រតនគិរី ៖ គណបក្សសង្ក្រោះជាតិបើកកិច្ចប្រជុំប្រកាសសុពលភាព និងផ្ទេរមុខតំណែងប្រធានប្រតិបត្តិខេត្ត មានអ្នកជំទាស់ធ្វើអោយផ្ទុះអំពើហិង្សាវាយតប់គ្នាផ្អើលពេញក្នុង កម្មវិធី និងមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញកន្លែង កើតហេតុយ៉ាងខ្លាំង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៤៥នាទីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះលោក ស៊ិន បូណា ស្ថិតក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ។
ក្នុងអង្គពិធីប្រកាសសុពលភាព និងផ្ទេរតំណែងនោះមានការចូលរួមពី ១-លោក យឹម សុវណ្ណ តំណាងរាស្ត្រក្រុងភ្នំពេញ, ២-លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រកំពង់ចាម, ៣.លោកស្រី ថាក់ ថានី សមាជិកព្រឹទ្ធសភា ។
បើតាមលោកស្រី ទួន សុខាន់ ប្រធានបក្សសង្គ្រោះជាតិស្រុកអណ្តូងមាស បានអោយដឹងថា នៅក្នុងកម្មវិធីនោះលោកស្រីមិនបានពេញចិត្តដែលគណៈអធិបតីធ្វើវិធី ដូរតំណែងឈ្មោះ អំ ស៊ុនយីន មុខងារប្រធានប្រតិបត្តិខេត្តចេញ ដោយដាក់ឈ្មោះលោក រ៉ាន់ សាយលឿន ជំនួសវិញ ។ លោកស្រីបានបន្តទៀតថា ដោយពួកគាត់ចំនួន៦នាក់មិនពេញចិត្ត ក្នុងនោះដែរគាត់បានលើកបដាតវ៉ាមានន័យថា សុំផ្លាស់ប្តូរប្រធាន និងអនុប្រធានការងារហើយមិនទទួលស្គាល់ការតែងតាំងគណៈកម្មាធិការ ប្រតិបត្តិខេត្តថ្មីទេ ។
លោកស្រីបានបញ្ជាក់ទៀតថា ក្នុងខណៈគាត់កំពុងតែលើកបដាតវ៉ានោះ ស្រាប់តែប្រពន្ធរបស់លោក ស៊ិន បូណា ជាម្ចាស់ផ្ទះបានលោតមកចាប់បោកគាត់៣-៤ដងផ្ទប់នៅនឹងដី បណ្តាលអោយរបួសក្បាល ដងខ្លួន និងកែងដៃស្តាំ ។ ទង្វើដ៏ថោកទាបនេះគាត់បានមកដាក់ពាក្យបណ្តឹងនៅការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត ពីបទប្រើអំពើហិង្សាដោយចេតនា ។
ទាក់ទិនទៅនឹងរឿងខាងលើនេះ សមត្ថកិច្ចបានអោយដឹងថា នៅពេលនេះពួកគាត់ទទួលពាក្យបណ្តឹងពីជនរងគ្រោះ និងធ្វើការស៊ើបអង្កេតគ្រប់ជ្រុងជ្រោយអស់ហើយ និងកោះហៅប្រពន្ធលោក ស៊ិន បូណា មកសាកសួរ ៕