លោកជំទាវ ហ៊ុន ម៉ា​ណា​ប្រគល់​ផ្ទះមួយ​ល្វែង​​ជូន​កីឡា​ការ​អេ ភូ​ថង

25-May-2016 | ដោយ មែន កំសត់

 
​ភ្នំពេញ៖ អតីត​កីឡា​ល្បីឈ្មោះ​លោក​អេ ភូ​ថង បានបង្ហាញ​អារម្មណ៍​ត្រេកអរ​ចង់​ហោះ បន្ទាប់ពី​លោកជំទាវ ហ៊ុន ម៉ា​ណា អគ្គនាយក​ទូរទស្សន៍​បាយ័ន បានប្រគល់​ផ្ទះមួយ​កន្លែង​អោយ​លោក និង​ក្រុមគ្រួសារ ដើម្បីអោយ​លោក​មានផ្ទះ​រស់នៅ​សមរម្យ​។​

​ការផ្ដល់ជូន​នេះ គឺ​បន្ទាប់ពី មានការ​ដឹងឮ​ជាទូទៅ​ថា​លោក​អេ ភូ​ថង និង​ក្រុមគ្រួសារ​មិន​មានផ្ទះ​ផ្ទាល់ខ្លួន និង​រស់​នៅតែ​បុរី​កីឡា ដែល​មិន​សម​នឹង​កេរ្តិ៍ឈ្មោះ​របស់លោក ក្នុងនាម​ជា​កីឡាករ​ល្បី​ម្នាក់​។ ផ្ទះ​ដែល​បានប្រគល់​ជូន​នេះ គឺ​ស្ថិតនៅ​បុរី​សន្ដិភាព​២ ចុះ​ពី​ផ្លូវជាតិ​លេខ​៣​ហួស​រង្វង់​មូល​ចោមចៅ ដោយ​លោក​ឧកញ៉ា ប៉ែន កាក់ គឺជា​អ្នកតំណាង​លោកជំទាវ​ហ៊ុន ម៉ា​ណា ប្រគល់ជូន​លោក​នឹង​គ្រួសារ​កាលពី​ថ្ងៃទី​២៣​ឧសភា​កន្លងមក​។​

​អ្នកស្រី​សាន់​សុ​ម៉ាលី ភរិយា​របស់លោក​អេ​ភូ​ថង បាន​អះអាងថា កន្លងមក​អ្នកស្រី និង​គ្រួសារ​ធ្លាប់​មានផ្ទះ​រស់នៅ​ផ្ទាល់ខ្លួន​ដែរ ស្ថិតនៅ​បុរី​សន្ដិភាព​២​នេះ ប៉ុន្តែ​ដោយសារ​ស្វាមី​ធ្លាក់ខ្លួន​ឈឺ និង​បណ្ដាលមកពី​អត់លុយ​ចិញ្ចឹម​ក្លិប ក្នុងពេល​មិនទាន់​បិទ​ទើបតែ​ចេះតែមាន​ការខ្វះខាត​ប្រាក់​កាក់ ហើយ​ឈានដល់​ការលក់​ចោល ដើម្បី​យកប្រាក់​ទៅ​ដោះស្រាយ​ជីវភាព និង​ដើម្បី​បាន​សងបំណុល​ដែល​ជាប់​ជំពាក់ជំពិន​។ អ្នកស្រី​ថា គ្រួសារ​របស់​អ្នកស្រី​ធ្លាក់ខ្លួន​ជួល​ផ្ទះ​គេ​នៅ​អស់​រយៈ​យ៉ាងយូរ  មុនពេល​បាន​កន្លែង​រស់នៅ​ដែល​ខាង​សហព័ន្ធ​ប្រគល់​អោយនៅ​ស្ដា​ត​ចាស់​។

អ្នកស្រី​ថា ហេតុផល​ដែលនាំអោយ​អ្នកស្រី​អស់​ផ្ទះ គឺ​ដោយសារតែ​ត្រូវ​ផ្គត់ផ្គង់​កីឡាករ​ក្នុង​ក្លិប ដែល​មួយរយៈ​មុន ស្វាមី និង​អ្នកស្រី​បានសម្រេច​ចិត្ត​បើក​ប្រដាល់​។ អ៊ីចឹង​ហើយ​ទើប​អ្នកស្រី​សប្បាយចិត្ត បន្ទាប់ពី​ទទួល​ផ្ទះមួយ​ល្វែង​ថ្មី នៅលើ​ទីតាំង​ចាស់​ដែល​អ្នកស្រី និង​ស្វាមី​មិន​នឹក​ស្រមៃ​ថា​នឹង​បាន​នោះ​។​

​អ្នកស្រី​ប្រកាសថា នឹង​ប្រឹង​តស៊ូ មិន​លក់​ផ្ទះ​នេះ ដូច​មុន​ទៀត​ទេ បើទោះជា​ត្រូវ​ប្រឈម​នឹង​ភាព​វេទនា​យ៉ាងណាក៏ដោយ​។ ម្យ៉ាង​មកពី​ពេលនេះ អ្នកស្រី​ក៏បាន​បម្រើការ​ជា​អ្នក​អោយ​ពិន្ទុ​ប្រដាល់​នៅ​ប៉ុស្ដិ៍​បាយ័ន ហើយ​លោក​អេ​ភូ​ថង ក៏បាន​ការងារ​នៅ​ប៉ុស្ដិ៍​លេខ​៥ និង​សុទ្ធតែ​បានទទួល​បង្ហាត់​សិស្ស​នៅតាម​ក្លិប​ផ្សេងៗ​ជាប្រចាំ​នោះ​ផង ទើប​អ្នកស្រី​ថា បញ្ហា​ទីទ័ល​នឹង​លែង​កើតមាន​ទៀតហើយ បន្ទាប់ពី​មានផ្ទះ​រស់នៅ ផ្ទាល់ខ្លួន​ជាថ្មី​ឡើយ​វិញ​នេះ​។ អ្នកស្រី​ថា មុននេះ ក៏មាន​សប្បុរសជន​ផ្ដល់​ជា​ម៉ូតូ និង​ទឹកប្រាក់​ជា​ហូរហែរ ជួយ​ដល់​គ្រួសារ​អ្នកស្រី​ផងដែរ ទើប​បញ្ហា​ធ្វើដំណើរ​នឹងមិន​ចោទ​ទៀតឡើយ​៕

ចំនួនអ្នកទស្សនា

    20671457

  • ថ្ងៃនេះ81
  • ម្សិលមិញ3241
  • សប្តាហ៍នេះ3331
  • ខែនេះ229001
  • ឆ្នាំនេះ229001
  • សរុប20671457