត បាន​ឲ្យ​ដឹងថា​រូបគេ​មិនអាច​ឡើង​ប្រកួត​រហូត​១​ឆ្នាំ​ស្របពេល​ប្រពន្ធ​កូនខ្ចី ដូចនេះ​គ្មាន​ចំណូល​ចូល​គ្រួសារ​ហើយ​របួស​ក៏ត្រូវ​ការ​ថ្នាំ​ព្យាបាល​រហូតដល់​ជាសះស្បើយ​។ ការប្រកាស​សុំ​ជំនួយ​នេះ​ដើម្បី​អាចមាន​លទ្ធភាព​ទុក​សម្រាប់​ព្យាបាល​របួស និង​ផ្គត់ផ្គង់​គ្រួសារ​បន្តិចបន្តួច​ប៉ុណ្ណោះ​។​

​កីឡាករ​រូបនេះ​បាន​និយាយថា ៖«​ជីវភាព​ខ្ញុំ​ក្រ​ប្រពន្ធ​កូនខ្ចី​ទៀត របួស​នេះ​ត្រូវការ​ថ្នាំលេប​រយៈពេល​យូរ​ពិតណាស់ ខ្ញុំ​ពិបាក​ណាស់ បើ​មិន​សុំ​ជំនួយ មិនដឹងថា​បាន​ប្រាក់​ពី​ណា​ព្យាបាល​បន្ត​ទេ​»​។ ទន្ទឹមនឹង​នោះដែរ​ខាង​ស្ថានីយទូរទស្សន៍​បាយ័ន​នឹង​ចេញថ្លៃ​ព្យាបាល​ទាំងស្រុង​រាល់​ការចំណាយ​នៅ​មន្ទីរពេទ្យ​។​

​ឡៅ ស៊ី​ណាត បានបញ្ជាក់​បន្ថែមថា​៖ ខ្លួន​បាន​រងរបួស​បាក់ជើង​ឆ្វេង​ដោយ​ខុស​បច្ចេកទេស​មិនបាន​ប្រយ័ត្ន​ក្នុងការ​ប្រកួត​ប្រដាល់​មិត្តភាព​អន្តរជាតិ​កម្ពុជា​-​ថៃ​នៅ​ទូរទស្សន៍​បាយ័ន​បឹង​ស្នោរ​កាលពី​ថ្ងៃអាទិត្យ ទី​១៧ ខែមករា ឆ្នាំ​២០១៦៕

​ប្រភព​៖ sabay
 

ចំនួនអ្នកទស្សនា

    20591787

  • ថ្ងៃនេះ4351
  • ម្សិលមិញ11441
  • សប្តាហ៍នេះ34181
  • ខែនេះ149331
  • ឆ្នាំនេះ149331
  • សរុប20591787