ភ្នំពេញ ៖ លោកអ៊ូ វិរៈ ប្រធានអង្គការវេទិកាអនាគត បានចូលទៅបង្ហាញខ្លួនឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ពាក់ព័ន្ធបណ្តឹងបរិហាកេរ្តិ៍ជាសាធារណៈ ដែលមានលោកសុខ ឥសានសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាដើមបណ្តឹង។
មុនចូលឆ្លើយបំភ្លឺ លោកអ៊ូ វិរៈ បានអះអាងថា លោកមិនមានការព្រួយបារម្ភពីការចាប់ខ្លួននោះទេ ហើយការឃាត់ខ្លួនឬមិនឃាត់ខ្លួនអាស្រ័យលើតុលាការ។បន្ទាប់ ពីឆ្លើយបំភ្លឺជូនព្រះរាជអាជ្ញារួច លោកអ៊ូ វិរៈ ត្រូវបានអនុញ្ញាតឲ្យចេញមុខនៅក្រៅតុលាការវិញ ដោយមិនមានការចាប់ខ្លួននោះទេ។
លោកអ៊ូ វិរៈ បានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅក្រៅរបងតុលាការថាព្រះរាជអាជ្ញាបាន សាកសួរលោកអំពីពាក្យបណ្តឹងដែលបានដាក់ដោយគណបក្សប្រជាជនកម្ពុជា ហើយលោកបានបដិសេធចំពោះខ្លឹមសារដែលគេប្តឹងថា លោកបានបំភ្លៃរឿងរ៉ាវឯកជនរបស់លោកកឹម សុខានិងកញ្ញា ខុម ចាន់ដារ៉ាទី ហើយលោកមិនបាននិយាយពីរឿងស្នេហាឯកជនទេ។
លោកបានស្នើឲ្យព្រះរាជអាជ្ញាកុំចាត់ការពាក្យបណ្តឹងដែលបានប្តឹងលោក និងតម្កល់ករណីនេះ។ ប៉ុន្តែចំពោះការសំណូមពររបស់លោកគឺមិនទាន់មានចម្លើយពី ព្រះរាជអាជ្ញានៅឡើយទេ។ ការបន្តនីតិវិធីយ៉ាងណានោះ គឺមានតែតុលាការទេបានដឹង លោកមិនដឹងទេ។
ទោះជាយ៉ាងណា លោកសង្ឃឹមថា តុលាការនឹងទម្លាក់ចោលការចោទប្រកាន់មកលើរូបលោកគឺដោយសារអត់មាន ភស្តុតាងទាក់ទងរឿងបរិហាកេរ្តិ៍ ហើយអ្វីដែលចោទ គឺជាការយល់ច្រឡំ។ ហើយលោកសោកស្តាយដែលគណបក្សប្រជាជនកម្ពុជា បានប្តឹងរូបលោកហើយគួរបញ្ចប់ករណីនេះ ឲ្យលឿនដើម្បីបែរទិសទៅជជែកគ្នាពីបញ្ហាសង្គមដែលកំពុងតែប្រឈម។ ហើយបើសិនជាអាចមានឱកាសជជែកគ្នាជាមួយគណបក្សប្រជាជនកម្ពុជាដោយ ផ្ទាល់ គឺជារឿងល្អ។
ចំណែកលោកសុខ ឥសាន សមាជិកគណៈកម្មាធិការកណ្តាល និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជា កាលពីរសៀលថ្ងៃទី១២ ខែឧសភា ថា រឿងនេះ រឿងដំណើរការវាទៅហើយ ធ្លាក់ដល់ដៃតុលាការហើយ លោកអត់មានការជួបអីទេហើយអាស្រ័យលើតុលាការកាត់សេចក្តីយ៉ាងម៉េច៕