ហូជីមិញ ៖ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ដាំ វុទ្ធី នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសហប្រតិបត្តិការរក្សាសន្តិសុខព្រំដែន រវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងមហាផ្ទៃ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងហូជីមិញ បានស្នើឲ្យភាគីវៀតណាម ធ្វើការផ្តល់ព័ត៌មាន និងមានការពិគ្រោះពិភាក្សា ព្រមទាំងឯកភាពគ្នាជាមុននូវរាល់គម្រោងការដែលមានបំណងធ្វើសកម្មភាពអភិវឌ្ឍតាមបណ្តោយខ្សែបន្ទាត់ព្រំដែន។
ជាមួយគ្នានេះក៏ស្នើឲ្យបន្តជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី និងសម្ភារ ព្រមទាំងជួយបណ្តុះបណ្តាលបំប៉នមុខជំនាញការពារព្រំដែន ដើម្បីលើកកម្ពស់សមត្ថភាព និងគុណភាពប្រតិបត្តិការរបស់កងកម្លាំងនគរបាលការពារព្រំដែនកម្ពុជា ជាពិសេសសុំឲ្យភាគីវៀតណាមបន្តជួយតភ្ជាប់បណ្តាញខ្សែទូរស័ព្ទតាមប៉ុស្តិ៍ព្រំដែនរបស់កម្ពុជា ដើម្បីឲ្យការទំនាក់ទំនងផ្លាស់ប្តូរព័ត៌មានគ្នាកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។
ឯកឧត្តម នាយឧត្តមសេនីយ៍ ដាំ វុទ្ធី បានមានប្រសាសន៍ថា ក្នុងរយៈពេល១ឆ្នាំកន្លងទៅ សភាពការសន្តិសុខជារួម នៃប្រទេសទាំងពីរ ក៏ដូចជាសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ តាមបណ្តោយព្រំដែនប្រទេសទាំងពីរ ស្ថិតក្នុងបរិយាកាសល្អប្រសើរ ជាពិសេសភាគីទាំងពីរនៅតែបន្តរក្សាបាននូវព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងមានការអភិវឌ្ឍ។ ទោះជាមានលេចឡើងនូវបាតុភាពអសកម្មខ្លះៗនៅចំណុចមួយចំនួនតាមតំបន់ព្រំដែន នៃប្រទេសទាំងពីរក៏ដោយ ក៏ភាគីទាំងពីររួមគ្នាដោះស្រាយដោយសន្តិវិធីក្នុងក្របខណ្ឌទ្វេរភាគីរវាងកងកម្លាំងមានសមត្ថកិច្ចទាំងពីរ និយាយជារួម និងរវាងរដ្ឋាភិបាលទាំងពីរ និយាយដោយឡែកសំដៅរក្សាឲ្យបាននូវព្រំដែនសន្តិភាព រួមគ្នាអភិវឌ្ឍតំបន់ព្រំដែន និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋទាំងសងខាងក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត។
ថ្វីត្បិតតែស្ថានភាពសន្តិសុខជារួមនៅតាមតំបន់ព្រំដែនទាំងសងខាង មានភាពប្រសើរយ៉ាងណាក្តី ក៏ប៉ុន្តែតាមរយៈកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងការពារព្រំដែនប្រទេសទាំងពីរ យើងកត់សម្គាល់ឃើញនៅមានសេសសល់សកម្មភាពបទល្មើសមួយចំនួនទៀតដូចជា សកម្មភាពឆ្លងដែនខុសច្បាប់ អំពើចោរកម្ម ការលួចដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់ច្រកព្រំដែន អំពើរត់ពន្ធប្រេងឥន្ទនៈ បទល្មើសព្រៃឈើ បទល្មើសនេសាទ។ល។ នៅតែបន្តកើតមានឡើងជារឿយៗតាមបណ្តោយព្រំដែនគោក¬ទឹកនៃប្រទេសទាំងពីរ។
ឯកឧត្តម បន្តថា អាស្រ័យដោយមានការដាក់ចេញនូវវិធានការច្បាស់លាស់ពីថ្នាក់ដឹកនាំ និងដោយការយកចិត្តទុកដាក់អនុវត្តប្រកបដោយស្មារតីម្ចាស់ការរបស់អង្គភាព ដែលឈរជើងតាមគោលដៅ នៃខ្សែបន្ទាត់ព្រំដែន ក្នុងការធ្វើផែនការសកម្មភាព និងតាមរយៈការទំនាក់ទំនងផ្លាស់ប្តូរព័ត៌មាន និងសភាពការណ៍យ៉ាងជិតស្និទ្ធ រវាងកងកម្លាំងការពារព្រំដែនប្រទេសទាំងពីរផងនោះ បានធ្វើឲ្យកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាន់តែមានប្រសិទ្ធភាព និងទទួលបានផ្លែផ្កា គួរឲ្យកត់សម្គាល់ ដូចជា បានសហការបង្ក្រាបបទល្មើសព្រហ្មទណ្ឌចំនួន ៩ករណី ចាប់ជនសង្ស័យបានចំនួន ១២នាក់ (ខ្មែរ២នាក់) ក្នុងនោះចាប់ជនសង្ស័យជនជាតិវៀតណាមចំនួន ៩នាក់ វត្ថុតាងម៉ូតូ ១គ្រឿង និងសាកសពជនជាតិវៀតណាម ម្នាក់ប្រគល់ជូនភាគីវៀតណាម។ ភាគីវៀតណាមបានប្រគល់ឲ្យភាគីកម្ពុជា នូវគោចំនួន ៤ក្បាល ដែលគេលួចពីកម្ពុជាយកទៅលក់នៅវៀតណាម។
ជាមួយគ្នានោះដែរ ដោយមានកិច្ចសហការល្អ និងការផ្លាស់ប្តូរព័ត៌មានបានទាន់ពេលវេលាបានធ្វើឲ្យកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានតាមតំបន់ព្រំដែន នៃប្រទេសទាំងពីរបំពេញការងារតាមជំនាញរបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរ ក្នុងនោះភាគីកម្ពុជាបានចាប់បញ្ជូនទៅឲ្យភាគីវៀតណាម នូវពលរដ្ឋវៀតណាមឆ្លងដែនខុសច្បាប់ចំនួន២០៨នាក់ (ស្រី៤១នាក់)។ ភាគីវៀតណាមបានចាប់បញ្ជូនមកឲ្យភាគីកម្ពុជា នូវពលរដ្ឋកម្ពុជាឆ្លងដែនខុសច្បាប់ ចំនួន ៤៣នាក់ (ស្រី២៩នាក់) និងបានរួមគ្នាដោះស្រាយដោយសន្តិវិធីនូវបាតុភាពអសកម្មដែលកើតឡើងតាមព្រំដែន ចំនួន ៤២លើ៤២លើក រួមមាន ការលួចជីកស្រះ ជីកប្រឡាយ លួចសាងសង់ប៉ុស្តិ៍យុទ្ធសាស្ត្រ លួចធ្វើផ្លូវនៅតំបន់ហាមឃាត់ និងកាប់រានព្រៃធ្វើចំការ។ល។ ដោយឡែកព្រំដែនទឹក បានដោះស្រាយលើបាតុភាពចូលនេសាទបំពានព្រំដែនទន្លេរបស់កម្ពុជា ចំនួន ៤លើក ឃាត់ខ្លួនប្រជាពលរដ្ឋវៀតណាម បានចំនួន ១២នាក់ ធ្វើការអប់រំបញ្ជូនឲ្យភាគីវៀតណាម និងកម្លាំងល្បាតព្រំដែនកម្ពុជា បានចាប់ឃាត់ទូកប្រជានេសាទ វៀតណាមចំនួន ១គ្រឿង មនុស្សចំនួន ៥នាក់ ដែលបានឆ្លងដែនចូលមកនេសាទខុសច្បាប់ ក្នុងដែនសមុទ្រកម្ពុជា ប្រគល់ឲ្យរដ្ឋបាលខេត្ត ៕