គណបក្សប្រជាជនកម្ពុជា ពិចារណា​ប្តឹង លោក អ៊ូ វីរៈ

25-April-2016 | ដោយ មែន កំសត់

 
​ភ្នំពេញ​៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់ នៅ​យប់​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៦ នេះ​ថា គណបក្ស​ប្រជាជន​កម្ពុជា (CPP) កំពុង​ពិចារណា​ប្តឹង លោក អ៊ូ វីរៈ នាយក​វេទិកា​អនាគត បន្ទាប់ពី​អ្នកវិភាគ​សង្គម​រូបនេះ  ចោទប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ជា​អ្នករៀបចំ​រឿងអាស្រូវ​ស្នេហ៍ លោក កឹម សុខា និង កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ ស្រីមុំ​។​
​លោក សុខ ឥសាន បាន​បញ្ជាក់ថា លោក អ៊ូ វីរៈ កំពុង​ដើរ​លាប​ពណ៌​ដាក់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​គោលដៅ​ធ្វើឱ្យ​ប្រជាពលរដ្ឋ  ភ័ន្តច្រឡំ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក​ថា ករណីនេះ បានធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល ជា​គណបក្ស​ដឹកនាំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។​

នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៦​នេះ លោក អ៊ូ វីរៈ បានលើកឡើង​តាមរយៈ​វិទ្យុ​អាស៊ីសេរី​ថា រឿងរ៉ាវ​អាស្រូវ​ស្នេហ៍​រវាង​លោក កឹម  សុខា និង កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ ស្រីមុំ នាពេល​កន្លងមក ជាការ​រៀបចំ​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ក្នុង​គោលបំណង​បំបាក់ ប្រជាប្រិយភាព​លោក កឹម សុខា​។​
​វិទ្យុ​អាស៊ីសេរី​បាន​ដកស្រង់​សម្តី លោក អ៊ូ វីរៈ​ថា «​យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់អំណាច​នៅពេលនេះ គឺ​ព្យាយាម​គាបសង្កត់ លោក  កឹម សុខា និង ហិរញ្ញវត្ថុ​របស់លោក​។ ទោះបីជា​យ៉ាងណា តុលាការ​ប្រហែលជា​មិនទាន់​អាច​ចាប់ខ្លួន​ភ្លាមៗ​ទេ ដោយ​រង់ចាំ​ស៊ើប អង្កេត​បន្ថែម​៖ “​គឺជា​ការគាបសង្កត់​ខ្លាំង​មែនទែន ហើយ​អាចមាន​ប្រសិទ្ធភាព និង​អាច​រុញ​ឲ្យ​បក្សប្រឆាំង​ទាល់ច្រក ហើយ​បើ​ទាល់ ច្រក នឹងធ្វើ​ឲ្យ​មាន​អស្ថិរភាព​នយោបាយ​”»​។
​លោក អ៊ូ វីរៈ លើកឡើង​តាមរយៈ​វិទ្យុ​នេះ​ទៀតថា «​ការដែល​គណបក្ស​ប្រជាជន​កម្ពុជា រវល់​គិតគូរ​បំបាក់​គូប្រកួត​ប្រជែង​នយោបាយ តាមរបៀប​នេះ នឹង​កាន់តែ​ធ្វើ​ឲ្យ​បាត់បង់​ប្រជាប្រិយ​ភាពខ្លាំង ហើយ​មន្ត្រី​នៅក្នុង​បក្ស​នេះ​មួយចំនួន ក៏​មិន​ពេញចិត្ត​ចំពោះ​យន្តការ​នេះ ដែរ​»​។​
​ចំពោះ​រឿងនេះ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាងថា CPP នឹង​ប្តឹង​អ្នកវិភាគ​មួយចំនួន​ទៀតផង ដែរ ក្នុងករណី​ដែល​អ្នកវិភាគ​មាន​និន្នាការ​នយោបាយ​ទាំងនោះ ដើរ​និយាយថា លាប​ពណ៌​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់​ប្រជា​ពល  រដ្ឋ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​
​សូមបញ្ជាក់ថា លោក អ៊ូ វីរៈ និង​លោក កឹម សុខា គឺជា​អតីត​កូនចៅ និង​មេ​កើយ​និង​គ្នា នៅពេលដែល​លោក កឹម សុខា ធ្វើជា​ប្រធាន មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​៕

ចំនួនអ្នកទស្សនា

    19581557

  • ថ្ងៃនេះ1881
  • ម្សិលមិញ5241
  • សប្តាហ៍នេះ24731
  • ខែនេះ17851
  • ឆ្នាំនេះ354111
  • សរុប19581557