ភ្នំពេញ ៖ ក្រោយពីមានការចោទប្រកាន់ដដែលជាដដែល ម្ដងហើយម្ដងទៀតពីសំណាក់គណបក្សសង្គ្រោះជាតិថាទង្វើរបស់គណបក្ស កាន់អំណាចនាពេលបច្ចុប្បន្ន គឺដើម្បីបង្ករឿងគាបសង្កត់អ្នកដែលមាននិន្នាប្រឆាំង ព្រោះតែខ្លាចចាញ់ឆ្នោតនៅអាណត្តិក្រោយនោះ ឯកឧត្តមផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រីបានតបទៅវិញថា គណបក្សប្រជាជនកម្ពុជា មិនដែលខ្លាចចាញ់ឆ្នោតនោះទេ តែលោកសម រង្ស៊ីទៅវិញទេ ដែលមិនដែលឈ្នះ ហើយចេះតែចោទប្រកាន់ ទម្លាក់បញ្ហាមកលើគណបក្សកាន់អំណាច។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ប្រាប់នៅរសៀលនេះថា "គណបក្សប្រជាជនមិនដែលខ្លាចចាញ់ទេ បើទោះបីជានៅអាណត្តិនេះឃើញមានការថយចុះនូវចំនួនអសនៈសភា តែពុំមានសំឡេងគាំទ្ររបស់គណបក្សប្រជាជនថយចុះនោះទេ នេះគឹដោយសារតែគណបក្សដែលចូលរួមបោះឆ្នោតមានចំនួនតិច ហេតុនេះ ទើបមានការបែងចែកកៅអីទៅតាមនោះដែរ។
ឯកឧត្តមបានលើកឡើងថា "អត់មានខ្លាចចាញ់ឆ្នោតផង ពីព្រោះកៅអីគណបក្សប្រជាជនកម្ពុជាមានគឺនៅឆ្ងាយទៅទៀតទាំង ប្រជាប្រិយភាព...ហើយដោយសារតែចំនួនគណបក្សតិច ទើបកៅត្រូវផ្លាស់ប្ដូរ មិនមែនដោយសារតែគណបក្ស បាត់បង់ប្រជាប្រិយភាពទេ..."។
លើសពីនេះមន្ដ្រីជាន់ខ្ពស់ រដ្ឋាភិបាលរូបនេះ ក៏បានបន្ដថា ស្ថានភាពប្រទេសកម្ពុជាបច្ចុប្បន្ន គឺមិនពាក់ព័ន្ធ នឹងការបោះឆ្នោតនោះទេតែនេះជាការសម្អាតនូវពិរុទ្ធជន ដែលមិនគោរពច្បាប់។ រដ្ឋាភិបាលមិនអាចបណ្ដោយឲ្យជនដែលរំលោភច្បាប់ត្រួតត្រាលើកម្ពុជា មិនបាននោះទេ។
ឯកឧត្តមផៃ ស៊ីផានបានមានប្រសាសន៍ដូច្នេះថា "...អ្នកទាំងអស់ហ្នឹងគឺសុទ្ធតែជាប់ពិរុទ្ធ...ដោយសារតែមិនអនុវត្ត ច្បាប់...វាអត់មានពាក់ព័ន្ធអីនឹងការបោះឆ្នោតទេ...គឺថាសម្អាត ឲ្យមានសណ្ដាប់ធ្នាប់នយោបាយ...បញ្ចៀសឲ្យអស់អ្នកដែលរំលោភច្បាប់... ដូច្នេះមិនមែនមានន័យថាគណបក្សប្រជាជន ឬរាជរដ្ឋាភិបាលហ្នឹងខ្លាចចាញ់ឆ្នោត... ហើយទុកឲ្យពិរុទ្ធជនហ្នឹងត្រួតត្រាលើប្រទេសកម្ពុជានោះទេ...គឺ សម្អាតទាំងអស់ទាំងមន្ដ្រីគណបក្សប្រជាជន និងមិនមែនគណបក្សប្រជាជនឲ្យតែរំលោភច្បាប់..."។
គួរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍មួយកាលពីយប់ថ្ងៃទី៥ ខែឧសភា ជាមួយវិទ្យុអាស៊ីសេរី លោកសម រង្ស៊ីដែលជាប្រធានគណបក្សប្រឆាំងធំបំផុតនៅកម្ពុជា ហើយកំពុងតែនិរទេសខ្លួននៅបរទេសនោះ បាននិយាយចំៗសំដៅមកលើគណបក្សកាន់អំណាចសព្វថ្ងៃថា កំពុងតែបង្ករឿង ដើម្បីគាបសង្កត់ ដាក់សម្ពាធលើគណបក្សប្រឆាំង កុំឲ្យធ្វើសកម្មភាពបាន ព្រោះតែខ្លាចចាញ់ឆ្នោតនៅអាណត្តិក្រោយ៕