ភ្នំពេញៈ៖ គណបក្សខ្មែររួបរួមជាតិ ដែលក្រសួងមហាផ្ទៃ បានចេញលិខិតទទួលស្គាល់ជាផ្លូវការ នឹងរៀបចំធ្វើសមាជជាលើកដំបូងរបស់ខ្លួននៅថ្ងៃទី២៦កុម្ភៈឆ្នាំ ២០១៦ដែលមានមនុស្សចូលរួមប្រមាណជា៣ពាន់នាក់។គណបក្សថ្មីនេះ មានទីតាំងនៅក្នុងសង្កាត់ជ្រោយចង្វារ ក្នុងទីក្រុងភ្នំពេញ។
គណបក្សរាជានិយមថ្មីដែលដឹកនាំដោយលោក ញឹក ប៊ុនឆៃ ត្រូវរដ្ឋាភិបាលអនុញ្ញាតជាផ្លូវការហើយថ្ងៃកាលពីថ្ងៃទី២៤កុម្ភៈ។ គណបក្សរាជានិយមថ្មីនេះ មានលោកញឹក ប៊ុនឆៃ ជាប្រធានបក្ស លោក ទា ចំរ៉ាត់ ជាប្រធានកិត្តិយស និងលោក ខាន់ សាវឿន។
ការបែកមក បង្កើតគណបក្សថ្មីរបស់លោក ញឹក ប៊ុនឆៃនេះ គឺធ្វើឡើងបន្ទាប់ពីមានជម្លោះផ្ទៃក្នុងរវាងក្រុមរបស់លោក និងក្រុមសម្តេចក្រុមព្រះក្រោយការរួមរស់សាជាថ្មីរវាងក្រុម សម្តេចក្រុមព្រះ និងក្រុមលោក ញឹក ប៊ុនឆៃបានជាង១ឆ្នាំពោលគឺក្រោយការបង្រួបបង្រួមកាលពីខែមករា ២០១៥ ។
លោកញឹក ប៊ុនឆៃ បានបញ្ជាក់ថា គណបក្សថ្មីរបស់លោក នឹងនៅតែមានការគាំទ្រជានិច្ចព្រោះថា ទឹកចិត្តក្លាវក្លារបស់សមាជិក និងគោលនយោបាយ ដែលយកបញ្ហាជាតិជាធំមកដាក់ដើម្បីឃោសនា។ គោលនយោបាយទាំងនោះរួមមាន បញ្ហាអំពើពុករលួយ បញ្ហាព្រំដែនដែលនៅសេសសល់ជាដើម។
លោកញឹក ប៊ុនឆៃ បានអះអាងថា គណបក្សថ្មីរបស់លោក មិនមែនជាគណបក្សប្រឆាំងនឹងរដ្ឋាភិបាលនោះទេ៕