ភ្នំពេញ៖ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងស្នាក់នៅ ទីក្រុងបាងកក ប្រទេសថៃ បានបញ្ជាក់ថា អំពើហិង្សាកាលពីថ្ងៃទី២៦ ខែតុលា បានបណ្តាលឲ្យលោក ញ៉យ ចំរើន បាក់ឆ្អឹងកដៃខាងស្ដាំ បាក់ឆ្អឹងរង្វង់ភ្នែកខាងស្ដាំ ខណៈលោក គង់ សភា បាក់ឆ្អឹងខ្ទង់ច្រមុះ និងរហែកក្រដាសត្រចៀក។
លោក កឹម សុខា កាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ បានដឹកនាំមន្ត្រីជាន់ខ្ពស់របស់ខ្លួន ទៅពិនិត្យស្ថានភាពជំងឺ របស់លោក ញ៉យ ចំរើន និង លោក គង់ សភា ដែលកំពុងសម្រាកព្យាបាល នៅទីក្រុងបាងកកប្រទេសថៃ។ លោក កឹម សុខា បានបញ្ជាក់នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥នេះថា លោក ញ៉យ ចំរើន មានសភាពធ្ងន់ធ្ងរ ដោយបាក់ឆ្អឹងកដៃខាងស្ដាំ ហើយបានវះកាត់ម្សិលមិញ និងបាក់ឆ្អឹងរង្វង់ភ្នែកខាងស្ដាំ ដែលត្រូវវះកាត់នៅព្រឹកនេះ។
ចំណែក លោក គង់ សុភា គឺ បាក់ឆ្អឹងខ្ទង់ច្រមុះ និង រហែកក្រដាសត្រចៀក។ លោក កឹម សុខា បន្តថា នៅម៉ោងប្រមាណជា ១១៖៣០នាទីព្រឹកនេះ គ្រូពេទ្យបានវះកាត់ លោក គង់ សភា រួចហើយ។ ចំណែកលោក ញ៉យ ចំរើន ស្ថិតនៅក្នុងបន្ទប់វះកាត់នៅឡើយ។
សូមជំរាបថា លោក គង់ សុភា និង លោក ញ៉យ ចំរើន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវបានក្រុមបាតុករវាយតប់ ឲ្យរងរបួសធ្ងន់ និងសន្លប់ នៅក្រៅវិមានរដ្ឋសភា កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នៅពេលអ្នកទាំងពីរ ជិះរថយន្តបម្រុងនឹងចេញពីរដ្ឋសភា ខណៈដែលបាតុកររាប់ពាន់នាក់ កំពុងធ្វើបាតុកម្ម ដើម្បីទាមទារទម្លាក់លោក កឹម សុខា ចេញពីតំណែងអនុប្រធានទី១ នៃរដ្ឋសភា៕