ភ្នំពេញ៖ប្រធានស្ដីទីគណកបក្សសង្គ្រោះជាតិលោក កឹម សុខា ស្នើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេងចាត់វិធានការការពារសន្តិសុខសុវត្ថិភាពជូនតំណាងរាស្ត្រ ថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រឆាំង ដោយលើកឡើងថា មានការគំរាមធ្វើបាតុកម្មនិងអាចមានការបំពានដល់រាងកាយពួកគេ។នេះ បើតាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយ។
នៅក្នុងលិខិត ផ្ញើជូនសម្តេចក្រឡាហោម ស ខេង ចុះថ្ងៃទី១២ ខែកុម្ភៈ លោក កឹម សុខា លើកឡើងថា នាពេលថ្មីៗនេះមានបុគ្គលមួយចំនួនបានផ្សព្វផ្សាយតាមបណ្ដាញសង្គម ហ្វេសប៊ុក និងសារព័ត៌មាន ដោយគំរាមថានឹងរៀបចំបាតុកម្មប្រឆាំងថ្នាក់ដឹកនាំនិងសមាជិកគណបក្ស សង្គ្រោះជាតិ ព្រមទាំងចង់រំលាយគណបក្សនេះទៀតផង។
លោក កឹម សុខា បន្តថា ព័ត៌មានទាំងអស់នេះគឺជាការគំរាមកំហែងដល់សន្តិសុខសុវត្ថិភាពរបស់ ថ្នាក់ដឹកនាំនិងសមាជិកគណបក្សសង្គ្រោះជាតិទាំងមូល។
លោក កឹម សុខា បន្តនៅក្នុងលិខិតនោះថា៖ “បើពុំមានការចាត់វិធានការពីអាជ្ញាធរមានសមត្ថកិច្ចនោះទេ ថ្នាក់ដឹកនាំព្រមទាំងសមាជិក សមាជិការគណបក្សសង្គ្រោះជាតិអាចនឹងប្រឈមចំពោះការរំលោភបំពានដល់ រាងកាយដោយប្រការណាមួយជាមិនខានប្រសិនបើបាតុកម្មកើតឡើងពិតមែន ព្រោះកន្លងមកធ្លាប់មានករណីរំលោភបំពានរួចទៅហើយ”។
ការស្នើ របស់គណបក្សសង្គ្រោះជាតិនេះធ្វើឡើងក្រោយពីមានបុរសពីរនាក់ដែលចេញ មុខតាមហ្វ៊េសប៊ុកអះអាងថាជាអ្នកគាំទ្ររដ្ឋាភិបាលរបស់គណបក្សប្រជាជ នកម្ពុជាបានប្រកាសថាពួកគេនឹងធ្វើបាតុកម្មឲ្យរំលាយគណបក្សគណបក្ស សង្គ្រោះជាតិចោលប្រសិនបើអ្នកគាំទ្រគណបក្សប្រឆាំងហ៊ានធ្វើបាតុកម្ម ប្រឆាំងសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនឹងចេញដំណើរទៅអាមេរិកនៅថ្ងៃស្អែកនេះ។
ថ្លែងប្រាប់ ពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែកុម្ភៈ លោក កឹម សុខា ក៏ទម្លាយប្រាប់សាធារណជនថា លោករងការគំរាមកំហែងរាល់ថ្ងៃ ដែលធ្វើឲ្យលោកឈឺចាប់ ប៉ុន្តែលោកមិនបានតបតរឿងនេះដោយហិង្សា ឬបាតុកម្មដើម្បីវាយបកវិញទេ។
ប្រធានស្ដីទីគណបក្សសង្គ្រោះ ជាតិ លោក កឹម សុខា នេះថា លោករងការគំរាមកំហែងរាល់ថ្ងៃ ប៉ុន្តែលោកមិនប្រាប់ថា អ្នកណាដែលជាអ្នកគំរាមកំហែងលោកនោះទេ។ លោក អះអាងថា លោកនៅតែបន្តអត់ធ្មត់ ដើម្បីដណ្ដើមជ័យជំនះក្នុងការបោះឆ្នោតក្នុងឆ្នាំ២០១៨ ខាងមុខ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់បន្ថែមលើប្រសាសន៍របស់ លោក កឹម សុខា ថា ការគំរាមកំហែងភាគច្រើនកើតចេញពីហ្វេសប៊ុក (Facebook)។ លោកថា ចាប់ពីខែ១០ ឆ្នាំ២០១៥ កន្លងទៅ គណបក្សសង្គ្រោះជាតិ បានជូនដំណឹង និងសុំអន្តរាគមន៍ទៅក្រសួងមហាផ្ទៃ និងអាជ្ញាធរដែនដី ប៉ុន្តែក្រៅពីនេះ គណបក្សមិនទាន់សុំអន្តរាគមន៍បន្ថែមទេ។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ រូបនេះ ស្នើសុំឲ្យសមត្ថកិច្ចពង្រឹងសុវត្ថិភាពជូនលោក កឹម សុខា និងមន្ត្រីគណបក្សសង្គ្រោះជាតិ។
ក្នុងពេលជាមួយគ្នា អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យដឹងថា មកទល់ថ្ងៃទី១២ ខែកុម្ភៈ មិនទាន់មានក្រុមណា ឬគណបក្សណាស្នើសុំមកក្រសួងមហាផ្ទៃ ដើម្បីធ្វើបាតុកម្មនៅភ្នំពេញ នៅឡើយទេ។
លោកបញ្ជាក់ថា ក្រសួងមហាផ្ទៃ មានកងកម្លាំងពិសេសតាមការពារមន្ត្រីបក្សប្រឆាំង ឬលោក កឹម សុខា ប្រសិនបើគណបក្សសង្គ្រោះជាតិ ស្នើសុំជាលាយលក្ខណ៍អក្សរ។ ប៉ុន្តែលោកថា មកដល់ថ្ងៃទី១២ ខែកុម្ភៈ មិនទាន់មានការស្នើសុំពីគណបក្សសង្គ្រោះជាតិទេ៕