ភ្នំពេញ៖ នៅព្រឹកមិញនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងភាពរីករាយ និងស្វាគមន៍ចំពោះវត្តមាន របស់បក្សប្រឆាំងនៅក្នុងសភា បន្ទាប់ពីសមាជិកសភា មកពីគណបក្សសង្គ្រោះជាតិ បានចូលប្រជុំសភាពេញអង្គ ជាមួយតំណាងរាស្ត្រ មកពីគណបក្សប្រជាជន ។
នៅរសៀលនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារថានៅលើបណ្តាញសង្គម Facebook ថា «សម្តេចតេជោ ហ៊ុន សែន តែងតែរីករាយស្វាគមន៍ ជានិច្ចចំពោះការចូលរួម របស់គណបក្សជំទាស់ ដែលនាំមកនូវស្ថេរភាពនយោបាយ សន្តិភាព និងការអភិវឌ្ឍដល់ប្រទេសជាតិទាំងមូល»។
តំណាងរាស្ត្រមកពីគណបក្សប្រឆាំង បានសម្រេចចិត្តចូលរួមប្រជុំពេញអង្គលើកដំបូង នៅព្រឹកថ្ងៃទី១៦ ខែធ្នូនេះ ដើម្បីអនុម័តលើច្បាប់ចំនួន៣ បន្ទាប់ពីបានធ្វើពហិកាចូលប្រជុំសភា ចាប់តាំងពីចុងខែតុលាមក បន្ទាប់ពីមានហេតុការណ៍ វាយតំណាងរាស្ត្រ២រូប ការដកតំណែងលោក កឹម សុខា និងការបញ្ចប់ភាពជាសមាជិកសភា របស់លោក សម រង្ស៊ី។
សេចក្តីព្រាងច្បាប់ចំនួន៣ ក៏ត្រូវបានអនុម័តរួមគ្នា ដោយគ្មានភាពប្រទាញប្រទង់ នៅព្រឹកមិញដែរ ក្នុងនោះមាន ១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើពិធីសារសម្រាប់ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ជូលកិច្ចព្រមព្រៀង ស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម ទៅក្នុងឧបសម្ព័ន្ធ១ក នៃកិច្ចព្រមព្រៀងម៉ារ៉ាកេស។ ២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតមជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន និង ៣-សេចក្តីព្រាងច្បាប់ស្តីពី សុខភាពសត្វ និងផលិតកម្មសត្វ ជាដើម៕