ភ្នំពេញ៖ បន្ទាប់ពីលោក ញឹក ប៊ុនឆៃ ប្រកាសបង្កើតគណបក្សថ្មីមិនទាន់បានមួយថ្ងៃផង សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានដាក់លិខិតទៅសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើឲ្យចាត់វិធានការផ្លូវច្បាប់លើលោក ញឹក ប៊ុនឆៃ។
•
ក្នុងលិខិតគណបក្សហ្វ៊ុនស៊ិនប៉ិច សម្ដេចក្រុមព្រះ បានជម្រាបសម្ដេច ស ខេង ថា មានសមាជិកគណបក្សហ្វ៊ុនស៊ិនប៉ិចមួយក្រុម បានរៀបចំបង្កើតគណបក្សនយោបាយថ្មីមួយ ដែលយកលំនាំឈ្មោះហ្វ៊ុនស៊ិនប៉ិច និងស្លាកសញ្ញាគណបក្សហ្វ៊ុនស៊ិនប៉ិច ធ្លាប់បានប្រើពីមុន និងរៀបចំសមាជតាមក្រោយ។ ព្រះអង្គម្ចាស់ រណឫទ្ធិ ក៏បានបញ្ជាក់ថា ទ្រង់មិនអនុញ្ញាតឲ្យបុគ្គលណា ឬក្រុមណា រៀបចំសមាជបង្កើតគណបក្សមួយថ្មី ជំនួសគណបក្សហ្វ៊ុនស៊ិនប៉ិចបច្ចុប្បន្ន ដោយប្រើប្រាស់រូបសញ្ញាគណបក្ស សម្រាប់បម្រើផលប្រយោជន៍គណបក្សខ្លួនឡើយ។
ជុំវិញបញ្ហានេះ សម្ដេចក្រុមព្រះក៏បានស្នើសុំឲ្យសម្ដេច ស ខេង ចាត់វិធានការសមស្រប សម្រាប់ករណីរំលោភច្បាប់ ស្ដីពីគណបក្សនយោបាយ ដែលសំដៅទៅលើក្រុមលោក ញឹក ប៊ុនឆៃ ដែលទើបតែចែកផ្លូវគ្នាទៅបង្កើតគណបក្សថ្មី។
លិខិតចុះថ្ងៃទី០៣ កុម្ភៈ ដែលសម្តេចក្រុមព្រះ បានស្នើសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដូច្នេះថា៖«ចំពោះអ្នកមានឈ្មោះក្នុង រចនាសម្ព័ន្ធផ្សេងៗ របស់គណបក្សហ្វ៊ុនស៊ិនប៉ិច គួរតម្រូវលាឈប់ពីតួនាទីខ្លួនក្នុងគណបក្សជាមុនសិន។ ចំពោះឈ្មោះគណបក្ស ខ្ញុំសុំជំទាស់ជាមុន ដោយអនុវត្តន៍តាមមាត្រា១១ នៃច្បាប់នយោបាយ មិនអនុញ្ញាតឲ្យគណបក្សណា យកឈ្មោះ និងសញ្ញាគណបក្សដែលមានកន្លងមក ដោយចម្លង ឬកែសម្រួលយកទៅប្រើប្រាស់សម្គាល់គណបក្សខ្លួនឡើយ»។
លោក ញឹក ប៊ុនឆៃ បានចាកចេញពីគណបក្សហ្វ៊ុនស៊ិនប៉ិច ទៅបង្កើតគណបក្សថ្មីឈ្មោះគណបក្សខ្មែររួបរួមជាតិ។ លោក ញឹក ប៊ុនឆៃ បានយកLogo ចាស់របស់គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលមានរូបវិមានឯករាជ្យ និងមានរស្មីព័ទ្ធជុំវិញ មកធ្វើជាស្លាកសញ្ញាបក្សរបស់ខ្លួន។
ទាក់ទងនឹង Logo បក្សនេះ លោក ញឹក ប៊ុនឆៃ ពន្យល់ថា មូលហេតុដែលលោកយក Logo គណបក្សហ្វ៊ុនស៊ិនប៉ិចចាស់មកប្រើ ដោយសារលោកចង់រក្សាមរតកដើមហ្វ៊ុនស៊ិនប៉ិច ដែលព្រះបរមរតនកោដ្ឋបានបន្សល់ទុក ក្រោយពីព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានបោះចោលLogo ចាស់នេះ ទៅបង្កើតLogo ថ្មី កាលពីឆ្នាំ២០១៥កន្លងមក៕
ប្រភព៖thmeytmey news