កីឡា ១១ ប្រភេទ​ត្រៀម​សម្រាប់​បុណ្យ​ទន្លេ​ចុង​សប្តាហ៍​នេះ

09-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ បុណ្យ​ទន្លេ​លើក​ទី ២ ដែលជា​ព្រឹត្តិការណ៍​ផ្តោត​ជា​ចម្បង​ទៅលើ​វិស័យ​ទេសចរណ៍ និង​កីឡា ត្រូវបាន​រាជរដ្ឋាភិបាល​ព្រះរាជាណាចក្រ​កម្ពុជា​អនុញ្ញាត​ឲ្យ​ធ្វើឡើង​នៅ ចុង​សប្តាហ៍​នេះ នៅ​ខេត្តកំពង់ចាម ដោយមាន​ចំនួន ៣ ថ្ងៃ​ចាប់ពី​ថ្ងៃទី ១១ ដល់ទី ១៣ ខែមីនា ឆ្នាំ ២០១៦ ខណៈ​កីឡា​ដែលមាន​ប្រិយភាព និង​ប្លែកៗ​ចំនួន ១១ ប្រភេទ នឹងត្រូវ​រៀបចំឡើង​។​

លោក​វ៉ា​ត់ ចំរើន ប្រធាន​អនុគណៈកម្មការ​គ្រប់គ្រង​កម្មវិធី​កីឡា​នៃ​បុណ្យ​ទន្លេ​ឆ្នាំ ២០១៦ បាន​ប្រាប់ថា​៖ «​កម្មវិធី​ប្រកួត​កីឡា​ចំនួន​បី​ថ្ងៃ ត្រូវបាន​បែងចែក​ពេលវេលា និង​ទីតាំង​ច្បាស់លាស់​រួច ហើយ​មាន​កីឡាករ​ចំនួន ១១ ប្រភេទ​»​។​
​កីឡា​រត់ប្រណាំង​លក្ខណៈ​មហាជន​បើកទូលាយ​មិនមែន​អាជីព មាន​អ្នកចូលរួម​ជាង ១៥០០ នាក់ ភាគច្រើន​មកពី​សិស្សសាលា​មកពី​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ​។ ពេលវេលា និង​ទីតាំង​ប្រកួត​ចាប់ផ្តើម និង​ទៅដល់​ទីបញ្ចប់​មុខ​សាលាខេត្ត​កំពង់ចាម​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី ១១ ខែមីនា ឆ្នាំ ២០១៦​។​
​ការប្រកួត​បាល់ទះ​ដែលជា​ព្រឹត្តិការណ៍​ទាក់ទាញ​មួយ មាន​ជម្រើស​ក្រុម​ខ្លាំង​ចំនួន ៥ ក្រុម​មកពី​ទូទាំងប្រទេស​ដែល​រួមមាន​ប៉ូលិស កង​អង្គរក្ស ស្វាយរៀង កំពង់ចាម និង​ព្រះវិហារ ដែល​ចាប់ពី​ថ្ងៃទី ១០ ដល់ទី ១៣ ខែមីនា ឆ្នាំ ២០១៦ នៅ​សាល​សាលាខេត្ត​កំពង់ចាម​។​

​ការប្រកួត​កីឡាហែលទឹក​មហាជន ដែលមាន​អ្នកចូលរួម​ចំនួន ៥០ នាក់ មាន​រយៈពេល​ពីរ​ថ្ងៃ​គឺ​ថ្ងៃទី ១១ និង​ទី ១២ ខែមីនា នៅ​មណ្ឌល​ហែល​ទឹក​តេ​ជោ​សែន​វេលា​ម៉ោង ៨ ព្រឹក ថ្ងៃ​សុក្រ និង​ម៉ោង ៣ រសៀល​ថ្ងៃ​សៅរ៍​។​កីឡាករ​អុកចត្រង្គ​ចំនួន ៣ ថ្ងៃ មាន​បេក្ខជន​ចំនួន ២០ នាក់​មកពី​ខេត្ត​ពីរ​គឺ​កំពង់ចាម និង​ត្បូងឃ្មុំ លេង​រាល់​ព្រឹក​នៅ​ទីលាន​ក្រោយ​មន្ទីរ​វប្បធម៌ ក្បែរ​ផ្សារ​រាត្រី​។​​កីឡា​ចំបាប់​បុរាណ ដែល​បើកទូលាយ​សម្រាប់​មហាជន មិនអាច​កំណត់​ចំនួន​បានទេ ប៉ុន្តែ អ្នក​ចំបាប់​អាជីព​ទៅ​សម្តែង​ជា​ចំបាប់​អាជីព​ចំនួន ៥ នាក់​ដែរ​ចំនួន ២ ថ្ងៃ​នៅ​ថ្ងៃទី ១២ និង​ទី ១៣ ខែមីនា នៅ​ទីលាន​ក្រោយ​មន្ទីរ​វប្បធម៌ ជិត​ផ្សារ​រាត្រី​ដែរ​។​កីឡា​ទូកក្តោង​សម្តែង​នៅ​ទន្លេ​មុខ​រូបសំណាក​កំពង់​រង់ ចាំ ខេត្តកំពង់ចាម ចំនួន ២ ថ្ងៃ ចាប់ពី​ម៉ោង ៤ រសៀល និង ៥ ល្ងាច​នៅ​ទីលាន​ក្រោយ​មន្ទីរ​វប្បធម៌ ជិត​ផ្សារ​រាត្រី ដែលមាន​ទូក ៥ និង​កីឡាករ​ចំនួន ១០ នាក់​។​

​កីឡា​សម្តែង​លើទឹក​មាន​ចំនួន ២ ថ្ងៃ​គឺ​សុក្រ និង​សៅរ៍ វេលា​ម៉ោង ៤ រសៀល នៅ​ទីលាន​ក្រោយ​មន្ទីរ​វប្បធម៌ ជិត​ផ្សារ​រាត្រី មាន​កីឡាករ​ចំនួន ៣ នាក់​។​កីឡា​ទូក​ប្រពៃណី​ខ្នាតតូច​ចំណុះ ១៥ នាក់ មាន​ចំនួន ១៩ ទូក មាន​កីឡាករ​ចំនួន ២៨៥ នាក់ ហើយ​និង​ប្រកួត​រយៈពេល​ទាំង ៣ ថ្ងៃ​។​​កីឡា​ឆត្រយោង​មាន​ចំនួន ១០ នាក់ លេង​រយៈពេល ៣ ថ្ងៃ ដោយ​ចេញពី​កោះ​ប៉ែន និង​ទី​ប្រារព្ធ​ពិធី​។​កីឡា​សី​ស្លាប និង​សីដក់ លេង​រយៈពេល​បី​ថ្ងៃ ចាប់ពី​ពេល​រសៀល​នៅ​ទីលាន​ក្រោយ​មន្ទីរ​វប្បធម៌ ជិត​ផ្សារ​រាត្រី​។ ដោយឡែក កីឡាប្រដាល់​ក្បាច់បុរាណ​ខ្មែរ នឹង​ប្រកួត​នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី ១២ ខែមីនា ឆ្នាំ ២០១៦ នៅ​ទីលាន​ក្រោយ​មន្ទីរ​វប្បធម៌ ជិត​ផ្សារ​រាត្រី​ដែលមាន​គូ​ជាតិ និង​អន្តរជាតិ​សរុប​ចំនួន ៦ គូ​។​

​ចំពោះ​សមាសភាព​កីឡាករ​ប្រដាល់ រឿង សោ​ភ័​ណ្ឌ របស់​កម្ពុជា ត្រូវ​ប៉ះ​ជាមួយ​ជើងឯក​រង​មួយ​ថៃ ម៉ា​ហ្វែ មកពី​ប្រទេស​ថៃ​ក្នុង​ទម្ងន់ ៦៩ គីឡូក្រាម​។​ម្ចាស់​ខ្សែក្រវាត់​ពីរ​ស្ថាប័ន​ទេស សំខាន់ មកពី​កងពល​លេខ ៧០ ប្រកួត​ជាមួយ​ម្ចាស់​ខ្សែក្រវាត់​ពីរ​ស្ថាប័ន​ដូចគ្នា ឈិន ក្វាន់​ង៉ុ​យ មកពី​មកុដ​រាជសីហ៍​នៃ​ក្រ​សូង​មហាផ្ទៃ​ក្នុង​ទម្ងន់ ៦៥ គីឡូក្រាម ដែលជា​គូ​សងសឹក​។​​កីឡាករ​ម៉ន ចាន់​ដា​រ៉ា មកពី​ព្រែក​ឯង​កីឡា ត្រូវ​ប៉ះ​ជាមួយ​ចំណាត់ថ្នាក់​លេខ ៣ ខ្សែក្រវាត់​ស៊ីម៉ងត៍​អូដ្ឋ ឌុ​ម កែវ​ដា ក្នុង​ទម្ងន់ ៦០ គីឡូក្រាម ដែលជា​ជា​គូ​សងសឹក​។ ម្ចាស់​ខ្សែក្រវាត់ K Cement ឆៃ សា​រ៉ា មកពី​ក្រសួងការពារជាតិ ត្រូវ​ប្រកួត​ជាមួយ​ជើងឯក​រង Black Panther គឺ តក់ សោ​ភ័​ណ្ឌ ក្នុង​ទម្ងន់ ៦៥ គីឡូក្រាម​។
​អាន សុផល មកពី​មិត្ត​ប៉ូលិស ប្រកួត​ជាមួយ​អ៊ុង ស៊ីណា មកពី​សុភា​នូ​មានជ័យ ក្នុង​ទម្ងន់ ៥៧ គីឡូក្រាម​។​ខ្លា សរ មកពី​ក្លិប​អេ​ភូ​ថង ប្រកួត​ជាមួយ​កីឡាករ​សំណាង ពិសិដ្ឋ មកពី​ក្លិប​ដួង​សែន​សុខ ក្នុង​ទម្ងន់ ៦០ គីឡូក្រាម​៕

ចំនួនអ្នកទស្សនា

    20631087

  • ថ្ងៃនេះ6961
  • ម្សិលមិញ10851
  • សប្តាហ៍នេះ73481
  • ខែនេះ188631
  • ឆ្នាំនេះ188631
  • សរុប20631087