លោក សួន សេរី​រដ្ឋា​៖ រឿង​អ្នកនយោបាយ «​ល្មោភ​ស្រី​» មិនមែនជា​រឿង​តូច ហើយ​អ្នកវិភាគ​មិនត្រូវ​ការពារ​ទេ

26-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​និយាយថា រឿង​អ្នកនយោបាយ «​ល្មោភ​ស្រី​» មិនមែនជា​រឿង​តូចតាច​នោះទេ ដោយសារតែ​អ្នក នយោបាយ​នោះ បាន​ប្រើប្រាស់​លុយ​អ្នកគាំទ្រ ឬ​លុយ​ជាតិ ទៅប្រើ​ប្រាស់​ជាមួយ​នារីៗ​ទាំងនោះ ហើយ​លោក​ថា អ្នកវិភាគ​មិនគួរ​ការពារ​ដល់ អ្នកនយោបាយ​បែបនេះ​ទេ​។​

​នៅលើ​បណ្តាញ​សង្គម Facebook នៅ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៦​នេះ លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​ប្រតិកម្ម ទៅនឹង​អ្នកវិភាគ​មួយចំនួន​តូច ដែល​បាន​ខិតខំ​អត្ថាធិប្បាយ​ការពារ​ដល់ មេដឹកនាំ​គណបក្ស​ស​ង្ក្រោះ​ជាតិ លោក កឹម សុខា ដែល​ជួបប្រទះ​នឹង​រឿងអាស្រូវ​ស្នេហា​ជាមួយ​នារី​ក្មេង​មួយចំនួន ហើយ​ត្រូវ​បណ្តាញ Facebook និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​លាតត្រដាង​។ ក្នុងនោះ​ខ្សែអាត់​សំឡេង​ដែល​គេ​ចោទថា​ជា លោក កឹម សុខា បង្ហាញថា បុរស​ម្នាក់​នោះបាន​ផ្តល់​លុយ​ដែល​បានមកពី​អ្នកគាំទ្រ ដល់​នារី​វ័យក្មេង ដើម្បី​ទិញ​សម្ភារៈ​ទំនើប​ផ្សេង និង​ទិញ​ផ្ទះ​ផងដែរ​។​

​លោក សួន សេរី​រដ្ឋា បាន​លើកឡើងថា «​រឿង​អ្នកនយោបាយ​ប្រព្រឹត្តិ​អំពើថោកទាប មាន​ស្រី​ញី យកលុយ​អ្នកគាំទ្រ ឬ​យកលុយ​ជាតិ ទៅ​ដើរ​ចាយវាយ​ជាមួយ​ស្រី​កំណាន់​ក្មេងៗ វា​មិនមែនជា​រឿង​កំប៉ិកកំប៉ុក ឬ​ជា​រឿង​បុគ្គល ដូច​ក្រុមអ្នកវិភាគ​ប​ល់បាយ​មួយចំនួន​លើកឡើង ក្នុងន័យ​ជួយ​ធ្វើជា​កន្ទប​បិទបាំង​រឿងអាស្រូវ​របស់​ពួក​Playboys នេះ​ទេ​»​។​

​លោក សួន សេរី​រដ្ឋា បាន​ចាត់ទុកថា ប្រទេស​កម្ពុជា​ដែល​អតីតកាល​ធ្លាប់​ថ្កុំ​ថ្កើ​ន​រុងរឿង មាន​ទឹកដី​ធំ​ល្វឹងល្វើយ ហើយ​ធ្លាក់ខ្លួន​សល់​ដី​តូច ដូច​សព្វថ្ងៃ ក៏​ដោយសារតែ​ជំពូក​អ្នកនយោបាយ ឬ​អ្នកដឹកនាំ ល្មោភ​ស្រី​នេះដែរ​។​

​ជាមួយគ្នានេះ លោក សួន សេរី​រដ្ឋា ក៏បាន​រិះគន់​អ្នកវិភាគ ឬ​អ្នកនយោបាយ​មួយចំនួន​ថា បាន​យក​រឿង​តូចតាច​ដទៃទៀត មក​ធ្វើជា​ប្រធានបទ ដើម្បី​បិទបាំង​រឿងអាស្រូវ​។ លោក​ថា រឿង Facebook Like ពិត ឬ​ក្លែងក្លាយ មិនមាន​អ្វី​គួរឱ្យ​ចាប់អារម្មណ៍​ទេ ប៉ុន្តែ​អ្នកនយោបាយ​បែរជា បំផុស​រឿង​នោះ​ឡើង ទៅវិញ​។​

​លោក​ថា «​រឿង​កំប៉ិកកំប៉ុក​ដែល​ពួក​អ្នកនយោបាយ មិន​ត្រូវយក​ខួរក្បាល​គិត​នោះ​គឺ​រឿង Like នៅលើ Facebook ដែលជា​រឿង​ឥតប្រយោជន៍​។ ហេតុ​អី​ក៏​នាំគ្នា​ទៅ​ចាប់អារម្មណ៍​រឿង Like តិច​ឬ​ច្រើន ពិត ឬ​ក្លែងក្លាយ ហើយ​យកមក​អួត​គ្នា​មិន​អស់ចិត្ត រហូត​ឈានដល់​ការ​ប្តឹងផ្តល់​គ្នា ទៅវិញ​?»៕

ចំនួនអ្នកទស្សនា

    19531237

  • ថ្ងៃនេះ1081
  • ម្សិលមិញ3121
  • សប្តាហ៍នេះ14071
  • ខែនេះ48851
  • ឆ្នាំនេះ303791
  • សរុប19531237